កីឡាអន្តរជាតិ
អន្តរជាតិ
មិនត្រឹមមិនលក់ក្លិប ម្ចាស់ក្លិប Everton ឈានដល់ការវិនិយោគអភិវឌ្ឍកីឡដ្ឋានថ្មីថែមទៀត
25, Jan 2023 , 2:12 pm        
រូបភាព
ម្ចាស់ក្លិប Everton លោក Farhad Moshiri បាននិយាយថាក្លិបដែលស្ថិតនៅក្នុងក្របខណ្ឌ Premier League រយៈពេលជាង ៦០ឆ្នាំមួយនេះមិនមែនសម្រាប់លក់ឡើយ  និងឈានដល់កិច្ចព្រមព្រៀងវិនិយោគដើម្បីជួយធានាកិច្ចការងារសាងសង់កីឡដ្ឋានថ្មីសម្រាប់ក្រុមថែមទៀត។


តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រក្លិបនៅថ្ងៃទី២៤ ខែមករា លោក Moshiri បានប្រាប់ទៅកាន់ក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្រក្លិប Everton ថាលោកបានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុដើម្បីកសាងកីឡដ្ឋាន Everton ​ថ្មីនាទីក្រុងក្បែមាត់ទឹក ​Bramley-Moore Dock។ វីដេអូដែលបានបង្ហោះនោះត្រូវបានគេមើលឃើញថាបានថតរៀបចំរួចរាល់មុនពេលដែលក្រុមប្រកួតចាញ់ West Ham United កាលពីថ្ងៃទី២០ ខែមករា ហើយក្រុមបានចែកផ្លូវជាមួយលោក Frank Lampard ដែលជាអ្នកចាត់ការ។
 
បើតាមការចុះផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី២៤ ខែមករា បានរាយការណ៍ថាលោក Moshiri បានប្រកាសដាក់ក្លិបដែលមានវត្តមានលេងនៅក្របខណ្ឌកំពូលអង់គ្លេសរយៈពេលជាង ៦០ឆ្នាំមួយនេះលក់ បន្ទាប់ពីក្រុមកំពុងស្ថិតក្នុងតំបន់កាត់ចោលក្រោមការគ្រប់គ្រងរបស់លោក Lampard។ 
 
ដោយឡែកម្ចាស់ក្លិបសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់រូបនេះ ក៏បានចេញមុខសារជាថ្មីអះអាងច្បាស់ៗទាក់ទងនឹងព័ត៌មានលក់ក្លិបនេះតាមរយៈវីដេអូដែលបានបង្ហោះនៅលើគេហទំព័រក្លិបផងដែរ។ លោក Moshiri ថាលោកមិនបានដាក់លក់ក្លិបនោះទេ ប៉ុន្តែសម្លឹងរកការវិយោគសម្រាប់កីឡដ្ឋានថ្មីទៅវិញទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
 
«ក្លិបមួយនេះមិនមែនសម្រាប់លក់នោះឡើយ ប៉ុន្តែខ្ញុំបាននិយាយជាមួយនិងខាងអ្នកវិនិយោគដ៏មានឥទ្ធពល និងកំពុងតែឈានដល់ការព្រមព្រៀងវិនិយោគសម្រាប់កីឡដ្ឋានថ្មីដែលកំពុងសាងសង់។ ខ្ញុំអាចធ្វើវាបានដោយខ្លួនឯង និងហេតុផលដ៏សមរម្យថាខ្ញុំចង់ធ្វើវាដើម្បីអាចនាំអ្នកវិនិយោគកីឡាដ៏មានឥទ្ធពលមកកាន់ Everton យើងឈានជិតដល់កិច្ចព្រមព្រៀងមួយនេះ ហើយវាមិនទាក់ទងដែរថាក្លិបត្រូវលក់នោះទេ។ […]។»។ លោក Moshiri បន្ថែមបែបនេះ។
 
ក្រុម Everton បានលេងនៅក្នុង Premier League រាល់រដូវកាលចាប់តាំងពីឆ្នាំ ១៩៥៤-៥៥ ប៉ុន្តែសម្រាប់រដូវកាល ២០២២-២៣ នេះពួកគេរកបានជ័យជម្នះត្រឹមតែ ៣លើកប៉ុណ្ណោះពីការប្រកួតក្នុងលីគ ២០លើកម ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១៩ ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេស។ 
 
មិនត្រឹមតែប៉ុណ្ណោះម្ចាស់ក្លិបរូបនេះ ក៏បានអះអាងបន្ថែមនៅក្នុងវីដេអូដែលបានបង្ហោះនោះដើម្បីព្យាយាមធានាដល់អ្នកគាំទ្រថាក្រុមនឹងអាចកែប្រែស្ថានការល្អឡើងវិញបាន
Moshiri វ័យ៦៨ឆ្នាំ បន្ថែមថា៖«មហិច្ជតានិងធាតុដើមនៃ Everton គឺជាក្រុមដ៏ខ្លាំងមួយចំណោមក្រុមកំពូលៗទាំងអស់ យើងគឺជាផ្នែកមួយនៃក្រុមខ្លាំង ហើយគោលដៅរបស់យើងគឺមិនត្រូវស្ថិតនៅក្នុងតំបន់កាត់ចោលនោះទេ មហិច្ជតារបស់យើងគឹលេងនៅក្នុងពានរង្វាន់អឺរ៉ុប។ យើងមិនជោគជ័យនៅថ្ងៃនេះ ប៉ុន្តែយើងនឹងនាំក្រុមធ្វើរឿងនេះឱ្យបាន យើងនឹងទៅកាន់ទីនោះទាំងអស់គ្នា៕
 
 
 

Tag:
 Everton
  Farhad Moshiri
© រក្សាសិទ្ធិដោយ thmeythmey.com