អន្តរជាតិ
ហេតុអ្វី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​និយាយ​អំពី​អាវុធ​នុយក្លេអ៊ែរ?
28, Jan 2023 , 10:29 pm        
រូបភាព
ដោយ: VOA
នៅក្នុង​រូបថត​ដែល​ផ្តល់​ឱ្យ​ដោយ​ការិយាល័យ​ប្រធានាធិបតី​​កូរ៉េខាងត្បូង បង្ហាញ​អំពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ថ្លែង​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ទៅកាន់​ប្រទេសជាតិ​នៅឯ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
 
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol កំពុង​ជំរុញ​ទៅ​មុខ​នូវ​ការ​ជជែក​ដេញដោល​មួយ​ដែល​គេ​មិន​ធ្លាប់​បាន​គិត​ពី​មុន​អំពី​ថា​តើ​ប្រទេស​របស់​លោក​គួរ​មាន​អាវុធ​នុយក្លេអ៊ែរ​ឬ​ក៏​អត់ ដែល​នេះ​គឺ​ជា​វិធានការ​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដល់​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ដល់​កម្លាំង​ថាមពល​សន្តិសុខ​នៅ​ក្នុង​តំបន់។
 
កាលពី​ពេល​ថ្មីៗ​នេះ លោក Yoon បាន​ស្នើ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ស្ដីពី​គោល​នយោបាយ​មួយ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន ប្រសិនបើ​ស្ថានភាព​សន្តិសុខ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​កាន់តែ​អាក្រក់​ឡើង។
 
ការ​លើកឡើង​របស់​លោក Yoon នេះ​បាន​ធ្វើ​ឡើង​ក្នុង​របៀប​ដែល​ស្ទើរតែ​គ្មាន​ការ​ព្រាង​ទុក​និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​សេនារីយ៉ូ​អាក្រក់​បំផុត​ដែល​អាច​កើតឡើង។ ជំនួយការ​របស់​លោក​បាន​អះអាង​ភ្លាមៗ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​មិន​ងាក​ចេញ​ពី​ការ​តាំងចិត្ត​របស់​ខ្លួន​នៅ​ក្រោម​សន្ធិសញ្ញា​នៃ​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។
 
ទោះជា​យ៉ាង​ណា​ក៏ដោយ ការ​លើកឡើង​របស់​លោក Yoon នេះ​គឺ​ជា​ការ​លើកឡើង​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រយៈពេល​តាំងពី​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​មក។
 
លោក Cheong Seong-chang អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Sejong ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ការបរទេស​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ក្រៅ​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «នេះ​ជា​ការ​វិវត្តន៍​ដ៏​សំខាន់​បំផុត​មួយ។ រហូត​មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មិន​ដែល​ពិចារណា​អំពី​រឿង​អាវុធ​នុយក្លេអ៊ែរ​ឯករាជ្យ​ណា​មួយ​ទេ សូម្បីតែ​ចាត់ទុក​វា​ថា​ជា «ផែនការ​ទី​ពីរ» ក៏ដោយ»។
 
សម្រាប់​លោក Yoon ការ​និយាយ​អំពី​រឿង​អាវុធ​នុយក្លេអ៊ែរ​បាន​ក្លាយជា​លំនាំ​មួយ។
 
នៅ​ពេល​លោក​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​កាលពី​ចុង​ឆ្នាំ ២០២១ លោក Yoon បាន​និយាយ​ថា លោក​នឹង​ពិចារណា​អំពី​ការ​ស្នើ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​ឡើង​វិញ​នូវ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ដកចេញ​កាលពី​ដើម​ទសវត្សរ៍ ១៩៩០។
 
កាលពី​ពេល​ថ្មីៗ​នេះ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នុយក្លេអ៊ែរ ដែល​លោក​ប្រមើល​មើល​ឃើញ​ថា​នៅ​ទី​បំផុត​នឹង​មាន​ឥទ្ធិពល​ដូច​ទៅ​នឹង «ការ​ចែក​រំលែក​នុយក្លេអ៊ែរ» បែប​អង្គការ​អូតង់ (NATO) ដូច្នេះ​ដែរ។
 
ហេតុផល​ជំរុញ​ទឹកចិត្ត​របស់​លោក Yoon ពេល​ខ្លះ​មាន​លក្ខណៈ​ត្រង់ៗ​តែ​ម្ដង។
 
កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​ឥរិយាបថ​បែប​គំរាមកំហែង​កាន់តែ​ញឹកញាប់​ជាង​មុន ហើយ​ស្រប​ពេល​នោះ​ដែរ​ប្រឹងប្រែង​បង្កើន​យ៉ាង​លឿន​នូវ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។
 
នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​សន្យា​បង្កើន «ឱ្យ​បាន​កាន់តែ​លឿន» នូវ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។
 
មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជឿ​ថា រចនាសម្ព័ន្ធ​នៃ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​បច្ចុប្បន្ន​ត្រូវការ​ពង្រឹង​ឡើង​ដើម្បី​ប៉ះប៉ូវ​ជាមួយ​នឹង​ការ​គំរាមកំហែង​កើនឡើង​របស់​កូរ៉េ​ខាង​ជើង។ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ទាំង​នេះ ពួកគេ​ចង់​ឃើញ​មាន​ការ​បង្ហាញ​នូវ​កម្លាំង​យោធា​របស់​សម្ពន្ធភាព​កាន់តែ​ធំ​ជាង​មុន ដែល​ក្នុង​នោះ​រួម​ទាំង​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។
 
ក្នុង​កម្រិត​ធំ​ជាង​នេះ គេ​ក៏​ឃើញ​មាន​ក្ដី​បារម្ភ​ផង​ដែរ​អំពី​ភាព​ឋិតថេរ​របស់​ការ​តាំងចិត្ត​ផ្នែក​ការពារ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កូរ៉េ​ខាង​ត្បូង ជា​ពិសេស​ដោយសារតែ​មាន​ភាព​ចលាចល​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​និង​ប្រជាប្រិយភាព​នៃ​អ្វី​ដែល​ហៅ​ថា​ជា​គោល​គំនិត​នៃ​គោល​នយោបាយ​ការបរទេស «ផ្ដល់​អាទិភាព​ដល់​សហរដ្ឋ​អាមេរិក​ជា​មុន»។
 
កម្លាំង​ជំរុញ​ទាំង​នេះ​បាន​ជួយ​ពន្យល់​ឱ្យ​ឃើញ​អំពី​រលក​កើនឡើង​នៃ​អ្នក​សិក្សា​ស្រាវជ្រាវ​និង​អតីត​មន្ត្រី​នានា​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​គាំទ្រ​ជា​សាធារណៈ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន។
 
តើ​លោក Yoon ចង់​បាន​អ្វី?
អ្នក​វិភាគ​នានា​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​អ្វី​ដែល​លោក Yoon ចង់​សម្រេច​ឱ្យ​បាន​ទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក​រឿង​អាវុធ​នុយក្លេអ៊ែរ​នេះ។ អ្នក​វិភាគ​មួយ​ចំនួន​តូច​ជឿ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​សម្រេច​ឱ្យ​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ យ៉ាង​ហោច​ណាស់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយសារតែ​មាន​ហានិភ័យ​ដ៏​ធំ​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​ដែល​នឹង​កើតឡើង​ជាមួយ​នឹង​វិធានការ​នេះ។
 
ផ្ទុយ​ទៅ​វិញ លោក Yoon អាច​ប្រើ​បញ្ហា​នេះ​ដើម្បី​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅ​កាន់​កូរ៉េ​ខាង​ជើង ឬ​ក៏ ដើម្បី​បំពេញ​ចិត្ត​សម្ពន្ធមិត្ត​អភិរក្ស​និយម​របស់​លោក​ដែល​គាំទ្រ​វិធីសាស្ត្រ​បែប​ខ្លាំងក្លា​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។
 
អតីត​មន្ត្រី​យោធា​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ផលិត​ថាមពល​នុយក្លេអ៊ែរ​ដ៏​ចម្បង​មួយ​រូច​ទៅ​ហើយ បង្កើន​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ប្រទេស​នេះ​សម្រេច​ធ្វើ​ដូច្នេះ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា ការ​លើកឡើង​របស់​លោក Yoon ប្រហែល​ជា​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​គោល​គំនិត​នេះ​ល្មម​អាច​ទទួល​យក​បាន​នៅ​ទីបំផុត។
 
ប៉ុន្តែ ការ​ពន្យល់​ដែល​មាន​លក្ខណៈ​ជាក់ច្បាស់​បំផុត​គឺ​ថា លោក Yoon ចង់​ដាក់​សម្ពាធ​ជា​សាធារណៈ​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្ដល់​ការ​ធានា​ផ្នែក​ការពារ​ឱ្យ​បាន​ខ្លាំងក្លា​ជាង​មុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Go Myung-hyun អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Asan សម្រាប់​ការ​សិក្សា​គោល​នយោបាយ (Asan Inistute for Policy Studies) នៅ​ក្នុង​ទីក្រុង​សេអ៊ូល។
 
លោក Go បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក Yoon ចង់​ឱ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ផ្ដល់​វិធានការ​ពង្រឹង​បន្ថែម​ទៀត​សម្រាប់​ការ​កម្លា​រារាំង។ លោក​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​គិតគូរ​ម៉ឺងម៉ាត់​កម្រិត​ណា​អំពី​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង»។
 
នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​និង​នៅ​ក្នុង​ការ​ដាក់​ពង្រាយ​កាន់តែ​ញឹកញាប់​ជាង​មុន​នូវ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​សមត្ថភាព​អាច​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​បាន​និង​នាវា​ដឹក​យន្តហោះ​ទៅ​កាន់​តំបន់។
 
កាលពី​ពេល​ថ្មីៗ​នេះ យោធា​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ «ទ្រង់ទ្រាយ​តូច» ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សេនារីយ៉ូ​ដែល​កូរ៉េ​ខាង​ជើង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ បើ​ទោះបីជា​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​គំនិត​នៃ «ការ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​រួម​គ្នា» នឹង​មិន​លើក​យក​មក​ពិភាក្សា​ក៏ដោយ។
 
សម្រាប់​អ្នក​ខ្លះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជំហាន​ទាំង​នេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។ ពួកគេ​អះអាង​ថា កូរ៉េ​ខាង​ត្បូង​គួរតែ​មាន​តួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​ការ​រៀបចំ​ផែនការ​និង​ការ​ធ្វើ​ប្រតិបត្តិការ​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ កូរ៉េ​ខាង​ត្បូង​ប្រហែល​ជា​មិន​ដែល​ពេញចិត្ត​ទាំងស្រុង​នោះ​ទេ ដោយសារតែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​សម្រេច​ចុងក្រោយ​អំពី​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សេនារីយ៉ូ​ណា​មួយ​នោះ។
 
តើ​អ្វី​នឹង​កើតឡើង​បន្ទាប់?
បើ​ទោះបីជា​លោក Yoon ប្រហែល​ជា​គិត​ថា ការ​លើកឡើង​ជា​សាធារណៈ​អំពី​ជម្រើស​នុយក្លេអ៊ែរ​នឹង​បង្ខំ​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្ដល់​ការ​ធានា​បន្ថែម​ទៀត​ផ្នែក​សន្តិសុខ​ក៏ដោយ ក៏ «វា​ទំនងជា​នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​នេះ​ទៅ​វិញ​ដោយ​ធ្វើ​ឱ្យ​ទំនាក់ទំនង [រវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក] មាន​ភាព​តានតឹង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Eric Brewer អតីត​មន្ត្រី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន។
 
លោក Brewer ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ធ្វើការ​នៅ​វិទ្យាស្ថាន​ផ្នែក​គំរាមកំហែង​នុយក្លេអ៊ែរ (Nuclear Threat Initiative) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «គួរតែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឱ្យ​បាន​រឹងមាំ​រវាង​ការ​បិទ​ទ្វារ​ចរចា​បន្ថែម​ណា​មួយ​អំពី​ការ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ដល់​កូរ៉េ​ខាង​ត្បូង និង​ការ​បញ្ចៀស​នូវ​ការ​បែកបាក់​ជា​សាធារណៈ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង»។
 
លោក Brewer បាន​លើកឡើង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជា​សាធារណៈ​ថា ខ្លួន​នឹង​មិន​គាំទ្រ​ឱ្យ​កូរ៉េ​ខាង​ត្បូង​មាន​អាវុធ​នុយក្លេអ៊ែរ និង​ថា​ទាំង​រដ្ឋាភិបាល​អាមេរិក​និង​ទាំង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ជា​បន្ត​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ពង្រឹង​សម្ពន្ធភាព»។
 
លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​គួរតែ​ជំរុញ​ជា​លក្ខណៈ​ឯកជន​ផង​ដែរ​ថា ការ​លើកឡើង​ដូច​នេះ [របស់​លោក Yoon] អំពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​គឺ​មាន​លទ្ធផល​ផ្ទុយ​ពី​ការ​រំពឹងទុក​ទាំង​ចំពោះ​ការ​ដោះស្រាយ​ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង​និង​ទាំង​ចំពោះ​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​និង​ការ​ពង្រីក​បន្ថែម​នូវ​វិធី​សាស្ត្រ​កម្លា​រារាំង»។
 
លោក Brewer បាន​ថ្លែង​បន្ត​ថា ប្រសិនបើ​កូរ៉េ​ខាង​ត្បូង​បន្ត​សម្រេច​ឱ្យ​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ ប្រទេស​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សម្ពន្ធភាព​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រេះស្រាំ។
 
លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «គំនិត​ដែល​ថា​ប្រសិនបើ​កូរ៉េ​ខាង​ត្បូង​អាច​បញ្ចុះបញ្ចូល​សហរដ្ឋ​អាមេរិក​ឱ្យ​អនុញ្ញាត​ឱ្យ​ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ នោះ​អ្វីៗ​នឹង​បាន​ប្រសើរ​នោះ គឺ​ជា​ការ​យល់​ខុស។ វា​នៅតែ​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដែល​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​សភា ដែល​ជា​ការ​បញ្ចប់​ជាក់ស្ដែង​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន និង​អាច​ប្រឈម​នឹង​ការ​ឆ្លើយតប​ខ្លាំងក្លា​ពី​ប្រទេស​ចិន»។
 
ប៉ុន្តែ ប្រសិនបើ​ប្រទេស​កូរ៉េ​ខាង​ជើង​បន្ត​ការ​បាញ់​សាកល្បង​មីស៊ីល​បែប​បង្កហេតុ​របស់​ខ្លួន​និង​ការ​សាកល្បង​សព្វាវុធ​ផ្សេងៗ​ទៀត លោក Yoon នឹង​នៅតែ​មាន​អារម្មណ៍​រង​សម្ពាធ​ឱ្យ​ធ្វើ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Go នៃ​វិទ្យាស្ថាន Asan។
 
លោក Go និយាយ​ដូច្នេះ​ថា៖ «មាន​កត្តា​ពីរ​ដែល​រឿងរ៉ាវ​អាច​មាន​ភាព​អាក្រក់​ជាង​មុន​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កត្តា​ទី​មួយ​គឺ​ការ​គំរាមកំហែង​របស់​កូរ៉​ខាង​ជើង​កាន់តែ​ខ្លាំង​ឡើង ឧទាហរណ៍​ដូចជា​ការ​បង្កើន​យ៉ាង​លឿន​នូវ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​និង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM) ជាដើម។ ហើយ​កត្តា​ទី​ពីរ​គឺ​យុទ្ធសាស្ត្រ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com