ជាតិ
អត្ថបទពាណិជ្ជកម្ម
វឌ្ឍនភាពថ្មីនៃសហគមន៍៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី
26, Jan 2023 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងស្រុកដាច់ស្រយាលមួយចំនួននៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ដែលប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ស្វាយចន្ទី សណែ្ដកសៀង សណ្ដែកខៀវ ដំណាំស្រូវ និងដំឡូងឈើជាដើម។ ការដាំដំណាំនេះ គឺជាប្រភពចំណូលបន្ថែមលើចំណូល ដែលបានមកពីការអាស្រ័យអនុផលព្រៃឈើ កសិកម្មពនេចរ និងការចិញ្ចឹមសត្វ  ដែលជាមុខរបរប្រពៃណីរបស់ពួកគាត់។
 
ជាធម្មតា ប្រភពចំណូលពីមុខរបរទាំងនេះ អាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារពួកគាត់បានគ្រប់គ្រាន់ ប៉ុន្ដែមកទល់បច្ចុប្បន្ន គ្រប់យ៉ាងបានផ្លាស់ប្ដូរ នៅពេលដែលក្រុមគ្រួសារភាគច្រើនប្រាថ្នាចង់បានការរស់នៅបែបសម្ភារនិយម ដូចអ្នករស់នៅទីប្រជុំជនដែរ។ 
 
ពួកគាត់ចាប់ផ្ដើមចំណាយប្រាក់កាសលើសម្ភារៈមួយចំនួនដូចជា ម៉ូតូ ឡាន និងសម្លៀកបំពាក់ម៉ូដថ្មីៗ  ហើយតែងមានការជួបជុំជប់លៀងជាញឹកញាប់។ នៅពេលពួកគាត់ខ្វះខាតលុយកាក់ ដើម្បីផ្គត់ផ្គង់ការរស់នៅបែបថ្មីនេះ ពួកគាត់បានចាប់ផ្ដើមខ្ចីបុលពីអ្នកចងការប្រាក់ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រុកភូមិ។ ខណៈដែលពួកគាត់អាចរកខ្ចីប្រាក់គេបានហើយ  បញ្ហាពាក់ព័ន្ធនឹងកម្ចីក៏កើតមានឡើងផងដែរ ដូចជាកម្ចីមានអត្រាការប្រាក់ខ្ពស់ និងបំណុលកើនឡើង។
 


សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទាំងនេះមានលក្ខណៈបែបគ្រួសារសាមញ្ញ ដែលមិនសូវចាយវាយប្រាក់កាសច្រើនប៉ុន្មានទេ ដូច្នេះពួកគាត់មានបទពិសោធ និងការយល់ដឹងតិចតួច អំពីការគ្រប់គ្រងហិរញ្ញវត្ថុ។ ជាលទ្ធផល ពួកគាត់មានបំណុលវ័ណ្ឌ ក ដែលមិនអាចរ៉ាប់រងទូទាត់ការប្រាក់ប្រចាំខែបាន។ បងប្អូនប្រជាពលរដ្ឋខ្លះ ខ្វះទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទាំងជំនាញក្នុងការរៀបចំផែនការរយៈពេលវែង និងទាំងជំនាញរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ ដែលនាំឲ្យពួកគាត់ជំពាក់បំណុលច្រើន ហើយត្រូវបង្ខំចិត្តលក់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់សងបំណុលទាំងនោះ។
 
ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ ធនាគារ ABA និងក្រុមហ៊ុនរបស់កាណាដា Angkor Resources Corp. ដែលជាដៃគូអនុវត្តកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ ABA បានរៀបចំ និងបង្កើត “កម្មវិធីពង្រឹងសមត្ថភាពប្រជាសហគមន៍នៅតំបន់ដាច់ស្រយាល តាមរយៈថ្នាក់ចំណេះដឹងហិរញ្ញវត្ថុ” ក្នុងគោលបំណងអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនោះ  ហើយអាចឲ្យពួកគាត់ពង្រឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រួសារ ប្រកបដោយភាពឈ្លាសវៃ និងក្នុងឥរិយាបថល្អប្រសើរ។ 
 
តាមរយៈកម្មវិធីនេះ ABA បានបង្ហាញអំពីបេសកកម្ម និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងដំណើរការធុរកិច្ច ដែលយកចិត្តទុកដាក់លើអនាគតរបស់ប្រជាពលរដ្ឋកម្ពុជា និងសង្គមជាតិ។  ABA មានប្រវត្តិដ៏ល្អ ក្នុងការអនុវត្តវិធីសាស្ដ្រផ្ដល់ជូនតែកម្ចីណាដែលមានផលិតភាពល្អ ហើយគាំទ្រដល់វិស័យសេដ្ឋកិច្ចពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកម្ចី។ ការជំពាក់បំណុលវ័ណ្ឌ ក គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលត្រូវការដំណោះស្រាយ ស្របទៅនឹងគុណតម្លៃរបស់ ABA ហើយក៏ជាមូលហេតុដែលធ្វើឲ្យធនាគារចូលរួមបង្កើតកម្មវិធីបណ្តុះបណ្តាលនេះផងដែរ។
 
កម្មវិធី ចំណេះដឹងហិរញ្ញវត្ថុ បានចាប់ផ្ដើមដោយការបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ចំនួន 14 រូប ក្រោមការគាំទ្រពីក្រុមការងារឥណទានរបស់ ABA។ ការបណ្ដុះបណ្ដាលដំណាក់កាលទីមួយ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ 2022 ដោយមាន 9 វគ្គ ចូលរួមដោយក្រុមជនជាតិភាគតិចចំនួន 4 ក្រុម (គ្រឹង, ព្រៅ, ទំពួន និងចារ៉ាយ)។ វគ្គបណ្ដុះបណ្ដាលនេះ បានធានាឲ្យមានការចូលរួម និងការយល់ដឹងជាអតិបរមា ពិសេសពីស្ដ្រី និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលពុំសូវមានឱកាសទទួលបានការរៀនសូត្រ។ អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះសរុបមានចំនួន 204 រូប ដែលក្នុងនោះជាង 50% គឺជាស្ដ្រី។
 
ការបណ្ដុះបណ្ដាលកន្លងទៅ បានផ្ដល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋដែលបានចូលរួម។ ជំនួសឲ្យការពឹងផ្អែកទាំងស្រុងលើកម្ចីដើម្បីបានប្រាក់យ៉ាងឆាប់រហ័សនោះ  ពួកគាត់បានរកឃើញមធ្យោបាយសម្រាប់បង្កើនចំណូលជាច្រើនផ្សេងទៀត និងចេះអំពីរបៀបគ្រប់គ្រងការចំណាយប្រចាំថ្ងៃរបស់គាត់។  ឥឡូវនេះ អ្នកភូមិចាប់ផ្តើមស្វះស្វែងរកវិធីសាស្ដ្រដើម្បីបង្កើនចំនូល ជាជាងអង្គុយរង់ចាំប្រមូលផលតែពីដំឡូងឈើ និងស្វាយចន្ទីតែមួយមុខ។ គ្រួសារខ្លះបានផ្លាស់ទីលំនៅបណ្ដោះអាសន្ន ដើម្បីធ្វើស្រែប្រវាស់ និងស្វែងរកឱកាសការងារបន្ថែម។ ហើយអ្នកភូមិខ្លះទៀត ចាប់ផ្តើមបង្កបង្កើនផលបន្ថែម ដូចជាដំណាំកាកាវ និងទុរេនជាដើម។ 
 
ការតាំងចិត្តរបស់អ្នកភូមិដែលបានចូលរួមកម្មវិធីនេះពិតជាមានខ្ពស់ ហើយដើម្បីឲ្យឆន្ទៈនេះនៅតែបន្ដ ធនាគារ ABA និងក្រុមហ៊ុន Angkor Resources Corp. គ្រោងរៀបចំបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលបន្ទាប់ ក្រោយខែប្រមូលផលដំណាំរួចរាល់។
 
លោក Gordon Paterson ប្រធានអភិវឌ្ឍន៍គម្រោងឯករាជ្យក្នុងខេត្តរតនគិរីមានប្រសាសន៍ថា៖ “ពីដំបូង ប្រជាពលរដ្ឋជាច្រើនមិនបានដឹងអំពីសារៈសំខាន់ នៃវគ្គបណ្ដុះបណ្ដាលនេះទេ។ ប៉ុន្ដែក្រោយមក ពួកគាត់បានប្រាប់គ្រូបណ្តុះបណ្តាលថា អ្នកភូមិទាំងឡាយបានយល់ជ្រួតជ្រាប ពីខ្លឹមសារមេរៀន ហើយពួកគាត់ពិតជាសប្បាយចិត្តណាស់”។



 លោកពន្យល់បន្ថែមថា៖ “ឥឡូវនេះ ពួកគាត់ស្គាល់ច្បាស់អំពីអនាគតសហគមន៍របស់ពួកគាត់ ហើយបានលើកទឹកចិត្តដល់គ្រូបង្គោល ឲ្យបន្ដវគ្គបណ្ដុះបណ្ដាល និងចែករំលែកមេរៀន ក៏ដូចជាសារគន្លឹះសំខាន់ៗ ទៅកាន់សហគមន៍ផ្សេងទៀត ដើម្បីឲ្យពួកគាត់កាន់តែមានភាពជឿជាក់ និងទំនុកចិត្ត ក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់កាន់តែប្រសើរឡើង”។
 
លោក ថែ បូ មានវ័យ 43 ឆ្នាំ បានមានប្រសាសន៍បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះថា៖ “ខ្ញុំសូមអរគុណដល់គ្រូបង្គោលរបស់ធនាគារ ABA ដែល [បានជួយបង្រៀនពួកយើងឲ្យយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រង និងចាត់ចែងលុយកាក់ ថែមទាំង] ផ្ដល់ឯកសារ និងមេរៀនទាំងនេះដល់ពួកយើងខ្ញុំ។ មុនវគ្គបណ្ដុះបណ្ដាល អ្នកភូមិក៏ដូចជាខ្ញុំផ្ទាល់ មិនបានយល់ដឹងច្រើនអំពីការគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃឡើយ។ ឥឡូវនេះ ពួកយើងបានដឹងអំពីបញ្ហានេះ ហើយប្ដេជ្ញាស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់រៀបចំផែនការអនាគតក្រុមគ្រួសាររបស់យើង។ ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ABA ដែលបានមកទីនេះ ដើម្បីពួកយើង”។
 
ដោយមើលឃើញពីលទ្ធផលដ៏ល្អប្រសើរនៃវគ្គបណ្តុះបណ្តាលដំណាក់កាលដំបូងនេះ ទាំងធនាគារ ABA និងក្រុមហ៊ុន Angkor Resources Corp. នឹងពង្រីកកម្មវិធីនេះទៅកាន់ភូមិស្រុកជាច្រើនទៀត ហើយបន្ដបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់អ្នកភូមិដាច់ស្រយាល។ សូចនាករមួយ ដែលធ្វើឲ្យកម្មវិធីអាចរីកសុះសាយបានឆាប់រហ័សនោះគឺ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលជុំទីមួយរួចមក  គ្រូបង្គោលកំពុងផ្សព្វផ្សាយកម្មវិធីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន ហើយបានចាប់ផ្ដើមបង្រៀនវគ្គថ្មីនៅភូមិក្បែរៗនោះ ដោយខ្លួនពួកគាត់ផ្ទាល់។ 
 
ស្របជាមួយនឹងការអនុវត្តកម្មវិធីនេះ ABA បាននឹងកំពុងបន្ដគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗទៀតលើផ្នែកចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងឆ្នាំ 2022 ធនាគារបានគាំទ្រធនាគារជាតិនៃកម្ពុជា ដើម្បីអនុវត្តគម្រោងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ ដោយបោះពុម្ពសៀវភៅហិរញ្ញវត្ថុបែបត្លុកចំនួន 5000 ក្បាល ចែកជូនសិស្សកម្រិតបឋមសិក្សា។ ABA បានឧបត្ថម្ភ សហគ្រិនខ្មែរ ក្នុងកម្មវិធី ត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ និងកម្មវិធី ការប្រកួតប្រជែងសហគ្រិនស្ត្រី ដើម្បីគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រិនស្ដ្រីក្នុងការអភិវឌ្ឍគំនិតអាជីវកម្មរបស់ពួកគេ។ ABA ក៏បានឧបត្ថម្ភកម្មវិធីពាក់ព័ន្ធនឹងហិរញ្ញវត្ថុថ្នាក់តំបន់ដូចជា ទិវាសន្សំអាស៊ាន 2022 និងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និង 41 ផងដែរ៕
 


(អត្ថបទពាណិជ្ជកម្ម) 

Tag:
 ABA Bank
© រក្សាសិទ្ធិដោយ thmeythmey.com