កីឡាអន្តរជាតិ
អន្តរជាតិ
ប៊ួខាវ ថាខ្លួនមានដើមកំណើតកួយ មិនមែនខ្មែរ និងស្នើប្រជាជនថៃជួយរក្សាគុន Muay Thai
26, Jan 2023 , 11:29 am        
រូបភាព
កីឡាករប្រដាល់ ប៊ួខាវ បេនឆាមេក ក្នុងពេលកំពុងសមសម្តែងគុនMauythai នាពេលកន្លងទៅ។ រូបពី BKG
កីឡាករប្រដាល់ ប៊ួខាវ បេនឆាមេក ក្នុងពេលកំពុងសមសម្តែងគុនMauythai នាពេលកន្លងទៅ។ រូបពី BKG
ដោយ:
ស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេក រស់នៅខេត្តសុរិន្ទ ប្រទេសថៃ នៅថ្ងៃទី២៤ ខែមករា បានបង្ហោះសារនៅលើបណ្តាញសង្គមថាខ្លួនមានដើមកំណើតជាជនជាតិភាគតិចគួយ មិនមែនខ្មែរដូចការអះអាងរបស់ប្រពរដ្ឋខ្មែរមួយចំនួនឡើយ។ មួយថ្ងៃបន្ទាប់រូបគេ បង្ហោះសារស្នើឱ្យប្រជាជនថៃ រួមគ្នាអភិរក្សគុន«Muay Thai»។ ការបង្ហោះរបស់ ប៊ួខាវបែបនេះ ក្រោយកម្ពុជា និងថៃ ប្រទាំងប្រទើសគ្នាជុំវិញការប្រើពាក្យ «គុនខ្មែរ» និង «Muay Thai» នៅស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
 
មិនត្រឹមប្រកាសថាខ្លួនជាជនជាតិថៃ ដើមកំណើតគួយ ប៊ួខាវ ថែមទាំងបញ្ជាក់រនៅលើបណ្តាសង្គមហ្វេសប៊ុករបស់ខ្លួនថា គុន Muay Thaiជារបស់បុព្វបុរសថៃអ្នកបង្កើត មិនមែនចម្លងតាមប្រទេសណាឡើយ។
 
«មោទកភាពជាតិថៃ។ យើងមានគុន«Muay Thai» តាំងពីយូរលង់ណាស់មកហើយ»។ ប៊ួខាវ បានសរសេរដូច្នេះលើបណ្តាញសង្គមហ្វេសប៊ុក មុនបន្ថែមថា ការប្រកាសគុន Muay Thai គឺដើម្បីស្ដារឯករាជ្យ ការពារជាតិ និងរាជាធិបតេយ្យ របស់ថៃតាំងពីបុរាណកាលមក។ ស្តេចប្រដាល់ប្រចាំប្រទេសថៃ រូបនេះក៏សុំឱ្យពលរដ្ឋថៃទាំងអស់នាំគ្នាអភិរក្សគុន «Muay Thai» ផងដែរ។
 
ប៊ួខាវ បន្តថា៖«កុំភ្លេចណាថាយើងមាន«Muay Thai»ជាកីឡាជាតិរបស់យើង ដែលមានការទទួលស្គាល់ពេញពិភពលោក។ ចូរយើងរួមគ្នារក្សាគុន Muay Thai ជួយគ្នាគិតរកវិធីសាស្រ្តអភិរក្សទាំងអស់គ្នា»។
 
ការសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ស្តេចប្រដាល់ថៃ ប៊ួខាវបេនឆាមេក ទាំងពីរលើកដែលសុទ្ធទាក់ទងនិងគុន «Muay Thai» បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ (CAMSOC ) បានសម្រេចដាក់ពាក្យ«គុនខ្មែរ» ជំនួសពាក្យ«Mauy» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
 
 

Tag:
 កីឡាប្រដាល់
 ប៊ួខាវ បេនឆាមេក
© រក្សាសិទ្ធិដោយ thmeythmey.com