ជាតិ
លោកទូត Jacques Pellet៖ ក្រោយឯករាជ្យ បារាំងមិនដែលចោលកម្ពុជាឡើយ
25, Jan 2023 , 4:44 pm        
រូបភាព
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet នាសួនច្បារនៃបរិវេណស្ថានទូត។ រូបថត Nicolo Tissier
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet នាសួនច្បារនៃបរិវេណស្ថានទូត។ រូបថត Nicolo Tissier
ដោយ Nicolò Tissier

ភ្នំពេញ៖ ឆ្នាំនេះជាខួបលើកទី៧០នៃការទទួលបានឯករាជ្យរបស់កម្ពុជាពីបារាំង។ ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet  រៀបរាប់ប្រាប់លោក Nicolo Tissier នៃសារព័ត៌មាន Cambodianess អំពីផ្លែផ្កានៃទំនាក់ទំនងបារាំង-កម្ពុជា រួមទាំងទស្សនវិស័យ និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់ឆ្នាំថ្មី។
 
៧០ឆ្នាំនៃឯករាជ្យភាពរបស់កម្ពុជា
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា គ្មានកាលបរិច្ឆេទផ្លូវការលើការស្ថាបនាទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា ឡើយ។ អធិបតេយ្យភាពត្រូវផ្តល់ឲ្យជាលំដាប់ចាប់ពីឆ្នាំ១៩៤៩ រហូតដល់ឆ្នាំ១៩៥៣។ លោកបានលើកឡើងថា៖ «បើទោះបីគ្មានតំណែងឯកអគ្គរដ្ឋទូតលើកដំបូងផ្លូវការក៏ដោយ ប៉ុន្តែតំណែងទេសាភិបាលជាន់ខ្ពស់ មានជាច្រើនឆ្នាំមកហើយ»។
 
សម្រាប់ហេតុផលនេះហើយ កាលបរិច្ឆេទជាក់លាក់នៃការអបអរទំនាក់ទំនងការទូតប្រទេសទាំងពីរ មិនមានច្បាស់ ដូចជា ជប៉ុន អូស្ត្រាលី និងអាម៉េរិក នោះឡើយ។ ឯកអគ្គរដ្ឋទូតមុនៗ ក៏មិនដែលប្រារព្ធពិធីនៃការបង្កើតទំនាក់ទំនងការទូត ក្រោមហេតុផលដូចគ្នា។
 
ឯករាជ្យភាពរបស់កម្ពុជា មិនមែនជារូបភាពនៃបែកបាក់ជាមួយបារាំងនោះឡើយ ប៉ុន្តែចំណងនៃទំនាក់ទំនងបែរជាមានការកើនឡើងទៅវិញ។

នាអំឡុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ១៩៥៥ ប្រទេសបារាំងបានជួយកសាងកំពង់ផែព្រះសីហនុ ហើយសាស្ត្រាចារ្យបារាំងជាច្រើន បានមកកាន់កម្ពុជា។

ទំនាក់ទំនងដ៏អស្ចារ្យ កម្ពុជា-បារាំង
លោកឯកអគ្គរដ្ឋទូត បាននិយាយថា លោករីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់បារាំងជាមួយកម្ពុជា និងមិត្តភាពរវាងពលរដ្ឋកម្ពុជា ជាមួយនឹងពលរដ្ឋបារាំង។
 
លោកក៏បានកត់សម្គាល់ពីគំនិតផ្តួចផ្តើមកាលពីពេលថ្មីៗកន្លងមកនេះ របស់អាជ្ញាធរកម្ពុជាក្នុងការសាងសង់ស្តូបមិត្តភាពខ្មែរ-បារាំងឡើងវិញ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបំផ្លាញដោយរបបខ្មែរក្រហម។
 
លោកក៏បានលើកឡើងផងដែរអំពីការរំលឹកនៃព្រះរាជដំណើររបស់ព្រះបាទ ស៊ីសុវត្ថិ ទៅកាន់ប្រទេសបារាំង នាឆ្នាំ១៩០៦ តាមរយៈការតាំងពិព័រណ៌នៅ«សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» (ស.ស.រ) ក្នុងរាជធានីភ្នំពេញ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា។
 
ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្តលេចរូបរាងឡើងនារយៈពេលចុងក្រោយនេះ នាអំឡុងនៃដំណើរទស្សនកិច្ចកន្លងមករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ក្រុងប៉ារីស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅវិមានអេលីហ្សេ។
 
កិច្ចសន្ទនា និងអាហារពេលល្ងាច មានរយៈពេលយូរជាងការព្រាងទុក។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា លោកសង្កេតឃើញនូវការយោគយល់គ្នាយ៉ាងកក់ក្តៅរវាងមេដឹកនាំទាំងពីរ។

កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន
ទោះបីជាយ៉ាងណាក៏ដោយ គ្មានឡើយជំនួបទ្វេភាគីជាមួយបារាំង ឬសហភាពអឺរ៉ុប នាជំនួបកំពូលអាស៊ានលើកចុងក្រោយដែលរៀបចំនៅកម្ពុជា។
 
លោកឯកអគ្គរដ្ឋទូត បាននិយាយថា លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប មានវត្តមានក្នុងនាមជាភ្ញៀវម្នាក់ ខណៈជំនួបកំពូលរវាងអាស៊ាន និងអឺរ៉ុប ត្រូវបានរៀបចំនៅក្រុងព្រុចសែល កាលពីថ្ងៃទី១៤ ខែធ្នូ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមកិច្ចប្រជុំនោះដោយផ្ទាល់ ក្រោយដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសបារាំង។
 
ភាពជាដៃគូទៅតាមកម្រិតផ្សេងៗ រវាងអាស៊ាន និងបណ្តាប្រទេសផ្សេងទៀត
 
សន្និសីទជាច្រើននាអំឡុងនៃជំនួបកំពូលចុងក្រោយ គឺភ្ជាប់ជាមួយនឹងដៃគូយុទ្ធសាស្ត្រ និងដៃគូសន្ទនា ដូចជាសហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុន។ បារាំងគឺជាដៃគូអភិវឌ្ឍន៍មួយ។
 
លោកឯកអគ្គរដ្ឋទូតបានថ្លែងថា សហភាពអឺរ៉ុប មានតួនាទីមួយ ដោយសារវាជាការបង្ហាញឱ្យឃើញនូវជម្រើសផ្សេងគ្នារវាងសហរដ្ឋអាម៉េរិក និងចិន។ លោកថា នេះជាជម្រើសដែលបណ្តាសមាជិកអាស៊ាន មិនចង់ធ្វើនោះឡើយ។
 
លោក Pellet ក៏រីករាយផងដែរនូវការបង្កើតយន្តការពិគ្រោះយោបល់ផ្នែកនយោបាយប្រចាំឆ្នាំរវាងបារាំង និងកម្ពុជា ដែលចាប់ផ្តើមនៅឆ្នាំនេះ។ ជារឿងដ៏ភ្ញាក់ផ្អើលបំផុត ព្រោះការពិភាក្សាជាផ្លូវការនេះ មិនធ្លាប់មានពីមុនមកឡើយ។

«ចាប់តាំងពីការមកដល់របស់ខ្ញុំ ខ្ញុំគិតថា វាចំឡែក បើទោះបីជាយើងមានប្រវត្តិសាស្ត្ររួម និងទំនាក់ទំនងយ៉ាងជិតស្និទ្ធិក៏ដោយ»។
 
ឆ្នាំនេះ ក៏ជាការឈានដល់ខួប៧០ឆ្នាំនៃដំណើរការវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជាផងដែរ ហើយនៅខែវិច្ឆិកា គឺជាសន្និសីទអន្តរជាតិលើកទី៤ស្តីពីការអភិរក្សតំបន់អង្គរ ដែលនឹងប្រព្រឹត្តទៅនៅក្រុងប៉ារីស នាទីស្នាក់ការយូណេស្កូ។
 
បារាំងរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា
ទាក់ទងនឹងកិច្ចការសេដ្ឋកិច្ច បើកឆាកដំបូងក្នុងឆ្នាំនេះ គឺបេកសកម្មនៃបណ្តាក្រុមហ៊ុនបារាំងមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៤ និងទី២៥ ខែមករា។
 
បើតាមលោកឯកអគ្គរដ្ឋទូត កត្តានេះបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់បារាំងនៅក្នុងប្រទេសកម្ពុជា ដោយក្រៅពីក្រុមហ៊ុនធំៗ ដូចជា Total និង Vinci សកម្មភាពសេដ្ឋកិច្ចបារាំងក្នុងព្រះរាជាណាចក្រមួយនេះ គឺផ្អែកលើបណ្តាសហគ្រិនតូចៗ។
 
បណ្តាញនេះ បន្តដំណើរការ បើទោះបីជាមានបញ្ហាសេដ្ឋកិច្ចនាអំឡុងវិបត្តិកូវីដ-១៩ក៏ដោយ។ លោកបានគូសបញ្ជាក់ថា៖ «សហគមន៍បារាំងបានផលប៉ះពាល់ ប៉ុន្តែខ្ញុំមើលឃើញពីភាពរឹងមាំ និងភាពស្វាហាប់នៃពលរដ្ឋរបស់យើង»។
 
លោក Pellet បានអះអាងថា បារាំង នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសតាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
 
វត្តមានបារាំង ក៏ភ្ជាប់ផងដែរនូវបណ្តាញអប់រំដ៏រឹងមាំ ក្នុងនោះមានសាលាសិក្សាភាសាបារាំងនៅក្នុងខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ រួមទាំងបណ្តាញថ្នាក់ពីរភាសា ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), ភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសនិយាយភាសាបារាំង (AUF) និងបណ្តាអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។

លោកបានលើកឡើងថា មានប្រព័ន្ធអេកូទាំងមូលមួយដែលភ្ជាប់បណ្តាញហ្វ្រង់កូហ្វូនី ហើយបន្តឆ្ពោះទៅកាន់ការអភិវឌ្ឍ។ បារាំងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ និស្សិតថ្មីៗប្រមាណ២០០នាក់បានចេញទៅសិក្សាជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នចំនួននិស្សិតខ្មែរដែលកំពុងសិក្សានៅបារាំង មានចំនួន៨០០នាក់៕

ប្រែសម្រួលដោយ អ៊ឹង ចំរើន ពីអត្ថបទភាសាអង់គ្លេសនៃ Cambodianess ដែលមានចំណងជើងថា «France Remains Close Despite Cambodian Indepence: Envoy»

© រក្សាសិទ្ធិដោយ thmeythmey.com