ជាតិ
ជប៉ុនជួយសាលាក្តីខ្មែរក្រហម​២២ម៉ឺនដុល្លារ​​លើ​ការងារ​ដែលនៅសេសសល់ ជាពិសេសការផ្សព្វផ្សាយ
27, Jan 2023 , 8:59 pm        
រូបភាព
ដំណើរការរឿងក្ដីខ្មែរក្រហមនាពេលកន្លងមក។ រូបពីសាលាក្ដីខ្មែរក្រហម
ដំណើរការរឿងក្ដីខ្មែរក្រហមនាពេលកន្លងមក។ រូបពីសាលាក្ដីខ្មែរក្រហម
ភ្នំពេញ៖ ជប៉ុនផ្ដល់ជំនួយ ២២ម៉ឺនដុល្លារ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីជួយផ្សាយលទ្ធផលជុំវិញរឿងក្ដីខ្មែរក្រហម។
 
ស្ថានតូតជប៉ុនប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានថា អ.វ.ត.ក មានតួនាទីសំខាន់ក្នុងការបញ្ចប់ដំណើរការសន្តិភាពទាំងមូលនៅកម្ពុជា ហើយជាកន្លែងពិភាក្សារកយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម។ លើសពីនេះ ក៏ជាកន្លែងពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។ 
 
ហេតុនេះ រដ្ឋាភិបាលជប៉ុន បានជួយដល់ អ.វ.ត.ក ២២ម៉ឺនដុល្លារ ដើម្បីបន្តការងារពាក់ព័ន្ធរឿងក្ដីខ្មែរក្រហមដែលនៅសេសសល់។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចេញថ្ងៃទី២៦មករានេះ ជប៉ុនបានជួយដល់ អ.វ.ត.ក អស់ជាង៨៨,៩លានដុល្លារ ចាប់តាំងពីដំណើរការរឿងក្ដីខ្មែរក្រហមដំបូង មកដល់បច្ចុប្បន្ននេះ។ 
 
ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន សង្ឃឹមថា អ.វ.ត.ក នឹងបន្តកេរដំណែលរបស់ខ្លួន ទៅអ្នកជំនាន់ក្រោយ និងផ្សាព្វផ្សាយពីសារសំខាន់ នៃសមិទ្ធិផលដែលសម្រេចបានពីការកាត់ក្ដីខ្មែរក្រហមដល់សាធារណជនតាមរយៈមុខងារសេសសល់របស់ខ្លួន។ 
 
សូមជម្រាបថា ជប៉ុន និងបារាំង ជាសហប្រធាននៃក្រុមកិច្ចប្រជុំមិត្តរបស់ អ.វ.ត.ក។ ប្រទេសទាំងពីរ បានតាមដានដំណើរការរបស់តុលាការមួយនេះ យ៉ាងសកម្ម៕ 
 
 
 

Tag:
 ជំនួយ
  ជប៉ុន
  កាត់ក្ដីខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com