ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ អត្រានុកូលដ្ឋាន ជាសេវាដែលពលរដ្ឋសង្កាត់សំរោង មានតម្រូវការ​ច្រើនជាងគេ​
28, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ វ័ន្ត រក្សា(យុវជនសង្កាត់សំរោង)

ក្រុងសំរោង, ឧត្ដរមានជ័យ៖ អត្រានុកូលដ្ឋាន គឺជាសេវាដែលពលរដ្ឋសង្កាត់សំរោង ក្រុងសំរោង មានតម្រូវការច្រើនជាងគេ ហើយអាជ្ញាធរក៏មមាញឹកក្នុងការផ្តល់សេវានេះដល់ពលរដ្ឋក្នុងសង្កាត់​ឱ្យបានរហ័សផងដែរ។ អត្រានុកូលដ្ឋាន គឺជាសេវាពាក់ព័ន្ធនឹងការធ្វើសំបុត្រកំណើត ការចុះសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។
 
លោក ចៀប តុប ចៅសង្កាត់សំរោង បានលើកឡើងថា ការផ្តល់​ចុះបញ្ជីអត្រានុកូលដ្ឋាននៅក្នុងសង្កាត់មិនត្រឹមតែមមាញឹកនោះទេ កិច្ចការងារនេះ ក៏ទាមទារឱ្យ  មន្ត្រីអ្នកផ្តល់សេវាត្រូវមានការប្រយ័ត្នប្រយែង និងមានភាពច្បាស់លាស់ផងដែរ។ លោក ចៀប តុប ពន្យល់បែបយ៉ាងដូច្នេះ៖ «មិនមែនសរសេរក្រដាសមួយសន្លឹក បោះត្រាយកទៅបាននោះទេ។ គេមានសៀវភៅ ២ក្បាល ដើម្បីកត់ត្រាឱ្យដូចគ្នា បើកត់ក្នុងសៀវទី១ លេខរៀងទី១០ សៀវភៅទី២ ក៏លេខរៀងទី១០ដែរ! បើសៀវភៅ២ក្បាលហ្នឹងសរសេរខុសគ្នា នឹងត្រូវសរសេរឡើងវិញទាំងអស់»។
 

លោក ចៀប តុប ចៅសង្កាត់សំរោង 

ដោយសារថាការរៀបចំ និងការពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ត្រូវការភាពល្អិតល្អន់ និងប្រុងប្រយ័ត្នបែបនេះហើយបានជាម្តងម្កាល ការផ្តល់សេវារដ្ឋបាលសង្កាត់ជូនដល់ពលរដ្ឋមានភាពយឺតយ៉ាវ ឬមិនអាចឆ្លើយតបភ្លាមបានតាមតម្រូវការពលរដ្ឋ​។ ត្រង់ចំណុចនេះ លោកចៅសង្កាត់សំរោង ស្នើសុំការយោគយល់ពីពលរដ្ឋ ជាមួយនឹងការប្តេជ្ញា បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងដោះស្រាយបញ្ហានានានៅក្នុងសង្កាត់ ឱ្យបានកាន់តែល្អ នៅក្នុងថ្ងៃខាងមុខ។
 
អ្នកស្រី ដែន ម៉ាប់ ដែលជាពលរដ្ឋរស់នៅភូមិដូនកែវសែនជ័យ សង្កាត់សំរោង បានលើកឡើងថា កន្លងមកអ្នកស្រី បានទៅធ្វើសំបុត្រកំណើតឱ្យកូន និងស្នើឱ្យចៅសង្កាត់ជួយចុះហត្ថលេខាលើឯកសារដើម្បីខ្ចីប្រាក់របស់ខ្លួន។ អ្នកស្រីបន្តថា អាជ្ញាធរ បានស្វាគមន៍ និងយកចិត្តទុកដាក់ ព្រមទាំងសួរនាំពេលពលរដ្ឋទៅទទួលសេវា និងប្រាប់ពលរដ្ឋឱ្យរង់ចាំសិន បើអ្នកផ្តល់សេវាកំពុងជាប់រវល់។ 


អ្នកស្រី ដែន ម៉ាប់ ដែលជាពលរដ្ឋរស់នៅភូមិដូនកែវសែនជ័យ សង្កាត់សំរោង សរសើរថាផ្តល់សេវារដ្ឋបាលរបស់សង្កាត់សំរោង លឿន រហ័ស។​
 
អ្នកស្រី ម៉ាប់ បញ្ជាក់បែបនេះ៖« ពេលខ្ញុំទៅដល់ឃើញគាត់ទំនេរ ឱ្យគាត់ធ្វើឯកសារឱ្យ គាត់ធ្វើឱ្យភ្លាម។ តែបើគាត់រវល់ (គាត់)ឱ្យខ្ញុំចាំមួយភ្លែត។ ចៅសង្កាត់ មិនដែលទាមទារថវិកាពីខ្ញុំទេ តែខ្ញុំស្មគ្រចិត្ត ឱ្យគាត់ដោយខ្លួនឯង»។
ពលរដ្ឋរូបនេះ សប្បាយចិត្តពេលឃើញចៅសង្កាត់ និងអាជ្ញាធរភូមិឃុំ យកចិត្តទុកដាក់ការផ្ដល់សេវា ឱ្យពលរដ្ឋនៅក្នុងមូលដ្ឋាន៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ឧត្ដរមានជ័យ
  សង្កាត់សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com