អន្តរជាតិ
ប្រមុខការទូតតួកគី ចាត់ទុកកិច្ចប្រជុំជាមួយស៊ុយអែត និងហ្វាំងឡង់ថាគ្មានន័យ
27, Jan 2023 , 7:29 pm        
រូបភាព
លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី។ រូបភាព AFP
លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu នៅថ្ងៃទី២៦ ខែមករា បានអះអាងថា កិច្ចប្រជុំត្រីភាគីជាមួយស៊ុយអែត និងហ្វាំងឡង់ ជុំវិញការចូលជាសមាជិកណាតូ គឺគ្មានន័យអ្វីឡើយ។ ការលើកឡើងរបស់ប្រមុខការទូតតួកគីបែបនេះ ធ្វើឡើងក្រោយមានបាតុកម្មស្ថានទូតតួកគី ក្នុងក្រុងស្តុកខុល។
ការចូលជាសមាជិកណាតូពីសំណាក់ស៊ុយអែត និងហ្វាំងឡង់ នៅតែត្រូវបានរារាំងដោយតួកគី បើទោះភាគីទាំងបី មានកិច្ចពិភាក្សាត្រីពិភាក្សាកន្លងមកក៏ដោយ។ យ៉ាងណាមិញ ភាពតានតឹងបានកើនឡើងជាថ្មី ក្រោយមានបាតុកម្មនៅក្រុងស្តុកខុល និងដុតគម្ពីរ Koran ផង។ 
 
ក្រោយមានបាតុកម្មនោះ​ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីជាមួយស៊ុយអែត និងហ្វាំងឡង់ គឺគ្មានន័យអ្វីឡើយ។ 
 
«ក្នុងបរិយាកាសបែបនេះ កិច្ចប្រជុំត្រីភាគី គឺគ្មានន័យឡើយ»។ ប្រមុខការទូតតួកគី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទរួមគ្នាជាមួយឧបនាយករដ្ឋមន្រ្តីទីមួយ និងរដ្ឋមន្រ្តីការបរទេសរបស់ស៊ែប លោក Ivica Dacic នៅថ្ងៃទី២៦ ខែមករា ដោយបន្តថា វាត្រូវបានលើកពេល ដោយសារស្ថានភាពបច្ចុប្បន្ន បានជះឥទ្ធិលើ។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសតួកគី បានប្រាប់ឱ្យស៊ុយអែតឱ្យត្រូវធ្វើសេចក្តីសម្រេច ថាតើខ្លួនចង់ចូលសមាជិកសម្ព័ន្ធយោធាណាតូឬយ៉ាងណា។ លោក Cavusoglu បានបញ្ជាក់យ៉ាងច្បាស់ថា បាតុកម្មនៅមុខស្ថានទូតតួកគីក្នុងក្រុងស្តុកខុល គឺមានបំណងរារាំងស៊ុយអែត មិនឱ្យចូលណាតូ។ 
 
ក្នុងបាតុកម្មនៅមុខស្ថានទូតតួកគីនោះ វាមានវត្តមានអ្នកគាំទ្របក្ស Kurdistan Workers' Party (PKK) ដែលត្រូវបានតួកគីចាត់ទុកជាក្រុមភេរវកម្ម។ ដោយសារតែបាតុកម្មខាងលើ តួកគី បានលើកពេលកិច្ចប្រជុំជាមួយស៊ុយអែត និងហ្វាំងឡង់ ដែលគ្រោងរៀបចំនៅក្នុងខែកុម្ភៈនេះ ជុំវិញការចូលជាសមាជិកណាតូ។​
 
កន្លងមក ប្រទេសទាំងបី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយតួកគី បានសន្យាមិនអនុវត្តសិទ្ធិវេតូរបស់ខ្លួនលើហ្វាំងឡង់ និងស៊ុយអែត។ ប៉ុន្តែហ្វាំងឡង់ និងស៊ុយអែត ត្រូវគាំទ្រតួកគីក្នុងការប្រយុទ្ធភេរវកម្ម និងឆ្លើយតបលើសំណើធ្វើបត្យាប័នជនសង្ស័យជាភេរវករផង។ 
 
មកទល់ពេលនេះ សភាតួកគី មិនទាន់ផ្តល់សច្ចាប័នលើសំណើហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកអង្គការណាតូឡើយ ក្រោមហេតុផលមិនទាន់ត្រូវនឹងសំណើរបស់តួកគី។ 
 
គួររំឭកថា កន្លងមក ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានបញ្ជាក់ថា ស៊ុយអែត មិនគួររំពឹងពីការគាំទ្ររបស់តួកគីឡើយ ក្រោយពីមានការតវ៉ានៅស្ថានទូតតួកគីក្នុងក្រុងស្តុកខុល។ ចំណែក ហ្វាំងឡង់ បានលើកឡើងជាលើកដំបូងក្នុងការចូលជាសមាជិកអង្គការណាតូ មុនស៊ុយអែត។ ប៉ុន្តែ ហ្វាំងឡង់ ត្រូវមើលស្ថានការណ៍ជាមុនសិន ថាតើវាមានរយៈពេលវែងឬយ៉ាងណា ក្នុងការអូសបន្លាយពេលហ្វាំងឡង់ចូលជាសមាជិកសម្ព័ន្ធយោធាមួយនេះ៕
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com