ជាតិ
​​​ន​យោ​បាយ​ជាតិ​
មិនមែនត្រឹមតែអ៊ុយក្រែនទេ កម្ពុជា-ជប៉ុន នឹងបន្តជួយដោះមីននៅប្រទេសដទៃទៀត
25, Jan 2023 , 3:59 pm        
រូបភាព
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ជួបលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ប្រមុខការទូតជប៉ុន លើទឹកដីជប៉ុន។
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ជួបលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ប្រមុខការទូតជប៉ុន លើទឹកដីជប៉ុន។
ដោយ៖ ទេពញាណ 

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជជែកគ្នាលើប្រធានបទជាច្រើន ដោយបូករួមទាំងរឿងប្រទេសទាំង២ និងរឿងអន្តរជាតិ។ រឿងដែលកម្ពុជា និងជប៉ុន ចាប់ដៃគ្នាជួយដោះមីននៅអ៊ុយក្រែន ក៏ស្ថិតក្នុងប្រធានបទរបស់រដ្ឋមន្រ្តីទាំង២ដែរ។ 


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានសរសេរដូច្នេះថា៖«រដ្ឋមន្រ្តីទាំង២ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដែលកំពុងដំណើរការ ស្តីពីការដោះមីនសម្រាប់អ៊ុយក្រែន និងឯកភាពពង្រីកកិច្ចសហការនេះ ដល់ប្រទេសទី៣ផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌»។ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីលោក ប្រាក់ សុខុន បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅជប៉ុន គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា។ 
 
ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុន ដើម្បីកម្ពុជាសម្រេចបានគោលដៅ «អស់គ្រាប់មីននៅត្រឹមឆ្នាំ២០២៥»។ លើសពីនេះ លោក បានអរគុណជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា។ 
 
រីឯរឿងអន្តរជាតិវិញ ប្រមុខការទូតទាំង២ បានជជែកគ្នាពីសង្គ្រាមនៅអ៊ុយក្រែន សភាពការណ៍នៅឧបទ្វីបកូរ៉េ និងសភាពការណ៍នៅមីយ៉ាន់ម៉ា។ ប្រមុខការទូតជប៉ុន បានសរសើរកម្ពុជាម្តងទៀត ក្នុងការប្រឹងប្រែងជួយស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា កាលពីកម្ពុជា នៅកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២។ ចំណែកប្រមុខការទូតកម្ពុជាវិញ បានប្រកាសជាថ្មី នូវការគាំទ្ររបស់កម្ពុជាដល់ជប៉ុនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានតែ៥ប៉ុណ្ណោះ គឺ អាម៉េរិក រុស្ស៊ី ចិន បារាំង និង អង់គ្លេស៕ 
 

Tag:
 កម្ពុជា​-ជប៉ុន
  អ៊ុយក្រែន
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com