ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អាជ្ញាធរឃុំគោកខ្ពស់ យកចិត្តទុកដាក់លើពលរដ្ឋមានពិការភាព កុមារ ចាស់ជរា និងស្រ្តីមានផ្ទៃពោះ
27, Jan 2023 , 6:29 pm        
រូបភាព
ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ការបម្រើសេវាសាធារណៈ នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានលក្ខណៈល្អប្រសើ។ ដោយឡែក ស្រ្តីមានផ្ទៃពោះ កុមារ ជនមានពិការភាព និងចាស់ជរា ត្រូវបានលើកទឹកចិត្ត ក្នុងការទទួលបានសេវាលឿនរហ័ស ដោយសារពួកគេ ស្ថិតក្នុងក្រុមមនុស្សងាយរងគ្រោះ។


លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ បានលើកឡើងថា ជាច្រើនឆ្នាំមកនេះ ឃុំបានផ្ដល់អាទិភាពខ្ពស់ ដល់ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា និងពលរដ្ឋដែលមានពិការភាព ឱ្យទទួលបានសេវាសាធារណៈលឿនរហ័ស ជាងពលរដ្ឋទូទៅ។ ម្យ៉ាងទៀត ពួកគេ ក៏ត្រូវបានលើកលែងបង់ថ្លៃសេវាចាំបាច់មួយចំនួនផងដែរ។ 
 
ឃុំគោកខ្ពស់ បានផ្ដល់បណ្ណសមធម៌ ដល់ពលរដ្ឋដែលមានពិការភាព ស្ទើរតែគ្រប់គ្នា។ បច្ចុប្បន្ន ឃុំគោកខ្ពស់ មានពលរដ្ឋដែលមានពិការភាពចំនួន ១១៦នាក់ ដែលភាគច្រើនជាអតីតកងទ័ព។ ចំណែកពលរដ្ឋដែលមានវ័យចាស់ជរា និងស្រ្តីមានជីវភាពលំបាកក៏ត្រូវបានត្រូវបានអាជ្ញាធរឃុំ យកចិត្តទុកដាក់ និងផ្ដល់បណ្ណក្រីក្រផងដែរ។ បណ្ណទាំងពីរប្រភេទនេះ សុទ្ធសឹងទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាល។
 
ក្នុងករណី ស្រ្តី ឬចាស់ជរា ជួបការលំបាកពាក់ព័ន្ធបញ្ហាជីវភាព ឃុំគោកខ្ពស់ ក៏បានផ្ដល់សាច់ប្រាក់ឧបត្ថម្ភ តាមផែនការសេវាសង្គម» ផងដែរ។ «សេវាសង្គម» គឺជាកញ្ចប់ថវិកាមួយ ដែលឃុំ អាចឧបត្ថម្ភចំពោះស្រ្តី កុមារ និងជនពិការ ដែលជួបការលំបាក ក្នុងនោះ ក៏មានរួមបញ្ចូល ការផ្សព្វផ្សាយ និងអប់រំ ពីសេវានានាដល់ពលរដ្ឋ។ 
 
លោក វ៉ាន់ ប៉ិក ប្រាប់ដូច្នេះថា៖« ពាក់ព័ន្ធនឹងការបម្រើសេវាជូនស្រ្តី កុមារ និងជនពិការ គឺយើងអនុវត្តតាមគោលនយោបាយ របស់រដ្ឋាភិបាល។ គោលដៅរបស់យើងគឺ ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ និងជន(មាន)ពិការ(ភាព)។ ចំពោះ កុមារ និងស្រ្តីមានផ្ទៃពោះ យើងត្រូវពន្លឿនសេវាតាមតម្រូវការពួកគេ។ ជនពិការ ត្រូវផ្ដល់បណ្ណសមធម៌ និងប្រាប់ព័ត៌មានពីការដោះដូរជើងជា(សិប្បនិមិ្មត)ដើម»៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ស្ត្រី
  កុមារ
  ជនមានពិការភាព
  យេនឌ័រ
  ឧត្ដរមានជ័យ
 បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com