កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ព្រុយណេ​សរសើរ​កម្ពុជាថា ល្អឥតខ្ចោះលើការត្រៀម​រៀបចំស៊ីហ្គេម​ និង​បដិសណ្ឋារកិច្ច
27, Jan 2023 , 3:46 pm        
រូបភាព
លោកស្រី Abdulkarim (ឆ្វេង) ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅកម្ពុជា។
លោកស្រី Abdulkarim (ឆ្វេង) ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅកម្ពុជា។
ដោយ:
 ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នាសណ្ឋាគារហ្គាឌិនស៊ីតធី ថ្ងៃទី២៥ ខែមករា លោកស្រី Umikal Haji Abdulkarim នាយបេសកកម្ម NOC ពិសេសរបស់ប្រទេសព្រុយណេ បញ្ជាក់ថា កម្ពុជាគឺពិតជារួចរាល់សម្រាប់នាមជាម្ចាស់ផ្ទះត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
 
«ក្រោយបញ្ចប់កិច្ចប្រជុំ និងបានស្តាប់ពីបទបង្ហាញរបស់ភាគីកម្ពុជាពីវឌ្ឍនភាព និងការងារផ្សេងៗរបស់គណៈកម្មាធិការជាតិ CAMSOC ខ្ញុំឃើញថាគឺរួចរាល់ល្អ ពិតជាល្អណាស់»។ នាយបេសកកម្ម NOC ព្រុយណេ​ លើកឡើងដូច្នេះ ហើយលោកស្រីថា ពិតជារៀបចំបានល្អបើប្រៀបធៀបទៅនឹងការរៀបចំរបស់ប្រទេសព្រុយណេ កាលពីឆ្នាំ១៩៩៩ គឺកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ។ មន្រ្តី NOC ព្រុយណេបន្តថាភាពរួចរាល់នេះមិនមានអ្វីជាឧបសគ្គទេគឺរង់ចាំតែដល់ថ្ងៃប្រកួតតែម្តង។
 
លោកស្រី Umikal Haji Abdulkarim និយាយថា៖«ទាំងការស្នាក់នៅ ហូបចុក ដឹកជញ្ជូន បច្ចេកទេស អ្វីផ្សេងមានលក្ខណៈទំនើបតាមស្តង់ដារស៊ីហ្គេម ខ្ញុំគិតថាមានតែការរង់ចាំដល់ថ្ងៃប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាតែម្តង»។ មិនត្រឹមតែប៉ុណ្ណោះ នាយបេសកកម្មពិសេសរបស់ព្រុយណេ រូបនេះក៏លើកសរសើរពីការទទួលបានយ៉ាងល្អរបស់ម្ចាស់ផ្ទះផងដែរ។
 
«បដិសណ្ឋារកិច្ចនៅកម្ពុជា គឺទទួលបានល្អ ទាំងការដឹកជញ្ជូន សុវត្ថិភាព ខ្ញុំគឺជាភ្ញៀវមានលក្ខណៈ VIP ដែលបានមកដល់ទីក្រុងភ្នំពេញជាលើកទី២នេះ»។ លោកស្រី Abdulkarim បញ្ជាក់ដូច្នេះ។
 
គួបញ្ជាក់ថា គណៈកម្មការកីឡាជាតិអូឡាំពិកព្រុយណេ នឹងបញ្ជូនអត្តពលិកជម្រើសជាតិមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាមានចំនួនច្រើនជាងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ តាមការគ្រោងទុកនឹងមានជាង៤០នាក់ ដែលត្រូវលេងលើ១១ ទៅ១២ ប្រភេទកីឡា៕
 
 

Tag:
 NOC
  Umikal Haji Abdulkarim
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com