អន្តរជាតិ
ក្រុងបាងកក ស្នើប្រជាជនឱ្យស្នាក់នៅផ្ទះ ដោយសារកម្រិតខ្យល់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
27, Jan 2023 , 10:59 am        
រូបភាព
កម្រិតខ្បល់នៅក្នុងក្រុងបាងកកក្នុងឆ្នាំ២០១៩។ រូបភាព AFP
កម្រិតខ្បល់នៅក្នុងក្រុងបាងកកក្នុងឆ្នាំ២០១៩។ រូបភាព AFP
គុណភាពខ្យល់ក្នុងក្រុងបាងកក បានស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃទី២៦ ខែមករា និងបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងកាត់បន្ថយការងារនៅក្រៅផ្ទះ ក្នុងថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា។
 
តាមសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម Facebook រដ្ឋបាលក្រុងបាងកក (BMA) បានអះអាងថា កម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ PM2.5 គឺមាននៅក្នុងថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ក្នុងក្រុងបាងកក និងខេត្តក្បែរនោះ។ PM2.5 ជាភាគល្អិតតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រូម៉ែត្រ ឬប្រហែល ៣ ភាគរយនៃអង្កត់ផ្ចិតរបស់សក់មួយសរសៃ។ ដោយសារតែជាភាគល្អិតតូចខ្លាំង PM2.5 អាចបង្កឱ្យមានជំងឺផ្លូវដង្ហើម និងមហារីកជាដើម។ 
 
«សាធារណៈជនត្រូវបានលើកទឹកចិត្តឱ្យមានផែនការធ្វើកិច្ចការ និងសកម្មភាពរបស់ខ្លួន។ ជាពិសេសនៅក្នុងតំបន់ដែលកម្រិតខ្យល់ឈានដល់ស្ថានភាពគ្រោះថ្នាក់ រដ្ឋបាលក្រុងស្នើឱ្យកាត់បន្ថយ ឬចៀសវាងសកម្មភាពខាងក្រៅ»។ រដ្ឋបាលក្រុងបាងកក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញថ្ងៃទី២៦ ខែមករា ដោយបន្តជំរុញឱ្យពាក់ម៉ាស់ ប្រសិនបើមានករណីចាំបាច់ចេញមកខាងក្រៅ។ 
 
ទន្ទឹមនេះ រដ្ឋបាលក្រុងបាងកក បានបន្ថែមទៀតថា កម្រិតគ្រោះថ្នាក់ PM2.5 ក៏ត្រូវបានរំពឹងមាននៅក្នុងក្រុងបាងកក និងបរិវេទនោះ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ 
 
ដោយថៃតែងប្រឈមនឹងកម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីប្រឹក្សាបរិស្ថានរបស់អភិបាលក្រុងបាងកក លោក Pornprom Vikitsreth បានអះអាងថា នៅក្នុងឆ្នាំនេះ ថៃបានចូលរួមយ៉ាងសកម្មក្នុងការដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដូចជាលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបានញឹកញាប់ នៅពេល PM2.5 មានកម្រិតគ្រោះថ្នាក់។ 
 
តាមការបញ្ជាក់របស់លោក Pansak Thiramongkol ប្រធានការិយាល័យគ្រប់គ្រងសំឡេង និងគុណភាពខ្យល់ របស់នាយកដ្ឋានគ្រប់គ្រងការបំពុល គុណភាពខ្យល់ធ្លាក់ចុះ តែងកើតមាននៅក្នុងរដូវត្រជាក់ និងអូសបន្លាយដល់ខែមេសា។ 
 
តាមការស្រង់មតិដោយក្រសួងសុខាភិបាលថៃ ចំនួនអ្នកជំងឺ ដែលរងគ្រោះដោយសារជំងឺផ្លូវដង្ហើម ជំងឺស្បែក និងរលាកភ្នែក បានកើនឡើងនៅទូទាំងប្រទេស ក្នុងរយៈពេល៣សប្តាហ៍។ បើតាមវេជ្ជបណ្ឌិត Ekachai Piensriwatchara អគ្គនាយករងនៃនាយកដ្ឋានសុខភាព ចំនួនអ្នកជំងឺដែលរងគ្រោះពីការបំពុលខ្យល់បានកើនដល់ ៩ម៉ឺននាក់ នៅក្នុងខែមករា បើធៀបនឹង១១ម៉ឺននាក់ នៅក្នុងខែធ្នូ ឆ្នាំ២០២២៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com