ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ល្បែងស៊ីសង និងគ្រឿងញៀន គឺជាបញ្ហាដែលមេប៉ុស្ដិ៍សង្កាត់សំរោងបន្តដោះស្រាយ
28, Jan 2023 , 2:59 pm        
រូបភាព
លោក អឿន ពៀក មេប៉ុស្ដិ៍សង្កាត់សំរោង
លោក អឿន ពៀក មេប៉ុស្ដិ៍សង្កាត់សំរោង
ដោយ៖ សំ រស្មី (យុវជនសង្កាត់សំរោង) 
 
ក្រុងសំរោង, ឧត្តរមានជ័យ៖ សកម្មភាពនៃការលេងល្បែងស៊ីសង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅតែបញ្ហាគួរឱ្យបារម្ភរបស់អាជ្ញាធរ។ លើសពីខាតពេល និងសុខភាព ល្បែងស៊ីសង និងគ្រឿងញៀន នឹងនាំទុក្ខដល់គ្រួសារ និងសហគមន៍ផងដែរ។
 
លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បានលើកឡើងថា ការលេងបៀ អាប៉ោង ចាក់កន្ទុយលេខ និងប្រើប្រាស់គ្រឿងញៀន មិនបានផ្ដល់អត្ថប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ឡើយ ប៉ុន្តែធ្វើឱ្យខាតពេលវេលា ធ្វើឱ្យមានហិង្សាក្នុងក្រុមគ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិ។ លោក អឿន ពៀត បានបញ្ជាក់ថា៖« បារម្ភគឺបារម្ភហើយ តែខ្ញុំមិនដឹងធ្វើម៉េច ក្រៅពីការអប់រំគាត់នោះទេ។ ពួកខ្ញុំចុះណែនាំឱ្យឈប់លេង បើគាត់មិនព្រមឈប់យើងមិនដឹងធ្វើម៉េច។ ហាមឃាត់នៅតែហាម! តែពួកគាត់នៅតែលួចលេងអ៊ឹចឹង។ តែមិនមានច្រើនទេ»។
 


បើតាមមេប៉ុស្ដិ៍រូបនេះ ក្នុងនាមអាជ្ញាធរសង្កាត់ មិនចង់ឃើញពលរដ្ឋរបស់ខ្លួន នាំគ្នាប្រព្រឹត្តសកម្មភាពដែលផ្ទុយពីច្បាប់នោះទេ ពិសេសគឺការល្បែងស៊ីសង និងគ្រឿងញៀននេះតែម្តង។ 
ការលុបបំបាត់អំពើល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន គឺជារឿងដ៏លំបាកណាស់ ពោលអាជ្ញាធរតែម្ខាង មិនអាចគ្រប់គ្រងបាននោះឡើយ។  លោក អឿន ពៀត គូសបញ្ជាក់បែបនេះ រួចបន្តថា ការលុបបំបាត់សកម្មភាពល្មើសទាំងនេះ គឺទាមទារការចូលរួមគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ។ លោកលើកទឹកចិត្តពលរដ្ឋនៅក្នុងសង្កាត់ឱ្យបន្តរាយការណ៍មកកាន់អាជ្ញាធរប្រសិនបើមានករណីសង្ស័យពាក់ព័ន្ធសកម្មភាពលួចលាក់លេងល្បែងស៊ីសង និងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀននេះ។ សម្រាប់លោក អឿន ពៀត ប្រជាពលរដ្ឋ មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម បង្កើនបរិយាកាសសុវត្ថិភាព នៅក្នុងសង្កាត់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 គ្រឿងញៀន
  ល្បែងស៊ីសង
  អឿន ពៀត
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com