អន្តរជាតិ
អាម៉េរិក ​នឹង​សាកល្បង​យាន​អវកាស​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០២៧
28, Jan 2023 , 9:29 am        
រូបភាព
លោក Bill Nelson ប្រធាន NASA ។ រូបថត AFP
លោក Bill Nelson ប្រធាន NASA ។ រូបថត AFP
ទីភ្នាក់ងារអវកាសអាម៉េរិកនៅថ្ងៃទី២៤ ខែមករា បានលើកឡើងថា អាម៉េរិកគ្រោងនឹងសាកល្បងយានអវកាសដែលមានម៉ាស៊ីនដើរដោយថាមពលនុយក្លេអ៊ែរនៅឆ្នាំ ២០២៧​ ខាងមុខ ដែលជាផ្នែកមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងរបស់អង្គការណាសា។ ការសាកល្បងយានអវកាសថ្មីនេះ ក៏បង្ហាញពីលទ្ធភាពថ្មីរបស់អាម៉េរិកក្នុងការបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារនាពេលអនាគត។


លោក Bill Nelson អ្នកគ្រប់គ្រងជាន់ខ្ពស់របស់អង្គការណាសា (NASA) នៅថ្ងៃទី២៤ ខែមករាក្នុងអំឡុងសន្និសីទមួយនៅរដ្ឋ Maryland បានលើកឡើងថា អង្គការណាសានឹងចាប់ដៃគូជាមួយទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យោធាអាម៉េរិក (DARPA) ដើម្បីអភិវឌ្ឍម៉ាស៊ីន​យាន​អវកាសដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ហើយនឹងបាញ់បង្ហោះយាន​អវកាសថ្មីនេះទៅកាន់ទីអវកាសឱ្យបានឆាប់បំផុតត្រឹមឆ្នាំ២០២៧។ 
 
ទីភ្នាក់ងារអវកាសអាម៉េរិកបានសិក្សាអស់ជាច្រើនទសវត្សរ៍មកហើយពីគម្រោងប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងម៉ាស៊ីនយាន​អវកាស។ ម៉ាស៊ីនយាន​អវកាសដើរដោយថាមពលនុយក្លេអ៊ែរនេះ ដើរដោយបញ្ជូនកំដៅពីម៉ាស៊ីនអាក់ទ័រនុយក្លេអ៊ែរទៅម៉ាស៊ីនជំរុញអ៊ីដ្រូសែន ដើម្បីផ្តល់នូវកម្លាំងរុញច្រាន។ ការធ្វើបែបនេះត្រូវបានអ្នកវិទ្យាសាស្ត្រជឿថា មានប្រសិទ្ធភាពជាងម៉ាស៊ីនរ៉ុក្កែតដែលប្រើប្រាស់ផ្អែកលើសារធាតុគីមី។
 
មន្ត្រីអង្គការណាសាចាត់ទុកការជំរុញកម្ដៅនុយក្លេអ៊ែរនេះ ជាកត្តាសំខាន់សម្រាប់ការបញ្ជូនមនុស្សទៅក្នុងលំហកាន់តែឆ្ងាយជាងឋានព្រះច័ន្ទ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើរដោយនុយក្លេអ៊ែរនេះអាចធ្វើឱ្យមនុស្សធ្វើដំណើរទៅកាន់ភពព្រះអង្គារពីផែនដីលឿនជាងមុន ដោយប្រើពេល៤ខែជាងជា៩ខែជាមួយនឹងម៉ាស៊ីនធម្មតា។
 
ការធ្វើដំណើរបានកាន់តែលឿនេះ នឹងកាត់បន្ថយការប្រឈមមុខរបស់អវកាសយានិកទៅនឹងវិទ្យុសកម្មក្នុងលំហអាកាស​ ក៏ដូចជាកាត់បន្ថយការចំណាយផ្សេងៗ ដូចជាអាហារ និងទំនិញផ្សេងៗ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ភពព្រះអង្គារ។
 
ការបង្ហាញពីគម្រោងសាកល្បង​យាន​អវកាស​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០២៧នេះ ក៏អាចបង្ហាញពីមហិច្ឆតារបស់កងកម្លាំងអវកាសអាម៉េរិក ដែលបានស្រមៃចង់ដាក់ពង្រាយយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចផ្លាស់ទីផ្កាយរណបផ្សេងទៀតគោចរទៅជិតព្រះច័ន្ទ។ នេះបើតាមមន្រ្តី DARPA និងអង្គការណាសា។ 
 
គួរបញ្ជាក់ថា DARPA ក្នុងឆ្នាំ ២០២១ កន្លងមក បានផ្តល់មូលនិធិដល់ក្រុមហ៊ុន General Atomics, Lockheed Martin និងក្រុមហ៊ុនអវកាស Blue Origin របស់លោក Jeff Bezos ដើម្បីសិក្សាពីការរចនាយានអវកាស​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com