អន្តរជាតិ
លោក ពូទីន ស្នើបង្កើនស្តុកឱសថជាចាំបាច់ដើម្បីទប់ស្កាត់ការខ្វះខាត 25, Jan 2023 , 5:59 pm
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែមករា បានជំរុញឱ្យបង្កើនការស្តុកឱសថបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ពិសេសឱសថដែលមានតម្រូវការខ្ពស់។ ការស្នើនេះធ្វើឡើងចំពេលរុស្ស៊ីកំពុងខ្វះខាតឱសថមួយចំនួន ទាំងដែលជាប្រទេសផលិតឱសថដោយខ្លួនឯង។
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែលរំខានដល់ការធ្វើពាណិជ្ជកម្មយ៉ាងខ្លាំង។ បើទោះជាផលិតឱសថមិនត្រូវបានស្ថិតក្រោមការដាក់ទណ្ឌកម្មក៏ដោយ ការនាំចូលឱសថមករុស្ស៊ីនៅតែត្រូវរងការរំខានផ្សេងៗទាក់ទិននឹងការដឹកជញ្ជូន ការធានារ៉ាប់រង និងមានឧបសគ្គនៅកន្លែងគយត្រួតពិនិត្យជាដើម ដែលបណ្តាលមកពីសង្រ្គាម និងវិធានការរឹតបន្តឹងផ្សេងទៀត។
ជាមួយការខ្វះខាតឱសថសំខាន់ៗមួយចំនួនទាំងដែលខ្លួនជាប្រទេសផលិតឱសថដ៏ល្បីល្បាញមួយដែរ លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែមករា បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីបង្កើនស្តុកឱសថឱ្យបានសមស្របនឹងតម្រូវការប្រជាជនទាំងការផលិតក្នុងស្រុក និងការនាំចូល។
«ឱសថមួយចំនួនមានមិនគ្រប់តាមតម្រូវការ ទោះបីជាយើងឃើញការផលិតឱសថរយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២២ កើនឡើងប្រហែល២២ភាគរយក៏ដោយ»។ លោក ពូទីន អះអាងបែបនេះមុនសង្កត់ធ្ងន់លើការជំរុញការផ្គត់ផ្គង់ប្រភេទឱសថពេញនិយមបំផុតក្នុងរយៈពេលជាក់លាក់មួយ ពិសេសក្នុងរដូវកាលជំងឺផ្ដាសាយ។
លើសពីនេះ មេដឹកនាំរុស្ស៊ីបានបន្ថែមថា រុស្ស៊ីមិនរឹតត្បិតការនាំចូលឱសថទេ ហើយបន្តធ្វើការជាមួយរោងចក្រផលិតឱសថបរទេសទាំងអស់ដើម្បីពង្រឹងស្តុកឱសថ។ លោក ពូទីន ចង់ឱ្យរុស្ស៊ីមានឱសថពេញស្តុកសម្រាប់រដូវរាលដាលជំងឺផ្ដាសាយ ដូចដែលការបំពេញស្តុកឧស្ម័នដែលត្រៀមសម្រាប់រដូវរងាដែរ។ ម៉្យាងវិញទៀត ឱនភាពផលិតផលឱសថនឹងធ្វើឱ្យតម្លៃកើនឡើងតាមនោះដែរ។
ការខ្វះខាតឱសថបានចាប់ផ្ដើមកើតឡើងម្ដងបន្តិចៗ ក្រោយពេលរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ប្រជាជនរុស្សីបានប្រញាប់ប្រញាល់ប្រមូលទិញឱសថមកស្តុកទុក ដោយបរិមាណឱសថដែលធ្លាប់លក់អស់ក្នុងមួយខែ បានអស់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។
គួរបញ្ជាក់ថា រុស្សីនាំចូលឱសថ និងឧបករណ៍វេជ្ជសាស្រ្តរបស់ខ្លួនមួយចំនួនធំ ដូចជាឧបករណ៍គ្រប់គ្រងចង្វាក់បេះដូង និងឧបករណ៍ព្យាបាលដោយវិទ្យុសកម្មពីបណ្ដាប្រទេសអឺរ៉ុប និងអាម៉េរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com