អន្តរជាតិ
លោកChris Hipkins ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនូវែលសេឡង់ទី៤១
25, Jan 2023 , 3:35 pm        
រូបភាព
លោក Chris Hipkins នាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្មី។ រូបភាពយកពីគណនី Facebook របស់លោក
លោក Chris Hipkins នាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្មី។ រូបភាពយកពីគណនី Facebook របស់លោក
លោក Chris Hipkins នៅថ្ងៃទី២៥ ខែមករា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនូវែលសេឡង់ទី៤១ ក្រោយពីត្រូវបានតែងតាំង ដោយអគ្គទេសាភិបាល លោកស្រី Cindy Kiro។ ក្នុងនាមជាប្រមុខរដ្ឋាភិបាលនូវែលសេឡង់ថ្មី លោក Hipkins សន្យាដោះស្រាយអតិផរណានៅក្នុងប្រទេស។
 
ក្រោយការប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តីពីសំណាក់លោកស្រី Jacinda Ardern នៅសប្តាហ៍មុន លោក Chris Hipkins បានស្បថចូលកាន់តំណែងកំពូលរបស់រដ្ឋាភិបាលនូវែលសេឡង់នៅសភាក្នុងថ្ងៃទី២៥ ខែមករា។ នៅសប្តាហ៍ក្រោយ លោក Hipkins នឹងរុះរើសគណៈរដ្ឋមន្រ្តី ខណៈលោកស្រី Carmel Sepuloni ត្រូវបានជ្រើសជាឧបនាយករដ្ឋមន្រ្តី។ 
 
បន្ថែមពីតួនាទីជានាយករដ្ឋមន្រ្តីទី៤១ របស់នូវែលសេឡង់ លោក Hipkins ក៏នឹងកាន់តំណែងជារដ្ឋមន្រ្តីចារកិច្ច និងសន្តិសុខជាតិផង។ 
 
«នេះជាអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវដ៏ធំបំផុតរបស់ខ្ញុំនៅក្នុងជីវិត»។ លោក Hipkins បានបញ្ជាក់បែបនេះ នៅក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ដោយបន្តថា លោកត្រៀមខ្លួនចំពោះបញ្ហាប្រឈមនៅពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 
 
ក្នុងនាមជាប្រមុខរដ្ឋាភិបាលនូវែលសេឡង់ថ្មី លោក Hipkins បានសន្យាដោះស្រាយបញ្ហាសេដ្ឋកិច្ច ការចំណាយលើការរស់នៅ និងអតិផរណា ដែលបង្កដោយជំងឺឆ្លងសកល។ ប្រមុខរដ្ឋាភិបាលថ្មីរូបនេះ នឹងកាន់តំណែងបានតិចជាង ៩ខែប៉ុណ្ណោះ មុនពេលការបោះឆ្នោតសកលត្រូវរៀបចំឡើងនៅក្នុងខែតុលាខាងមុខ។ 
 
លោកស្រី Jacinda Ardern នៅថ្ងៃទី២៤ ខែមករា បាននិយាយទាំងអួលដើមកថា ការធ្វើជានាយករដ្ឋមន្រ្តី ជាកិត្តិយសដ៏ខ្លាំងបំផុតសម្រាប់លោកស្រី។ ទន្ទឹមនេះ លោកស្រី Ardern បានបន្តថា រដ្ឋាភិបាលខ្លួនបានសម្រេចជោគជ័យជាច្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ និងការគាំទ្រសុខមាលភាពសង្គម។ 
 
សូមបញ្ជាក់ថា លោក Hipkins កើតនៅក្នុងរដ្ឋធានី វែលីងតោន ក្នុងឆ្នាំ១៩៧៨។ មេដឹកនាំនូវែលសេឡង់ថ្មីរូបនេះ ជាអតីតនិស្សិតនៅសកលវិទ្យាល័យ Victoria ដោយកាលនោះ លោកបានសិក្សាផ្នែកនយោបាយ និងឧក្រិដ្ឋវិទ្យា។ 
 
លោក Hipkins ធ្លាប់ធ្វើជាទីប្រឹក្សាជាខ្ពស់ឱ្យរដ្ឋមន្រ្តីអប់រំ និងនាយករដ្ឋមន្រ្តីនូវែលសេឡង់ មុនពេលលោកក្លាយជាសមាជិកសភានៅក្នុងឆ្នាំ២០០៨។ ក្រោយជំងឺកូវីដ-១៩ ផ្ទុះឡើយ លោក Hipkins ត្រូវបានលោកស្រី Ardern តែងតាំងជារដ្ឋមន្រ្តីដោះស្រាយបញ្ហាជំងឺឆ្លងមួយនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបន្ថែមពីលើតួនាទីជារដ្ឋមន្រ្តីអប់រំ និងសេវាសាធារណៈ៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com