កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ថោង ខុន ស្នើឱ្យ NOCទាំង១១ ចុះឈ្មោះអត្តពលិកឱ្យទាន់ពេល ដើម្បីប្រកួតស្មើភាពនៅស៊ីហ្គេម ២០២៣
26, Jan 2023 , 3:03 pm        
រូបភាព
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC និងនាយបេសកកម្មគណកម្មការកីឡាអាស៊ីអាគ្នេយ៍ ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃដំណើរស៊ីហ្គេម២០២៣។
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC និងនាយបេសកកម្មគណកម្មការកីឡាអាស៊ីអាគ្នេយ៍ ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃដំណើរស៊ីហ្គេម២០២៣។
ដោយ:
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC) ស្នើឱ្យគណៈកម្មាធិការជាតិអូឡាំពិក (NOC) ទាំង១១ ចុះឈ្មោះកីឡាករ-កីឡាការិនី តាមប្រទេសរបស់ខ្លួនឱ្យបានរួចរាល់មុនស៊ីហ្គេម ២០២៣ នៅកម្ពុជា។​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និយាយដូច្នេះក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថ្ងៃទី២៥ ខែមករា នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ក្នុងដំណើរឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ ដើម្បីបញ្ជាក់ពីការរួចរាល់នៃភាពជាម្ចាស់ផ្ទះមុនការប្រកួតកីឡាស៊ីហ្គេមមកដល់។ បាវចនានៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ «កីឡារស់ក្នុងសន្តិភាព»។
 
លោក ថោង ខុន និយាយថា៖«កីឡារស់ក្នុងសន្តិភាព គឺដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសន្តិភាពសម្រាប់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជានាពេលបច្ចុប្បន្ន ដែលប្រជាជនកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស»។
 
ជាមួយគ្នានោះផងដែរលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ស៊ីហ្គេមមិនត្រឹមតែជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់ប៉ុណ្ណោះទេ តែជាការគោរពគ្នា និងសាមគ្គីភាពក្នុងតំបន់ផងដែរ។
 
លោក ថោង ខុន បន្តថា៖«ស៊ីហ្គេម វាមិនត្រឹមតែផ្តល់ឳកាសសម្រាប់អត្តពលិកចូលរួមប្រកួតប្រជែងដោយស្មើភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មិត្តភាព ការគោរពគ្នា និងសាមគ្គីភាពក្នុងគោលការណ៍ទិសដៅកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយដែលមានសន្តិភាព និងស្ថិរភាព»។
 
ស្រាបពេលជាមួយគ្នានោះដែរអនុប្រធានគណៈកម្មាធិការដដែលស្នើឱ្យនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ទាំង១១ ប្រទេសចុះឈ្មោះកីឡាករ-កីឡាការិនីឱ្យបានរួចរាល់មុនស៊ីហ្គេម២០២៣ ដើម្បីឱ្យអត្តពលិកមានឳកាសបង្ហាញសមត្ថភាព និងបានចូលរួមដោយស្មើភាពគ្នា។
 
លោក ថោង ខុន បញ្ជាក់ថា៖«ក្នុងនាមជាម្ចាស់ផ្តះស៊ីហ្គេម ខ្ញុំសូមស្នើសុំឱ្យគណៈកម្មការជាតិកីឡាអូឡាំពិកទាំងអស់ចុះឈ្មោះអត្តពលិករបស់ខ្លួនឱ្យបានគ្រប់ប្រភេទកីឡា និងវិញ្ញាសាសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ខាងមុខនេះ ដើម្បីផ្តល់ឱកាសឱ្យអត្តពលិកទាំងអស់បានចូលរួមដោយស្មើភាព»។
 
គួរបញ្ជាក់ថា នាយបេសកកម្មគណៈកម្មការកីឡាអូឡាំពិកអាស៊ីអាគ្នេយ៍ទាំង១១ ដែលបានចូលរួមប្រជុំនាយបេសកកម្មរួមមាន ម្ចាស់ផ្ទះកម្ពុជា  វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ និងទីម័រខាងកើត។ កិច្ចប្រជុំនោះដែរមានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៦ ខែមករា នៅសណ្ឋាគារហ្គាឌិនស៊ីតធី រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com