អន្តរជាតិ
ក្រោយតួកគីជំទាស់ ស៊ុយអែត និងហ្វាំងឡង់ ចង់ចរចាជាថ្មីជុំវិញការចូលណាតូ
25, Jan 2023 , 8:29 pm        
រូបភាព
លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែត។ រូបភាព AFP
លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែត។ រូបភាព AFP
នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅថ្ងៃទី២៤ ខែមករា បានអះអាងថា ស៊ុយអែតចង់ស្តារកិច្ចចរចាជាមួយតួកគីលើការចូលរបស់ស៊ុយអែត និងហ្វាំងឡង់ទៅក្នុងសម្ព័ន្ធយោធាណាតូ (NATO)។ ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោក Pekka Haavisto ថា ខ្លួនត្រូវការពេលមួយរយៈ ដើម្បីវិលត្រលប់ទៅតុចរចាត្រីភាគីវិញ។
 
ដើម្បីចូលជាសមាជិកណាតូឱ្យបានលឿន ស៊ុយអែត និងហ្វាំងឡង់ តម្រូវឱ្យមានការគាំទ្រ និងការផ្តល់សច្ចាប័នពីប្រទេសទាំងអស់។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដោយសារតួកគី​ តែងបដិសេធក្រោមហេតុផលប្រទេសទាំងនោះគាំទ្រភេវរករ ខណៈនៅសប្តាហ៍មុន វាមានបាតុកម្មនៅស្ថានទូតតួកគី ក្នុងក្រុងស្តុកខុលស៊ុយអែត ដែលបានដុតគម្ពីKoran ថែមទៀត។ បញ្ហានេះ បានធ្វើឱ្យតួកគីផ្ទុះកំហឹងបន្ថែម និងថា កុំរំពឹងពីការគាំទ្ររបស់តួកគីក្នុងការចូលជាសមាជិកអង្គការណាតូ។​
 
ក្រោយប្រតិបត្តិបែបនេះ នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមករា បានថ្លែងថា ស៊ុយអែតចង់ស្តារកិច្ចពិភាក្សាជាមួយតួកគីជុំវិញការចូលជាសមាជិកអង្គការណាតូឡើងវិញ។​
 
«គ្មានសំណួរសន្តិសុខជាតិណាមួយសំខាន់ជាងយើង (ស៊ុយអែត) ជាមួយហ្វាំងឡង់ ក្លាយជាសមាជិកអង្គការណាតូនោះទេ»។ នាយករដ្ឋមន្រ្តីស៊ុយអែត បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាន ដោយបន្តថា លោកសង្ឃឹមកិច្ចពិភាក្សាបែបនោះ នឹងអាចកើតឡើងបានកាន់តែឆាប់។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោក Pekka Haavisto បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការសម្រាកជាច្រើនសប្តាហ៍ គឺពិតជាចាំបាច់នៅក្នុងកិច្ចចរចាស៊ុយអែត ហ្វាំងឡង់ និងតួកគី ជុំវិញការចូលជាសមាជិកអង្គការណាតូ។ បើតាមប្រមុខការទូតហ្វាំងឡង់ វាអាចត្រូវការពេល២ ឬ៣ សប្តាហ៍។​
 
បន្ថែមពីនេះ លោក Haavisto ជឿថា រដ្ឋាភិបាលក្រុងអង់ការ៉ា ទំនងមិនធ្វើសេចក្តីសម្រេចលើការទទួល ឬមិនទទួលស៊ុយអែត និងហ្វាំងឡាំងឡើយ រហូតដល់មានការបោះឆ្នោតប្រធានាធិបតី និងសភានៅតួកគីក្នុងខែឧសភា។ 
 
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Yle រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បានលើកឡើងជាលើកដំបូងក្នុងការចូលជាសមាជិកអង្គការណាតូ មុនស៊ុយអែត។ ប៉ុន្តែ ហ្វាំងឡង់ ត្រូវមើលស្ថានការណ៍ជាមុនសិន ថាតើវាមានរយៈពេលវែងឬយ៉ាងណា ក្នុងការអូសបន្លាយពេលហ្វាំងឡង់ចូលជាសមាជិកសម្ព័ន្ធយោធាមួយនេះ។ 
 
បើតាមលោក Haavisto ការចូលជាសមាជិកអង្គការណាតូក្នុងពេលដំណាលគ្នាជាមួយស៊ុយអែតនៅតែជាជម្រើសដំបូង៕ 
 

Tag:
 ស៊ុយអែត
  ហ្វាំងឡង់
  ណាតូ
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com