កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ អត្តពលិកមានសារធាតុ «ហាមឃាត់» ត្រូវដកចេញពីស៊ីហ្គេមដោយគ្មានលើកលែង
27, Jan 2023 , 2:42 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣។
ដោយ:
សហព័ន្ធកីឡានៅកម្ពុជាណាមានកីឡាករ-កីឡាការិនី ជាប់ពាក់ព័ន្ធសារធាតុហាមឃាត់ក្នុងកីឡា(អង់ទីដូពីង) នឹងត្រូវដកចេញពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយគ្មានការលើកលែង។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC នាពិធីកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅកម្ពុជា ដែលមាននាយបេសកកម្ម NOC ប្រទេសចំនួន១០ ចូលរួម។
 
«អត្តពលិករូបណា ពិនិត្យឃើញមានសារធាតុហាមឃាត់ ប្រឆាំងនឹងច្បាប់របស់អង់ទីដូពីងគឺត្រូវដកចេញពីការប្រកួត។ នេះគឺជាច្បាប់របស់អន្តរជាតិ មិនមែនកម្ពុជាចេះតែដាក់ចេះតែដកទេ នៅគ្រប់ប្រភេទកីឡាទាំងអស់»។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការ CAMSOC ។
ការអះអាងរបស់លោក វ៉ាត់ ចំរើន បែបនេះក្រោយបញ្ហាអង់ទីដូពីង កើតឡើងក្នុងប្រភេទកីឡាកាយវប្បកម្មនាពេលកន្លងទៅ និងឈានដល់ដកចេញពីស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទៀតផង។ 
 
លោកវ៉ាត់ ចំរើនបញ្ជាក់ទៀតថា ប្រសិនមានកីឡាករ-កីឡាការិនី កម្ពុជាណាជាប់ពាក់ព័ន្ធនឹងសារធាតុញៀនហាមឃាត់ គឺគ្មានករណីលើកលែងឡើយ ដ្បិតនេះជាច្បាប់របស់ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ពិភពលោក (WADA)។
 
«អត់មានលើកលែងទេ ឱ្យតែប៉ះពាល់គឺត្រូវតែគោរពច្បាប់របស់ WADA របស់ពិភពលោក។ WADA ដាក់មកម៉េចយើងត្រូវតែគោរពអ៊ីចឹង»។ លោក វ៉ាត់ ចំរើន បង្ហាញពីការប្រកាន់គោលជំហរម៉ឺងម៉ាត់បែបនេះ ទោះបីមានការស្នើសុំ ឬអន្តរាគមន៍បែបណាក៏ដោយ។
 
គួបញ្ជាក់ថា ករណីកីឡាករកាយវប្បកម្មកម្ពុជា ពីររូបគឺត្រូវបានពិនិត្យឃើញថាបានប្រើសារធាតុហាមឃាត់ក្នុងកីឡា«អង់ទីដូពីង» កាលពីពេលកន្លងទៅដោយកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំចាក់បញ្ចុះជាតិ ស្តេរ៉យ ក្នុងការប្រកួតកីឡាជាតិលើកទី៣។​ វិញ្ញាសាប្រភេទកីឡាកាយវប្បកម្មកម្ពុជា ត្រូវបានដកចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
 
 

Tag:
 វ៉ាត់ ចំរើន
  អង់ទីដូពីង
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com