អន្តរជាតិ
អាម៉េរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះធុនធ្ងន់ទៅអ៊ុយក្រែន ទោះរុស្ស៊ីព្រមានពីផលវិបាក 26, Jan 2023 , 9:59 am
រថក្រោះចម្បាំងរបស់អាល្លឺម៉ង់ Leopard 2 ។ រូបថត AFP
× អាល្លឺម៉ង់ នៅថ្ងៃទី២៥ ខែមករា ប្រកាសផ្ដល់រថក្រោះធុនធ្ងន់ប្រភេទ Leopard ២ ទៅអ៊ុយក្រែន ដែលចាំបាច់ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ទោះបីជាទីក្រុងមូស្កូចាត់ទុកជាការបង្កហេតុ។ អាល្លឺម៉ង់ ក៏បើកផ្លូវឱ្យប្រទេសលោកខាងលិចផ្សេងៗទៀត បញ្ជូនរថក្រោះ និងអាវុធុនធ្ងន់ទៅអ៊ុយក្រែនដែរ។ អាម៉េរិក ក៏ប្រកាសផ្ដល់រថក្រោះទំនើបរបស់ខ្លួនឱ្យអ៊ុយក្រែនដែរ។
ជាការផ្លាស់ប្ដូរដ៏ធំ ពីការគាំទ្រដើម្បីការពារខ្លួនទៅជាការប្រយុទ្ធ អាម៉េរិក និងអាល្លឺម៉ង់ ប្រកាសផ្ដល់រថក្រោះទំនើបៗរបស់ខ្លួនទៅឱ្យអ៊ុយក្រែន ដែលប្រឈមមុខការឈ្លានពានរបស់រុស្ស៊ី។ នៅថ្ងៃទី២៥ ខែមករា អាល្លឺម៉ង់សម្រេចបញ្ជូនរថក្រោះធុនធ្ងន់ Leopard ២ ចំនួន១៤គ្រឿងទៅអ៊ុយក្រែន ហើយក៏បើកផ្លូវឱ្យប្រទេសសមាជិកសម្ព័ន្ធយោធាណាតូផ្សេងៗទៀត ដូចជាប៉ូឡូញ អេស្ប៉ាញ និងន័រវែស បញ្ជូនរថក្រោះប្រភេទដដែលនេះទៅអ៊ុយក្រែនដែរ។
«ការសម្រេចចិត្តនេះ ធ្វើតាមទម្លាប់ក្នុងការគាំទ្រអ៊ុយក្រែន ឲ្យអស់ពីសមត្ថភាព។ យើងកំពុងធ្វើសកម្មភាពក្នុងលក្ខណៈសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអន្តរជាតិផងដែរ»។ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល លើកឡើងបែបនេះ ក្នុងសេចក្ដីថ្លែងការណ៍មួយរួចបន្តថា ការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន នៅអាល្លឺម៉ង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយអាល្លឺម៉ង់ ក៏នឹងផ្តល់ការដឹកជញ្ជូន និងគ្រាប់រំសេវផងដែរ។
ជាមួយគ្នានោះ អាល្លឺម៉ង់នឹងចេញលិខិតអនុញ្ញាតផ្ទេរ ដល់ប្រទេសដៃគូដែលចង់ចែកចាយរថក្រោះ Leopard ២ ពីស្តុករបស់ពួកគេទៅកាន់អ៊ុយក្រែនក្នុងរយៈពេលខ្លី។
ប៉ុន្មានម៉ោងបន្ទាប់ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏ប្រកាសផ្ដល់រថក្រោះ M1 Abram ចំនួន៣១គ្រឿង ឱ្យទីក្រុងកៀវដូចគ្នា។ ពីសេតវិមាន លោក បៃឌិន បញ្ជាក់ថា រថក្រោះនេះ ជាអាវុធចាំបាច់ ដើម្បីជួយអ៊ុយក្រែនក្នុងសមរភូមិដីរាប ហើយលោកក៏អរគុណអាល្លឺម៉ង់ ចំពោះការផ្ដល់រថក្រោះឱ្យអ៊ុយក្រែនផងដែរ។
ជាមួយនឹងការគាំទ្រថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏អរគុណអាម៉េរិក និងអាល្លឺម៉ង់។ នៅលើបណ្ដាញ Twitter លោក សរសេរថា ពិភពលោកសេរីរួបរួមគ្នាដែលមិនធ្លាប់ពីមុនដើម្បីគោលដៅរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com