ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ មេឃុំគោកខ្ពស់ សរសើរពលរដ្ឋឃុំខ្លួន ដែលមានស្មារតីចូលរួមអភិវឌ្ឍសហគមន៍
27, Jan 2023 , 3:59 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 

ស្រុកបន្ទាយអំពិល,​ ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋឃុំគោកខ្ពស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយអាជ្ញាធរភូមិ-ឃុំ ក្នុងការអភិវឌ្ឍសហគមន៍។ មិនតែប៉ុណ្ណោះ ពួកគេមានចំណេះដឹង និងក្លាហានក្នុងការ​​បញ្ចេញមតិយោបល់ ឬកែលម្អ រាល់ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ។


ឃុំគោកខ្ពស់ មានប្រជាពលរដ្ឋចំនួន ១ ៨៣១គ្រួសាររស់នៅ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណេះដឹងរបស់ពលរដ្ឋឃុំគោកខ្ពស់ មានការកើនឡើង ដែលចំណេះដឹងទាំងនោះ បានផ្ដល់ភាពងាយស្រួលដល់ការអភិវឌ្ឍសហគមន៍។  នេះជាការសង្កេតឃើញរបស់លោក ​វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់។
  

លោក ​វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់

សម្រាប់លោកមេឃុំគោកខ្ពស់​ ការកើនឡើងនៃចំណេះដឹង និងការអប់រំរបស់ពលរដ្ឋនៅក្នុងឃុំ បានធ្វើឱ្យការផ្តល់សេវារដ្ឋបាលសាធារណៈ ការរៀបចំសណ្តាប់ក្នុងឃុំ ជាពិសេសបទល្មើលដូចជាគ្រឿងញៀន ចោរកម្ម ក្មេងទំនើងជាដើមក៏ត្រូវបានកាត់បន្ថយដែរ។  លោក វ៉ាន់ ប៉ិក បន្ថែមដូច្នេះថា៖ «ពីមុនយើងថាប្រជាពលរដ្ឋយើងចេះដឹងតិចតួច តែឥឡូវ សម័យជឿនលឿនហើយ មិនដូចមុនទៀតទេ។ ក្មេងជំនាន់ក្រោយនេះ សុទ្ធតែបានរៀនសូត្រច្រើន។ កាលណាពលរដ្ឋមានចំណេះដឹងច្រើន យើង(អាជ្ញាធរ) អត់សូវមានកង្វល់នោះទេពាក់ព័ន្ធនឹងការធ្វើសេវាដល់ពួកគាត់។ អ្វីដែលយើងសប្បាយខ្លាំង គឺមានយុវជនខ្លះ បានធ្វើការងាររដ្ឋ និងឯកជនល្អៗ។ ហើយអ្នកខ្លះ យើងស្នើសុំឱ្យជួសជុលផ្លូវ គឺចូលរួមជាមួយយើង»។ 
 
ក្នុងនាមជា ថ្នាក់ដឹកនាំឃុំ លោក វ៉ាន់ ប៉ិក បានបង្ហាញការសាទរយ៉ាងខ្លាំង ដែលពលរដ្ឋមានស្មារតី ចូលរួមអភិវឌ្ឍភូមិ-ឃុំ ឱ្យមានភាពរីកចម្រើន។ លោក វ៉ាន់ ប៉ិក លើកទឹកចិត្តដល់ពលរដ្ឋ ក្នុងទទួលយកចំណេះដឹងថ្មីៗ និងនាំមកអភិវឌ្ឍសហគមន៍ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕   
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  អភិវឌ្ឍន៍ឃុំ​
© រក្សាសិទ្ធិដោយ thmeythmey.com