កីឡាជាតិ
ជាតិ
គ្រូជំនួយជម្រើសជាតិកម្ពុជា៖ យើង យកបទពិសោធន៍ ធ្វើកញ្ចក់ឆ្លុះ មិនមែនដើរតាមបទពិសោធន៍ទេ
28, Jan 2023 , 8:59 am        
រូបភាព
លោក ភា សុភ័ក្ដ្រា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក ភា សុភ័ក្ដ្រា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បង្ហាញមោទកភាពចំពោះកីឡាករជម្រើសជាតិកម្ពុជា ដែលមានការអភិវឌ្ឍខ្លួនលឿននៅរយៈពេលចុងក្រោយ។ យ៉ាងណាលោក ក៏មិនពេញចិត្តចំពោះលទ្ធផលក្នុងការប្រកួត AFF Mitsubishi Electric Cup 2022 ដែរ។ គ្រូជំនួយរូបនេះ ចាត់ទុកការប្រកួតអន្ដរជាតិ ជាបទពិសោធន៍ ប៉ុន្ដែមិនមែនមានន័យថា គោព្រៃកំពុងដើរតាមបទពិសោធន៍ទាំងអស់នោះទេ តែបទពិសោធន៍ជាកញ្ចក់ឆ្លុះពីចំណុចខ្វះខាត ដើម្បីស្ថាបនា។


ទម្រង់លេងកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 បានធ្វើឲ្យប្រទេស ដែលបានចូលរួមប្រកួតជាមួយសរសើរយ៉ាងខ្លាំង។ លោក Alexander Mano Polking គ្រូជម្រើសជាតិថៃ ក៏សរសើរ ដល់ក្រុមកម្ពុជា ថាមានការវិវឌ្ឍខ្លួនលឿន ហើយមានទម្រង់ការពារ និងវាយបកយ៉ាងមានប្រសិទ្ធភាពផងដែរ។ លោក ភា សុភ័ក្ដ្រា បានប្រាប់សារព័ត៌មានថ្មីៗថា កីឡាករកម្ពុជា កាន់តែយល់ពីការប្រកួត និងវិវឌ្ឍខ្លួនលឿន ប៉ុន្ដែត្រូវការប្រឹងប្រែងបន្ដទៀត។  ទោះជា ការប្រកួតរបស់ក្រុមជម្រើសជាតិប្រសើរជាងមុន ប៉ុន្ដែមិនមែនមានន័យថាមោទកភាព ចំពោះលទ្ធផលនេះទេ។
 
«យើង និយាយនេះ មិនមែនមានន័យថាយើងមានមោទកភាពទេ ព្រោះលទ្ធផលយើងនៅតែចាញ់ ប៉ុន្ដែយើង បានអភិវឌ្ឍសមត្ថភាពកីឡាករ កាន់តែច្បាស់ ដើរតួរជាកីឡាករអាជីព ពេលដែលគាត់មកជម្រើសជាតិ គាត់បានលេងនៅកម្រិតមួយដែលផ្សេង ដែលមានការប្រកួតប្រជែងខ្ពស់។»។ គ្រូជំនួយរូបនេះ បាននិយាយដូច្នេះ។
 
ជាក់ស្ដែង ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតអន្ដរជាតិ មិនទាន់រកបានលទ្ធផលណាមួយល្អ នៅឡើយទេ បើទោះជាទម្រង់ប្រកួតល្អ ក៏ដោយ។ ការប្រកួតទាំងនោះអាចជាបទពិសោធន៍យ៉ាងល្អ សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្ដែមិនមានន័យថា កម្ពុជា ត្រូវដើរតាមពីក្រោយបទពិសោធន៍ទាំងនោះទេ។ លោក សុភ័ក្ដ្រា បញ្ជាក់ថាដូច្នេះថា៖«យើងនិយាយពាក្យចាញ់ ដើម្បីបទពិសោធន៍ ប៉ុន្ដែពាក្យនេះ មិនគ្រប់គ្រាន់ទេ ដែលមានមហាជនខ្លះ ដាក់បន្ទុក។ ប៉ុន្ដែបើកីឡាកររបស់យើង បានសិក្សាថា បទពិសោធន៍របស់យើង ធ្វើជាកញ្ជក់កែប្រែ មិនមែនយកបទពិសោធន៍ ដើម្បីដើរតាមបទពិសោធន៍ទេ គឺយកបទពិសោធន៍ ទៅកែតម្រូវដើម្បីការប្រកួត។»។
 
ការប្រកួតនីមួយៗ គ្រូបង្វឹកបានរៀបចំយុទ្ធសាស្ដ្រ និងបច្ចេកទេសប្រកួត ដែលមានភាពបទបែន។ គ្រូជំនួយរូបនេះ ក៏បានបន្ថែមទៀតថា ក្រុមជម្រើសជាតិ គឺជាកន្លែងបូកសរុបលទ្ធផល នៃលីគកំពូលកម្ពុជា ព្រោះកីឡាករទាំងភាគច្រើន ប្រកបអាជីពក្នុងលីគកំពូល។ ការជ្រើសរើសកីឡាករ ចូលរួមក្រុមជម្រើសជាតិ គឺត្រូវជ្រើសរើសអ្នកមានសមត្ថភាព  និងមានភាពវ័យឆ្លាតខ្ពស់ ជាពិសេសកីឡាករ ដែលមានទម្រង់លេងល្អក្នុងលីគ សម្រាប់ក្លិបរបស់គេ។
 
«គ្រូនីមួយៗ ជ្រើសរើសគាត់មក ត្រូវមានគោលការណ៍ ​យុទ្ធសាស្ដ្រនៃការប្រកួតរបស់គាត់។ ដូចនេះការជ្រើសរើសកីឡាករ ក៏ទៅតាមនេះដែរ។ យើង ក៏មានការផ្លាស់ប្ដូកីឡាករទៅតាមនេះ ដែរ។»។ លោក សុភ័ក្ដ្រា បានប្រាប់ដូច្នេះ។
 
គ្រូជំនួយក្រុមជម្រើស បន្ដទៀតថា កីឡាករកម្ពុជា បានប្រឹងប្រែងជាខ្លាំង ដើម្បីបង្ហាញទម្រង់លេងល្អ ដើម្បីបានចូលជាក្រុមជម្រើសជាតិ។ ម្យ៉ាងវិញទៀត កីឡាករកម្ពុជា មានការកែប្រែច្រើន ព្រោះពួកគេ ដឹងថាការប្រកួតក្នុងលីគ មានភាពខុសគ្នាយ៉ាងខ្លាំង ចំពោះការប្រកួតអន្ដរជាតិឲ្យក្រុមជម្រើសជាតិ។ ជាឧទាហរណ៍ ពួកគេ អាចដណ្ដើមបាល់ និងបណ្ដើរបាល់បានយ៉ាងស្រួលក្នុងការប្រកួតឲ្យក្លិបក្នុងលីគ ប៉ុន្ដែសម្រាប់ប្រកួតអន្ដរជាតិ ពួកគេ មិនមានឱកាសក្នុងការគ្រប់គ្រងបាល់បានច្រើនទេ ព្រោះគូប្រកួតតែងដាក់សម្ពាធជានិច្ចដល់កីឡាករ។
 
ដោយឡែក លោក ភា សុភ័ក្ដ្រា មិនអាចបញ្ជាក់បានទេ ចំពោះទម្រង់លេងក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារនេះគឺ យុទ្ធសាស្ដ្រ និងបច្ចេកទេសរបស់គ្រូបង្វឹក ម្យ៉ាងវិញទៀត រាល់យុទ្ធសាស្ដ្រប្រកួត តែងមានភាពបត់បែន។ ដូច្នេះ អ្វី ដែលសំខាន់ក្នុងការត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនោះ គឺការពង្រឹងសមត្ថភាព និងការហ្វឹកហាត់របស់កីឡាករ៕
 

Tag:
 បាល់ទាត់
  ភា សុភ័ក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com