អន្តរជាតិ
អឺរ៉ុប ចង់បញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានសិទ្ធិជ្រកកោនទៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ីវិញ
27, Jan 2023 , 12:29 pm        
រូបភាព
រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាចំណាកស្រុករបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៦ ខែមករា ​បាន​ពិភាក្សា​ពី​ការរឹតបន្តឹងទិដ្ឋាការ និងការសម្របសម្រួលឱ្យកាន់តែប្រសើរឡើង​ដើម្បីបញ្ជូនជនអន្ដោប្រវេសន៍​ដែល​គ្មានសិទ្ធិជ្រកកោន​នៅ​អឺរ៉ុ​បទៅប្រទេសដើមកំណើតវិញដែលនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និង​អាស៊ី។
 
បញ្ហាជនអន្តោប្រវេសន៍ ជាប្រធានបទដ៏រសើបផ្នែកនយោបាយនៅក្នុងចំណោមរដ្ឋសមាជិក EU ខណៈ​ប្រទេសសមាជិកខ្លះចង់កាត់បន្ថយការធ្វើអន្តោប្រវេសន៍ដែលមិនទៀងទាត់។ នាកិច្ចប្រជុំរដ្ឋមន្រ្តីផ្នែកចំណាកស្រុកនេះ រដ្ឋសមាជិក EU គ្រោងបញ្ជូនជនបរទេសដែលគ្មានសិទ្ធិជ្រកកោនទៅប្រទេសកំណើតវិញ។
 
«ការបង្កើតប្រព័ន្ធ EU ដែលមានប្រសិទ្ធភាពនិងរួមគ្នាសម្រាប់ការត្រឡប់ទៅវិញនៃជនចំណាកស្រុក ជាសសរស្តម្ភកណ្តាលនៃប្រព័ន្ធការធ្វើចំណាកស្រុក និងសិទ្ធិជ្រកកោនដែលគួរឱ្យទុកចិត្ត។» នេះបើតាមឯកសារដែលបានពិភាក្សាដោយរដ្ឋមន្ត្រី EU។ 
 
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងពីរសប្ដាហ៍មុននឹងមេដឹកនាំនៃប្រទេសទាំង២៧ ជួបជុំគ្នានៅព្រុចសែល ដើម្បីពិភាក្សាពីបញ្ហាចំណាកស្រុក ហើយក៏រំពឹងថានឹងកំណត់ចំនួនមនុស្សមួយចំនួនដើម្បីបញ្ជូន​ទៅ​វិញផងដែរ។
 
មនុស្សប្រហែល១៦ម៉ឺននាក់បានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ២០២២។ នេះបើយោងតាម​ទិន្នន័យ​របស់អង្គការសហប្រជាជាតិ (UN) ។ សមុទ្រនេះ ជាផ្លូវសំខាន់​ទៅ​កាន់​អឺរ៉ុ​ប​សម្រាប់​ប្រជាជន​ដែលភៀសខ្លួនចេញពីសង្គ្រាម និងភាពក្រីក្រនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីជាដើម។ លើសពីនោះ ជនភៀសខ្លួនអ៊ុយក្រែនជិត ៨លាននាក់ ក៏ត្រូវបានចុះឈ្មោះចូលទៅរស់នៅទូទាំងតំបន់អឺរ៉ុបផងដែរ។
 
ទាក់ទងការបញ្ជូនជនចំណាកស្រុកទៅវិញនេះ សមាជិក EU មិនមានយន្តការសម្របសម្រួលដូចគ្នាឡើយ បន្ថែមពីលើកង្វះធនធានរបស់សមាជិកខ្លះទៀត។ កង្វះការសហការពីប្រទេសដើមកំណើត ក៏​ជាបញ្ហាប្រឈមបន្ថែមទៀតក្នុងការទទួលស្គាល់ ការចេញឯកសារអត្តសញ្ញាណ និងការធ្វើដំណើររបស់ជនដែលត្រូវបញ្ជូនទៅប្រទេសដើមនោះ៕
 
 
 

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com