ជាតិ
សង្គមជាតិ
ប៉ូលិសចរាចរណ៍ដែលជិះម៉ូតូដេញតាមនារីជិះឡានមិនពាក់ខ្សែក្រវាត់នៅម៉ោង៣ទៀបភ្លឺ នឹងត្រូវទម្លាក់ឋានៈ
26, Jan 2023 , 12:09 pm        
រូបភាព
អ្នកនាំពាក្យប៉ូលិស អះអាងថា នារីក្នុងរថយន្តនោះ ក៏ខុសដែរ។
 
ប៉ូលិសចរាចរណ៍ម្នាក់ ដែលមានឋានៈជាអនុសេនីយ៍ទោ (ស័ក្តិ២) ត្រូវផ្ទេរចេញពីកន្លែងការងារចាស់ ទៅកន្លែងការងារផ្សេងទៀត និងប្រឈមអស់ស័ក្តិមួយកម្រិត ក្រោយជិះម៉ូតូដេញតាមរថយន្តទំនើបម៉ាករ៉េងរ៉ូវើ (Range Rover) នៅម៉ោងជិត៣ទៀបភ្លឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយសារឃើញនារីម្នាក់ ដែលស្ថិតក្នុងរថយន្តនោះមិនពាក់ខ្សែក្រវាត់។ តាមពិត ក្នុងអំឡុងម៉ោងជិត៣ទៀបភ្លឺ គាត់ ពុំបានស្ថិតក្នុងម៉ោងបំពេញការងារឡើយ។

នាវេលាពេលនោះ គាត់ កំពុងធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយពេលទៅដល់ម្តុំស្តុបចំការមន ស្រាប់តែប្រទះឃើញនារីជិះក្នុងរថយន្តរ៉េងរ៉ូវើដោយមិនពាក់ខ្សែក្រវាត់ គាត់ ក៏ជិះដេញតាមតែម្តង។ នេះបើផ្អែកតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែមករានេះ។ 
 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយដូច្នេះថា៖«ការចុះអនុវត្តនេះ មិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហើយការធ្វើនេះ មិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ»។ 
 
គេ បានឃើញសកម្មភាពរបស់ប៉ូលិសចរាចរណ៍ ជិះដេញតាមរថយន្ត តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម ដោយនារីជាអ្នកជិះរថយន្តនោះ។ នាង ស្រែកសួរថា តើនាងខុសអី? ពេលនោះ លោកប៉ូលិសស្រែកប្រាប់វិញថា នាងអត់ពាក់ខ្សែក្រវាត់។ លោកប៉ូលិស សុំកុំឲ្យនាងថតវីដេអូ តែនាង មិនព្រម ហើយនៅតែបន្តថត។ ក្នុងរថយន្តនោះ នាង មិនមែនជាអ្នកបើកឡើយ ដោយមានម្នាក់ទៀតជាអ្នកបើក។  
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗបន្ថែមតាមទូរស័ព្ទថា នារីក្នុងរថយន្ត ពុំបានពាក់ខ្សែក្រវាត់ពិតមែន ហើយក៏ទាញខ្សែក្រវាត់មកពាក់ ពេលប៉ូលិសនោះជិះដេញតាម។ លោក លើកយកច្បាប់មកពន្យល់ថា ទោះស្ថិតម៉ោងណាក៏ដោយ ពោលគឺគ្រប់២៤ម៉ោង អ្នកបើកបររថយន្ត ត្រូវតែពាក់ខ្សែក្រវាត់ ហើយបើមិនពាក់ គឺខុសច្បាប់។ លោក បញ្ជាក់ដូច្នេះថា៖«[ប៉ូលិស] យើង ក៏ខុស គេក៏ខុស»។
 
អ្នកនាំពាក្យប៉ូលិសភ្នំពេញរូបនេះ អះអាងថា សមត្ថកិច្ច ក៏កំពុងពិនិត្យមើលពីកំហុសរបស់នារីនោះដែរ ហើយអាចនឹងហៅទៅណែនាំ។ ចំពោះការដាក់ពិន័យជាក់លាក់លើនាង ឬក៏អត់នោះ លោក មិនទាន់អាចផ្តល់ចម្លើយបានឡើយ ដោយអាចត្រឹមនិយាយថា អ្វីដែលសំខាន់នាពេលនេះ គឺត្រូវអនុវត្តវិន័យលើមន្រ្តីប៉ូលិសចរាចរណ៍សិន។ 
 
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងស្នើទៅថ្នាក់ដឹកនាំ សុំបន្ថយឋានន្តរស័ក្តិមួយថ្នាក់ គឺទម្លាក់ឋានៈពីអនុសេនីយ៍ទោ (ស័ក្តិ២) មកនៅត្រឹមឋានៈជាអនុសេនីយ៍ត្រី (ស័ក្តិ១) វិញ ចំពោះប៉ូលិសចរាចរណ៍រូបនោះ និងផ្ទេរគាត់ចេញពីការិយាល័យចរាចរណ៍ ទៅបម្រើការងារនៅកងអន្តរាគមន៍៕ 
 

Tag:
 ចរាចរណ៍
  ពិន័យនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com