កីឡាអន្តរជាតិ
អន្តរជាតិ
​​​​​​បញ្ជាការUN ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង សុទ្ធតែបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដូចគ្នារឿងបញ្ជុនដ្រូនឆ្លងព្រំដែន
26, Jan 2023 , 4:29 pm        
រូបភាព
ដ្រូនដែលសង្ស័យជារបស់កូរ៉េខាងជើង មានវត្តមាននៅក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP
ដ្រូនដែលសង្ស័យជារបស់កូរ៉េខាងជើង មានវត្តមាននៅក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP
កូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធតែបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងករណីបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមកនៅក្នុងខែធ្នូកន្លងទៅ។ ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែមករា។


 
នៅក្នុងខែធ្នូ ឆ្នាំ២០២២ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមក ដែលបញ្ហានេះ បានធ្វើឱ្យកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េមួយកម្រិតទៀត។ យ៉ាងណាមិញ ការបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមកនេះ ត្រូវបានបញ្ជាការអង្គការសហប្រជាជាតិ (UNC) ចាត់ទុកជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។ 
 
«ទីបញ្ជាការអង្គការសហប្រជាជាតិ បញ្ជាក់ជាថ្មីថា ការគោរពចំពោះបទឈប់បាញ់ គឺសំខាន់ណាស់ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងឧបទ្ទវហេតុ និងគ្រោះថ្នាក់ តាមរយៈការទប់ស្កាត់មិនឱ្យរីកធំឡើង និងរក្សាបទឈប់បាញ់លើឧបទ្វីបកូរ៉េ»។ សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការអង្គការសហប្រជាជាតិដែលចេញនៅថ្ងៃទី២៦ ខែមករា បានសង្កត់ធ្ងន់បែបនេះ។ 
 
ការបញ្ជាក់ដូចខាងលើ ធ្វើឡើងក្រោយទីបញ្ជាការអង្គការសហប្រជាជាតិ បានបើកការស៊ើបអង្កេតពិសេសមួយលើការឈ្លានពានដែនអាកាស ដើម្បីកំណត់ថាតើមានការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ១៩៥៣ ឬយ៉ាងណា។ 
 
បញ្ជាការUN ដដែលបានបន្តថា វត្តមានដ្រូនចូលដីប្រទេសទាំងពីរ ត្រូវចាត់ទុកជាការបំពាន ប៉ុន្តែកិច្ចខិតខំរបស់កូរ៉េខាងត្បូងក្នុងការបាញ់ទម្លាក់ដ្រូនរបស់កូរ៉េខាងជើង មិនត្រូវចាត់ទុកជាការបំពានឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
យ៉ាងណាមិញ មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់បានឆ្លើយតបអ្វីឡើយ ជុំវិញការបញ្ជូនដ្រូនចូលដីកូរ៉េខាងត្បូង។ 
 
ទន្ទឹមនេះ យោធាកូរ៉េខាងត្បូង នៅក្នុងថ្ងៃទី២៦ ខែមករាដដែល បានប្រាប់គណៈកម្មាធិការការពារជាតិរបស់សភាថា កងទ័ពកូរ៉េខាងត្បូង ដំបូងឡើយ បានវាយតម្លៃថា វត្តមានដ្រូនរបស់កូរ៉េខាងជើងចូលដីរបស់ខ្លួន មិនបានបង្កឱ្យមានស្ថានភាពអាសន្នអ្វីឡើយ ទើបធ្វើឱ្យខ្លួនមានការឆ្លើយតបយឺតបែបនេះ។ មិនតែប៉ុណ្ណោះ យោធាកូរ៉េខាងត្បូង បាននិយាយការពារផងដែរថា រ៉ាដារបស់ខ្លួនពិបាកក្នុងការវាយតម្លៃលើដ្រូននៅពេលដំបូង ដោយសារវាមានរូបរាងតូច និងធ្វើឱ្យមានការភាន់ច្រឡំ។ 
 
សូមបញ្ជាក់ថា បញ្ជាការអង្គការសហប្រជាជាតិ តែងតែជួយពិនិត្យមើលនៅតំបន់គ្មានយោធា (DMZ) ក្នុងឧបទ្វីបកូរ៉េ ចាប់តាំងពីសង្រ្គាមកូរ៉េ មានបទឈប់បាញ់មក។ ជាការពិត សង្រ្គាមកូរ៉េ គ្មានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឡើយ ពោលគឺមានត្រឹមតែបទឈប់បាញ់នៅក្នុងឆ្នាំ១៩៥៣ប៉ុណ្ណោះ៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com