ជាតិ
សេដ្ឋកិច្ច
ទុនបម្រុងអន្តរជាតិរបស់កម្ពុជា​ ធ្លាក់មកនៅត្រឹម១៧,៨ពាន់លាន​ដុល្លារ
27, Jan 2023 , 6:59 pm        
រូបភាព
ទុនបម្រុងអន្តរជាតិកម្ពុជាបានធ្លាក់មកនៅ១៧,៨ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះ គឺមានដល់១២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានដល់២០,៣ពាន់លានដុល្លារ។ ដ្បិតមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែធនាគារជាតិនៃកម្ពុជា អះអាងថា ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញ-សេវា​ បានដល់៧ខែក្នុងករណី​ប្រទេស​ប្រឈម​នឹង​វិបត្តិ ឬ​គ្រាអាសន្ន​ណាមួយ។
 
របាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា ការធ្លាក់ចុះនូវទុនបម្រុងនេះ គឺដោយសារ​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ ជាមួយការធ្លាក់ចុះនៃតម្លៃមូលបត្រ​,​ ការ​វិ​និ​​យោគ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នៅ​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​តំបន់​អឺរ៉ុប​លើ​សញ្ញា​បណ្ណ​បៃតង បរិ​ស្ថាន សង្គម និង​អភិបាលកិច្ច ​(ESG)​។  
 
បើតាមធនាគារជាតិទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានវិនិយោគស្របតាមស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ ធនាគារជាតិបានបញ្ជាក់ថា៖«ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់​​​ ដែលអនុលោមតាមសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា  ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប»។
 
ទោះបីកម្ពុជាមានការធ្លាក់ចុះនូវទុនបម្រុងអន្តរជាតិ ប៉ុន្តែទំហំដែលនៅមានសព្វថ្ងៃសម្រាប់កម្ពុជាគឺនៅតែខ្លាំងក្នុងការធានាដល់ការនាំចូលទំនិញនិងសេវាបានដល់៧ខែ​ ក្នុងករណី​ប្រទេស​មាន​វិបត្តិណាមួយ។ លោក​ វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុង​វេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃទី២៥មករា «ទំហំទុនបម្រុងអន្តរជាតិរបស់កម្ពុជានេះ គឺនៅតែច្រើនអ៊ីចឹង។ ទុនបម្រុងអន្តរជាតិរបស់យើងជាង១៧ពាន់លានដុល្លារអាចគ្រប់ដណ្តប់បានជាង៦ខែនៃការនាំចូល។ ដូច្នេះ តួលេខនេះនៅតែខ្លាំងដដែល»។ 
 
បើតាមលោក​ វង្សី វិស្សុត ទុនបម្រុងអន្តរជាតិកម្ពុជារំពឹងឡើងដល់២០ពាន់លានដុល្លារវិញ នៅក្នុងឆ្នាំ២០២៣នេះ៕  
 
 
 

Tag:
 ទុនបម្រុងអន្តរជាតិ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com