ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាថ៌​កំបាំង​សម្រស់​ប្រាំ​យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​
27, Jan 2023 , 11:29 pm        
រូបភាព
ភាព​ជឿជាក់​និង​ជំនឿ​លើ​ខ្លួនឯង ទាំងនេះ​គឺជា​កត្តា​សំខាន់​ដែល​អ្នកមាន​អារម្មណ៍ល្អ​។ អាថ៌​កំបាំង​នៃ​សម្រស់​ស្ត្រី​ក៏​បូក​បញ្ចូល​នឹង​កត្តា​នេះ​ដែរ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​ឈរ​នៅ​មុខ​កញ្ចក់​អាច​ប្រាប់​អ្នក​ពី​អាថ៌ កំបាំង​នេះ​បាន​។
 
ទោះជា​រូបរាង​របស់​អ្នក​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​បញ្ជាក់​ថា​អ្នកជា នរណា ប៉ុន្តែ​វា​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​អ្នក ហើយ​អារម្មណ៍​ដែល​អ្នក​មើលទៅ​កាន់​ខ្លួនឯង​ថា​អ្នកមាន​រូបរាង​ស្អាត​អាច​ជា ការ​បង្កើន​ភាព​ជឿជាក់​លើ​អ្នក​ផ្ទាល់​។
 
ការ​មើលឃើញ​រូបរាង​ដែល​ស្អាត​មិន​មាន​ភាព​ស្មុគស្មាញ​ឬ​ថ្លៃ​នោះ​ទេ​។ អ្នកជំនាញ​និយាយ​ថា យើង​គ្រប់​គ្នា​គ្រាន់តែ​យកចិត្តទុកដាក់​លើ​អាថ៌​កំបាំង​សំខាន់​ៗ​មួយ​ចំនួន ដែល​មាន​ប្រយោជន៍​ជួយ​អ្នក​ឱ្យ​មាន​រូបរាង​ស្អាត​ដោយ​មិន​ចំណាយ​ពេលវេលា​និង ប្រាក់​កាស​ច្រើន​។
អ្នកជំនាញ​ខាង​ស្បែក និង​សម្រស់ ជួយ​អ្នក​ក្នុង​ការ​ស្វែងរក​អាថ៌​កំបាំង​ដែល​មាន​ប្រសិទ្ធភាព​:
 
អាថ៌​កំបាំង​ទី ១: មិន​ត្រូវ​មើល​ស្រាល​អានុភាព​នៃ​ជាតិ​សំណើម (Moisturizer)
 
អ្នកជំនាញ​និយាយ​ថា មិន​ថា​ស្បែក​របស់​អ្នក​ស្ងួត​, ធម្មតា​, ឬ​សម្បូរ​ប្រេង​នោះ​ទេ ប្រសិនបើ​អ្នក​អាច​ត្រឹមតែ​ទិញ​ផលិតផល​ថែរក្សា​ស្បែក​តែ​មួយ​មុខ​នោះ អ្នក​គួរតែ​ចំណាយ​វា​លើ​ផលិតផល​ជាតិ​សំណើម​។
 
សាស្ត្រាចារ្យ Rhoda Narins បាន​និយាយ​ថា “​ពេល​ខ្លះ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​ផលិតផល​ជាតិ​សំណើម​និង​ទឹក​លាង​សម្អាត (cleanser) នោះ​អ្នក​នឹង​មានមុខ​ដែល​ក្មេង​ជាង​វ័យ​។ ពេល​ដែល​ស្បែក​ស្ងួត ស្នាម​ជ្រួញ​នឹង​កាន់តែ​មើលឃើញ​ច្បាស់ ដែល​ធ្វើ​ឱ្យ​អ្នក​មើលទៅ​កាន់តែ​ចាស់​”​។
 
គ្រូពេទ្យ​និយាយ​ថា ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​អំឡុង​អាយុ ២០ ឬ ៣០​ឆ្នាំ ជាតិ​សំណើម​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​ចាស់​មុន​អាយុ​។
 
គ្រូពេទ្យ Darrick Antell និយាយ​ថា “​ក្នុង​កំឡុង​អាយុ ២០ ឬ ៣០​ឆ្នាំ អ្នក​អាច​ប្រើ​ផលិតផល​ជាតិ​សំណើម​សំរាប់​ជំនួស​ផលិតផល​ផ្សេង​ទៀត​ជា​ច្រើន​” ។
 
តើ​ផលិតផល​ជាតិ​សំណើម​ប្រភេទ​ណា​ដែល​ល្អ? គ្រូពេទ្យ Charles E. Crutchfield III បាន​និយាយ​ថា “​វា​គឺជា​ផលិតផល​ដែល​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ចាប់ពី​ផ្តល់​ជាតិ​សំណើម ទៅ​ដល់​ការ​រក្សា​ទុក​ជាតិ​សំណើម និង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ផលិត​ជាតិ​សំណើម​បាន​កាន់តែ​ច្រើន​, ហើយ​ប្រភេទ​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​ស្ថិត​នៅ​លើ​តម្រូវការ​នៃ​ស្បែក​របស់ មនុស្ស​ម្នាក់​ៗ”​។
 
ប្រសិនបើ​ស្បែក​ស្ងួត​ធម្មតា អ្នក​គួរ​រក​ផលិតផល​ជាតិ​សំណើម​ណា​ដែល​មាន​ផ្ទុក alpha hydroxy acids​។ សាស្ត្រាចារ្យ Crutchfield និយាយ​ថា វា​អាច​ជួយ​ឱ្យ​ស្បែក​ផលិត​ជាតិ​សំណើម​ដោយ​ខ្លួនឯង​បាន​ច្រើន​ជាង​មុន​។
 
គាត់​ក៏​បាន​ណែនាំ​ឱ្យ​ប្រើ​ផលិតផល​ដែល​ប្រើ​បច្ចេកវិទ្យា ហៅ​ថា vesicular emulsion ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ខ្លាំង​។ បច្ចេកវិទ្យា​នេះ​ប្រើ​របស់​តូច​ៗ (microscopic spheres) ដែល​នឹង​ជំនួស​ឱ្យ​ស្រទាប់​ជាតិ​សំណើម​និង​ទឹក​ដែល​បញ្ចេញ​ពេញ​មួយ​ថ្ងៃ ដូច្នេះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​ជាតិ​សំណើម​ជាប់​រហូត​។
 
ប្រសិនបើ​ស្បែក​សំបូរ​ជាតិ​ប្រេង អ្នក​គួរ​ប្រើ​ផលិតផល​ជាតិ​សំណើម​ដែល​ស្រាល​, ប៉ុន្តែ​មិន​ត្រូវ​មិន​ប្រើ​សោះ​នោះ​ទេ​។ ទោះ​អ្នក​សម្បូរ​ជាតិ​ប្រេង​ក៏​អ្នក​ត្រូវការ​ជាតិ​សំណើម​ដែរ​។
 
អាថ៌​កំបាំង​ទី ២: ឡេ​ការពារ​កម្តៅថ្ងៃ​គឺជា​ផលិតផល​ប្រឆាំង​ភាព​ចាស់​ដ៏​ល្អ​បំផុត
 
មុន​នឹង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​, មុន​នឹង​ចំណាយ​លើ​លើ​ក្រែ​ម​ប្រឆាំង​ភាព​ចាស់​ដែល​មាន​តម្លៃ​ថ្លៃ​, មុន​នឹង​អ្នក​ធ្វើ​អ្វីមួយ អ្នក​គួរ​សាកល្បង​ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​។
 
ភាគច្រើន​យើង​បានដឹង​ថា​វា​បន្ថយ​នូវ​គ្រោះថ្នាក់​នៃ​មហារីក​ស្បែក ប៉ុន្តែ​តើ​អ្នកដឹង​ឬទេ​ថា​វា​គឺជា​អាថ៌​កំបាំង​សម្ផស្ស​ដែល​ជួយ​រក្សា ស្បែក​អ្នក​ឱ្យ​នៅ​ក្មេង?
 
អ្នកជំនាញ​និយាយ​ថា មូលហេតុ​គឺ​មក​ពី​ពេល​ដែល​វា​រារាំង​កាំរស្មីព្រះអាទិត្យ​ដែល​បំផ្លាញ​ស្បែក វា​ក៏​រារាំង​ឥទ្ធិពល​ដែល​ធ្វើ​ឱ្យ​ស្បែក​ចាស់​ដែរ​។
 
គ្រូពេទ្យ Antell និយាយ​ថា “​ព្រះអាទិត្យ​មាន​ឥទ្ធិពល​លើ​ការ​ផលិត​នៃ collagen នៃ​ស្បែក​, ហើយ​ប្រសិនបើ​គ្មាន collagen ទេ​នោះ ស្បែក​មិន​អាច​មាន​សំណើម ក្មេង និង​គ្មាន​ស្នាម​ជ្រួញ​នោះ​ទេ​។ ការ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ច្រើន អាច​ធ្វើ​ឱ្យ​ស្បែក​មាន​ស្នាម​ជ្រួញ​មុន​អាយុ​”​។
 
តាម​ការ​សិក្សា​របស់ American Academy of Dermatology ប្រសិនបើ​គ្មាន​ការ​ការពារ​ពី​ឡេ​ការពារ​កម្តៅថ្ងៃ​ទេ អ្នក​នឹង​សម្គាល់​ឃើញ​ការ​ប្រែប្រួល​នៃ​ស្បែក​ដោយសារ​ការ​ត្រូវ​នឹង កម្តៅថ្ងៃ​រយៈពេល ២-៣ នាទី ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។
 
អ្នក​មិន​ត្រឹមតែ​មាន​ស្នាម​ជ្រួញ​ច្រើន​ទេ អ្នក​នឹង​មាន​ឡើង​អាចម៍រុយ​,​ស្នាម​ស្បែក​ចាស់​, និង​មាន​សរសៃ​រវៀម ។ ស្បែក​នឹង​ទៅ​ជា​គគ្រើម​និង​គ្មាន​ជីវិត​ឬ​រយីក​រយាក​។
 
ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ការពារ​ស្បែក​របស់​អ្នក​ពីរ​ស្មី​ព្រះអាទិត្យ ដូច្នេះ​ទោះបីជា​អ្នក​ចំណាយពេល​ច្រើន​នៅ​ទីវាល​ក៏​មុខ​របស់​អ្នក​មិន​មាន បញ្ហា​ដែរ​។
 
សាស្ត្រាចារ្យ Crutchfield ណែនាំ​ឱ្យ​ជ្រើសរើស​ឡេ​ការពារ​ណា​ដែល​មាន SPF ចាប់ពី ១៥ ឡើង​ទៅ​។ ដោយសារ​កម្តៅ​ព្រះអាទិត្យ​នឹង​បំផ្លាញ​ប្រសិទ្ធភាព​របស់​វា​ទៅ​តាម​ពេលវេលា នោះ​អ្នក​ត្រូវ​លាប​វា​ក្នុង​ចន្លោះ​ពី ១ ទៅ ២ ម៉ោង​ម្តង ប្រសិនបើ​អ្នក​នៅ​ក្រោម​កម្តៅថ្ងៃ​ផ្ទាល់​ក្នុង​រយៈពេល​យូរ​។
 
ជម្រើស​មួយទៀត​៖ លាប​ឡេ​ការពារ​កម្តៅថ្ងៃ​មុន​នឹង​ប្រើ​គ្រឿងសម្អាង បន្ទាប់​មក​ប្រើ​ម្សៅ​ស្តើង (light, translucent mineral powder) ដើម្បី​បន្ថែម​ការ​ការពារ​ស្បែក​មុខ​។
 
សាស្ត្រាចារ្យ Crutchfield និយាយ​ថា “​ម្សៅ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​ការពារ​កម្តៅ​ធម្មជាតិ ហើយដោយ​សារ​តែ​វា​មិន​នៅ​ជាប់​នឹង​ស្បែក​រហូត អ្នក​អាច​ប្រើ​វា​បន្ថែម​រហូត​បាន​”​។
 
អាថ៌​កំបាំង ទី ៣: ជ្រើសរើស​ទឹក​សម្អាត​មុខ​ឱ្យ​បាន​ត្រឹមត្រូវ
 
ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​សាប៊ូ​ធម្មតា​និង​ទឹក អ្នក​គួរតែ​ពិចារណា​ពី​វិធី​លាង​សម្អាត​របស់​អ្នក​។ គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​និយាយ​ថា អាថ៌​កំបាំង​នៃ​សម្រស់​ដែ​ល្អ​ជាងគេ​គឺ​ការ​ប្រើ​ទឹក​សម្អាត​មុខ​ដែល​ស្រទន់ ជាងគេ​បំផុត​ដែល​អ្នក​អាច​រកបាន និង​កុំ​ប្រើ​ញឹកញាប់​ពេក​។
 
សាស្ត្រាចារ្យ Crutchfield និយាយ​ថា “​ក្នុង​ខណៈ​ដែល​ការ​លាងមុខ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​វា​ល្អ ប៉ុន្តែ​ការ​លាង​ដោយ​ប្រើ​ទឹក​សម្អាត​វា​មិន​ត្រឹមតែ​មិន​អាច​ជួយ​អ្នក​បាន ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ខូច​ស្បែក​របស់​អ្នក​ទៀត ប្រសិនបើ​អ្នក​ប្រើ​ផលិតផល​ដែល​អាច​រោល​”​។
 
ការ​លាងមុខ​ញឹកញាប់​ពេក (​ច្រើន​ជាង ២ ដង​ក្នុង​មួយ​ថ្ងៃ​) អាច​បំផ្លាញ​របាំង​ការពារ​ជាតិ​លីពីត (lipid barrier) ដែល​រក្សា​ស្បែក​ឱ្យ​នៅ​ក្មេង​។
 
សាស្ត្រាចារ្យ Crutchfield និយាយ​ថា “​នៅ​ពេល​ដែល​បាត់បង់​ការ​ការពារ​នេះ ហើយ​របាំង​ការពារ​ស្បែក​ខូច​ទៀត​នោះ ស្បែក​នឹង​ស្ងួត នោះ​មាន​ន័យ​ថា វា​អាច​នឹង​ប្រេះ​, របក​, រមាស់​, រោល​, និង​ផ្សា ដែល​ធ្វើ​ឱ្យ​អ្នក​ចាស់​ជាង​អាយុ​”​។
 
ដំណោះស្រាយ​៖ មិន​ត្រូវ​លាងមុខ​ច្រើន​ជាង ២ ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រើ​ទឹក​លាង​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​។
 
អាថ៌​កំបាំង ទី ៤: ប្រើ​របស់​ឱ្យ​ត្រូវ​តាម​មុខងារ​របស់​វា
 
អ្នក​អាច​ទិញ​សំរាប់​គូ​ភ្នែក​ដែល​ថ្លៃ​បំផុត​និង​របស់​ផ្សេង​ៗ​ទៀត​ដែល ថ្លៃ​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ឧបករណ៍​ត្រឹមត្រូវ​សំរាប់​លាប​វា​នោះ​ទេ គុណប្រយោជន៍​របស់​វា​នឹង​ត្រូវ​បាត់បង់​។
 
តើ​អ្វី​ជា​ឧបករណ៍​ដែល​ត្រឹមត្រូវ? ជក់​ត្រូវ​តែ​ទន់​និង​មាន​លក្ខណៈ​ស្រទន់​ពេល​ដាក់​នៅ​លើ​ស្បែក ប៉ុន្តែ​ត្រូវ​មាន​ទម្ងន់​ដើម្បី​យក​ម្សៅ​លាប​នៅ​លើ​ស្បែក​។ អ្នកជំនាញ​និយាយ​ថា ប្រសិនបើ​នោះ​ជ្រុះ​ហើយ​ម្សៅ​នៅ​លើ​ជក់​នោះ​ជ្រុះ​អស់ វា​មិនមែន​ជា​ជក់​ល្អ​នោះ​ទេ​។
 
អាថ៌​កំបាំង ទី ៥: ផ្លាស់​ប្តូរ​ម៉ូត​សក់ និង គ្រឿងសម្អាង ២ ឆ្នាំ ម្តង
 
ប្រសិនបើ អ្នកចូលរួម​កម្មវិធី​ជួបជុំ​មិត្ត​កាលពី​រៀន​វិទ្យាល័យ ហើយ​ឮ​គេ​និយាយ​ថា អ្នក​មិន​មាន​ប្រែប្រួល​អ្វី​សូ​ម្បី​តែ​បន្តិច នោះ​អ្នក​គួរតែ​មើល​ខ្លួនឯង​ឡើង​វិញ​។
 
អ្នកជំនាញ​និយាយ​ថា វា​យឺត​ពេល​ហើយ​ប្រសិនបើ​អ្នក​មិន​ចាំ​ពេល​ដែល​អ្នក​ប្តូរ​ម៉ូត​សក់​ឬ​របៀប តុបតែង​ខ្លួន​លើក​ចុង​ក្រោយបង្អស់​នោះ​។
Nick Chavez អ្នកជំនាញ​ខាង​សក់ នៅ Beverly Hills hair និយាយ​ថា “​ភាពល្អ​ឥត​ខ្ចោះ​នៃ​រូបរាង​របស់​អ្នក រួម​ទាំង​សក់​និង​ការ​តុបតែង​ខ្លួន គួរតែ​មានការ​ផ្លាស់​ប្តូរ​យ៉ាងតិច ២ ឆ្នាំ​ម្តង ឬ ញឹកញាប់​ជាង​នេះ​ប្រសិនបើ​ស្ទីល​របស់​អ្នក​ផ្លាស់​ប្តូរ​ញឹកញាប់​”​។ គាត់​និយាយ​ទៀត​ថា “​ការ​រក្សា​រូបរាង​របស់​អ្នក​ឱ្យ​ទាន់សម័យ​នឹង​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ក្មេង ជាង​វ័យ​។ គ្មាន​អ្វី​បង្ហាញ​ពី​អាយុ​ពិត​របស់​ស្ត្រី​ជាង​ម៉ូត​សក់​និង​របៀប​តែងខ្លួន ដែល​ហួស​សម័យ​នោះ​ទេ​”​។
 
ប្រសិនបើ​អ្នក​ផ្លាស់​ប្តូរ​ខ្លួនឯង​លើក​ចុង​ក្រោយ​យូរ​មក​ហើយ​នោះ អ្នក​គួរ​ទៅ​ហាង​លក់​គ្រឿងសម្អាង ហើយ​សុំ​យោបល់​ពី​ពួក​គេ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com