អន្តរជាតិ
UN ជំរុញតាលីបង់ឱ្យបន្ធូរបន្ថយការរឹតត្បិតស្រ្តីនៅអាហ្វហ្កានីស្ថានបន្ថែមទៀត
26, Jan 2023 , 8:29 pm        
រូបភាព
អង្គការសហប្រជាជាតិ (UN) បានជំរុញរដ្ឋបាលតាលីបង់ឱ្យបន្ធូរបន្ថយបន្ថែមទៀតចំពោះការហាមឃាត់ជាច្រើនប្រការរបស់ខ្លួនលើស្ត្រីក្នុងប្រទេស ពិសេសការហាមស្ត្រីជាបុគ្គលិកផ្ដល់ជំនួយមិនឱ្យធ្វើការ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៥ ខែមករា។


ស្ថានភាពសិទ្ធិសេរីស្ត្រីអាហ្វហ្កានីស្ថានកាន់តែយ៉ាប់យ៉ឺនឡើង ក្រោយរដ្ឋបាលតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។ ពួកតាលីបង់ កាលពីខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសហាមឃាត់មិនឱ្យស្ត្រីចូលរៀននៅសកលវិទ្យាល័យ ហើយមិនយូរប៉ុន្មានក៏បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលបញ្ឈប់បុគ្គលិកជាស្ត្រីទៀត។ ក្រោយមានប្រតិកម្ម រដ្ឋបាលតាលីបង់ ក៏បន្ធូរចំណាត់ការខ្លះវិញ។
 
អគ្គលេខាធិការរងទទួលបន្ទុកការផ្ដល់ជំនួយរបស់ UN លោក Martin Griffiths បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុលចាប់ពីថ្ងៃទី២៣ ខែមករា ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីរបស់រដ្ឋបាលតាលីបង់លើការព្រួយបារម្ភក្នុងការអប់រំ និងការងាររបស់ស្ត្រី។
 
«ប្រសិន​បើ​អ្នក​មិន​អាច​ជួយដកបម្រាមទាំងស្រុង​នេះ​ទេ សូម​ផ្តល់​ការ​លើក​លែង​ឱ្យ​យើង​ដើម្បី​អនុញ្ញាត​ឱ្យ​ស្ត្រី​ធ្វើ​ការ​»។ ប្រធានជំនួយរបស់ UN លោក Martin Griffiths លើកឡើងបែបនេះក្នុងពេលជួបជាមួយមន្ត្រីតាលីបង់។
 
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា លោក Griffiths ទទួលស្គាល់ថាក្នុងខែនេះ ក្រុមតាលីបង់បានលើកលែងការរឹតត្បិតមួយចំនួនចំពោះស្ត្រីដូចជាអនុញ្ញាតឱ្យបុគ្គលិកស្រីរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងផ្នែកសុខភាព និងការអប់រំបានមកធ្វើការវិញ ហើយអាចមានការលើកលែងក្នុងវិស័យកសិកម្មផងដែរ។ 
 
យ៉ាងណាមិញ លោក Griffiths បន្ថែមថា រដ្ឋបាលតាលីបង់ ត្រូវលើកលែងជាច្រើនបន្ថែមទៀត ចំពោះស្ត្រីជាអ្នកផ្តល់សេវាអាហារូបត្ថម្ភ និងទឹក និងអនាម័យជាអាទិភាព ដើម្បីបង្ការជំងឺធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភអំឡុងពេលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ លោក Griffiths សង្ឃឹមថា ការពិភាក្សាជាមួយក្រុមមន្ត្រីតាលីបង់នឹងទទួលបានផ្លែផ្កា ហើយពួកគេនឹងអនុញ្ញាតឱ្យក្រុមផ្តល់ជំនួយធ្វើប្រតិបត្តិការជាមួយបុគ្គលិកស្រី្តឱ្យបានច្រើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ 
 
ដំណើរទសន្សកិច្ចរបស់ លោក Griffiths ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដោយអគ្គលេខាធិការរង UN លោកស្រី Amina Mohammed ក្នុងគោលបំណងដូចគ្នា ដើម្បីជួយជំរុញឱ្យក្រុមតាលីបង់អនុញ្ញាតឱ្យស្ត្រី និងក្មេងស្រីបានចូលរៀន និងធ្វើការឡើងវិញ៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com