សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ និង EU បន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញនៅចុងខែមីនា
27, Jan 2023 , 10:29 pm        
រូបភាព
ប្រទេសថៃ និងសហភាពអឺរ៉ុប (EU) បាន​យល់ព្រម​​ចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងភាគីទាំងពីរ បន្ទាប់ពីមានភាពជាប់គាំងជិតមួយទសវត្សរ៍។
 
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមានជំនួបជាមួយស្នងការពាណិជ្ជកម្មអឺរ៉ុបលោក Valdis Dombrovskis ក្រោយពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ Jurin Laksanawisit បានឱ្យដឹងថា ភាគីទាំងពីរមានបំណងចាប់ផ្តើមឡើងវិញនូវការចរចារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅចុងត្រីមាសទីមួយនេះ។ ទន្ទឹមនឹងនេះ លោក Dombrovskis បានប្រកាសនៅលើបណ្តាញសង្គម Twitter ថាភាគី​ទាំង​ពីរ​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ដ៏​ទូលំទូលាយ​មួយ​ដែល​មាន​គុណភាព​ខ្ពស់​ជាមួយ​នឹង​បទប្បញ្ញត្តិ​និរន្តរភាព​ប្រកបដោយ​មហិច្ឆតា។
 
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់ថៃបន្ទាប់ពីអាស៊ាន ចិន អាម៉េរិក និងជប៉ុន។ នៅក្នុង​ឆ្នាំ​២០២២ ទំហំពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​សម្រេច​បាន​ ៤១​ពាន់​លាន​ដុល្លារ ។ ក្នុងនោះការនាំចេញរបស់ប្រទេសថៃទៅកាន់ EU សម្រេចបាន ២២,៨ពាន់លានដុល្លារ ដោយមុខទំនិញនាំចេញសំខាន់ៗមានដូចជា កុំព្យូទ័រ គ្រឿងបង្គុំកុំព្យូទ័រ  គ្រឿងអលង្ការ ម៉ាស៊ីនត្រជាក់ គ្រឿងបន្លាស់ ផលិតផលកៅស៊ូ និងបន្ទះសៀគ្វីអេឡិចត្រូនិក។
 
ចំណែកឯការនាំចូលពី EU វិញសម្រេចបាន ១៨,២ ពាន់លានដុល្លារជាមួយនឹងមុខទំនិញសំខាន់ៗ រួមមាន គ្រឿងម៉ាស៊ីន ឱសថ សារធាតុគីមី គ្រឿងម៉ាស៊ីន សម្ភារៈអគ្គិសនី ឧបករណ៍ទាក់ទងនឹងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ។
 
គួរជម្រាបថា បច្ចុប្បន្នប្រទេស​ថៃ​មានកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៤ ជាមួយ​ប្រទេស​ចំនួន ១៨ រួម​ទាំង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ( RCEP ) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ដើម​ឆ្នាំ​មុន។ កន្លងទៅថ្មីៗនេះ ប្រទេស​ថៃទើបតែបាន​ចុះ​ហត្ថលេខាជាមួយសហភាពអឺរ៉ុប​លើកិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ ​ថៃ-សហភាព​អឺរ៉ុប ( PCA ) ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី៕
 
 
 

Tag:
 ថៃ EU ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com