កីឡាជាតិ
ជាតិ
ប្រដាល់សកល៖ កម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតជើងឯក ASBC នៅថៃ
26, Jan 2023 , 9:55 pm        
រូបភាព
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ពេញ វណ្ណថង (ស្តាំបង្អស់) ទទួលមេដាយសំរឹទ្ធ ASBC។ រូបពី ASBC
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ពេញ វណ្ណថង (ស្តាំបង្អស់) ទទួលមេដាយសំរឹទ្ធ ASBC។ រូបពី ASBC
ដោយ:
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ទទួលបានមេដាយ២ ពីការប្រកួតព្រឹត្តិការណ៍កីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម២២ឆ្នាំ Asian U-22 Boxing Championship 2023 នៅប្រទេសថៃ។ ជាមួយគ្នានោះផងដែរគ្រូបង្វឹកជម្រើសជាតិ លោក ជ័យ ណារ៉ា មើលឃើញថា សមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា គឺប្រហាក់ប្រហែលនឹងសមត្ថភាពកីឡាករថៃ ដែលជាម្ចាស់ផ្ទះដែរ។


កីឡាករ រ៉ាចាពៅ អាប់ឌុលឡា ទទួលបានមេដាយប្រាក់ក្រោយប្រកួតចាញ់ពិន្ទុកីឡាករមកពីប្រទេសអ៊ូសបេគីស្ថាន TOKHIROV NUSRATBEK ដោយលទ្ធផល ១០-៩ នៅវគ្គផ្តាច់ព្រ័ត្រលើប្រភេទទម្ងន់ ៩២គីឡូក្រាម។ ចំណែកកីឡាករ ពេញ វណ្ណថង បានត្រឹមមេដាយសំរឹទ្ធក្រោយចាញ់កីឡាករ serik Abzal មកពីប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-០ លើប្រភេទទម្ងន់ ៦៧គីឡូក្រាម។


កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា ទទួលបានមេដាយប្រាក់។ រូបពី ASBC

ជាមួយគ្នានោះផងដែរលោក ជ័យ ណារ៉ា គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមសារតេលេក្រាមក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី២៦ ខែមករា នេះថា អត្តពលិកប្រដាល់សកលជម្រើសជាតិកម្ពុជា គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នាទៅនឹងប្រទេសម្ចាស់ផ្ទះថៃ ដោយមិនលើសគ្នានោះទេ។

លោក ជ័យ ណារ៉ា និយាយថា៖«ចំពោះខ្ញុំផ្ទាល់សង្កេតមើលឃើញថាកម្រិតសមត្ថភាពរបស់យើងនៅក្រោមគេបន្តិច តែបើប្រៀបធៀបជាមួយថៃ ក៏មិនលើសខ្វះគ្នាដែរ ដោយទទួលបានមេដាយប្រាក់ និងសំរឹទ្ធដូចយើងដែរដោយពុំទទួលបានមេដាយឡើយ»។

លោកគ្រូជម្រើសជាតិប្រដាល់សកលជម្រើសជាតិកម្ពុជា បន្តថា នេះក៏ជាមោទនភាពមួយសម្រាប់សហព័ន្ធក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ «ប្រវត្តិសាស្រ្តយើងមិនដែលបានមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីទេ តែបច្ចុប្បន្ននេះអត្តពលិកយើងធ្វើបាន អ៊ីចឹងជាមោទនភាពមួយសម្រាប់កម្ពុជាយើងដែលអាចធ្វើបាន ដែលលទ្ធផលល្អសម្រាប់ឈានឆ្ពោះទៅស៊ីហ្គេម២០២៣»។ លោក ជ័យ ណារ៉ា បញ្ជាក់ដូច្នេះ។

គួររំលឹកថា ប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ប្រដាល់សកលជម្រើសជាតិកម្ពុជា ៦រូបក្នុងនោះ មានកីឡាការិនី១រូប ចូលរួមប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ នៅប្រទេសថៃ។ ជាលទ្ធផលកម្ពុជា​ ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១៕

Tag:
 កីឡាប្រដាល់សកល
 ស៊ីហ្គេម២០២៣
 ASBC
© រក្សាសិទ្ធិដោយ thmeythmey.com