ជាតិ
ក្រុង​​បាត់ដំបង នឹង​ប្រែជា​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត
25, Jan 2023 , 2:59 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ លោក សុខ លូ បាន​ឱ្យ​ដឹងថា ក្រុង​​បាត់ដំបង នឹង​ប្រែជា​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត។ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​​បាត់ដំបង កំពុង​ចាប់​ផ្ដើម​រៀបចំ​ក្រុង​ឱ្យ​ក្លាយ​ទីក្រុង​ឆ្លាតវៃ។


ក្រុង​បាត់ដំបង ដែល​ជា​ក្រុងមួយ សម្បូរបែប មានទាំង​ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​កែច្នៃ និង​សំណង់បុរាណ​ជាដើម។​​ បច្ចុប្បន្ន​​រដ្ឋបាលខេត្តបាត់ដំបង កំពុងចាប់ផ្ដើមរៀបចំក្រុងឱ្យក្លាយទីក្រុងឆ្លាតវៃស្រប​តាម​គម្រោង​ដែល​បាន​ដាក់ចេញ​។
  

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
 
ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តបាត់ដំបង​» នៅ​ថ្ងៃទី​២៤ មករា លោក សុខ លូ លើក​ឡើង​បែបនេះ៖ «ក្ដី​ស្រមៃរបស់​រដ្ឋបាល​ខេត្ត​ យើង​ចង់​ធ្វើ​ឱ្យ​ក្រុង​បាត់ដំបង មាន​ផ្លូវដើរ​ ​ផ្លូវ​ជិះកង់​ ដែល​ពលរដ្ឋ​​អាច​ដើរ​ទៅ​កាន់​ផ្សាររាត្រី​ និង​អាច​ដើរ​ហាត់​ប្រាណ​នៅតាម​ដង​ស្ទឹង​សង្កែ។ យើង​នឹង​ខិតខំ​ធ្វើ​ឱ្យ​ក្រុង​បាត់ដំបង​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​អនា​គត​​»។ 
 
ដើម្បី​ប្រែ​ក្លាយ​ជា​ទី​ក្រុង​ឆ្លាត​វៃ​ មាន​កិច្ច​ការ​​ជាច្រើន​ ដែល​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ត្រូវ​ធ្វើ​ គឺ​ពាក់​ព័ន្ធ​នឹង​បរិស្ថាន សណ្ដាប់ធ្នាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ លោក សុខ លូ ទទួល​ស្គាល់​ផល​លំបាក​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ ក្នុ​ងពេល​រៀបចំ​ជាទីក្រុង​ឆ្លាត​វៃ។ លោក រៀប​រាប់​បែបនេះ៖ «ក្នុង​ដំណាក់កាល​កសាង​ ប្រាកដ​ជា​លំបាក​ យើង​សុខ​ចិត្ត​លំបាក​ក្នុង​រយៈ​ពេល​ខ្លី​ យើង​បាន​ផល​ប្រយោជន៍​រយៈពេល​យូរ​អង្វែង»។
 
សូម​បញ្ជាក់ថា​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​ មាន​ផ្ទះ​បុរាណ ជាង​៨០០ខ្នងផ្ទះ​ ដែល​ត្រូវ​បាន​អភិរក្ស ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​ នេះ​បើតាម​លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំ​បង៕​


 រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
 
 
 
 

Tag:
 បាត់ដំបង
  ទេសចរណ៍
  ទីក្រុង​ឆ្លាត​វៃ
© រក្សាសិទ្ធិដោយ thmeythmey.com