អន្តរជាតិ
Bloomberg៖ ជប៉ុននិងហូឡង់ចូលជាមួយអាមេរិករឹតបន្ដឹងការនាំចេញម៉ាស៊ីនផលិតបន្ទះឈីបទៅចិន 28, Jan 2023 , 7:29 pm
× ជប៉ុន និងហូឡង់នឹងចូលរួមជាមួយអាមេរិកនៅពេលឆាប់ៗនេះក្នុងការរឹតត្បិតការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅចិន។ ចំណាត់ការបែបនេះអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនអេឡិចត្រូនិកនៅប្រទេសទាំងពីរដែលជាអ្នកនាំចេញដ៏ធំ។ នេះបើយោងតាមរបាយការណ៍កាសែត Bloomberg ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែមករា។
ការឯកភាពគ្នាដែលនឹងឈានដល់ការចេញវិធានការខាងមុខ ធ្វើឡើងក្រោមជំនួបមេដឹកនាំជប៉ុន និងហូឡង់ថ្ងៃទី២៧ ខែមករា។ បើតាម Bloomberg ហូឡង់បានដាក់កម្រិតក្រុមហ៊ុនផលិតបន្ទះឈីប ASML Holding NV ពីការលក់គ្រឿងម៉ាស៊ីនទៅចិនដែលអាចផលិតប្រភេទបន្ទះឈីបទំនើបៗ ហើយជប៉ុនក៏នឹងដាក់កំហិតស្រដៀងគ្នាលើក្រុមហ៊ុនបច្ចេកវិទ្យា Nikon Corp ផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Seiji Kihara បាននិយាយថា ជប៉ុននឹងអនុវត្ដជំហានសមស្របដោយផ្អែកលើវិធានការណ៍ច្បាប់របស់អាមេរិកនិងប្រទេសដទៃទៀត។ លោកបានបដិសេធក្នុងការអធិប្បាយបន្ថែមនៅពេលសួរអំពីរបាយការណ៍ខាងលើនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែមករា
ឯក្រសួងការបរទេសហូឡង់បានបដិសេធការអត្ថាធិប្បាយណាមួយលើបញ្ហានេះ។ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ធ្លាប់បាននិយាយថា លោករំពឹងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក និង សម្ព័ន្ធមិត្តផ្សេងទៀតលើការគ្រប់គ្រងដ៏តឹងរ៉ឹងមួយ ប៉ុន្តែហូឡង់នឹងមិនគ្រាន់តែអនុម័តតាមច្បាប់របស់អាមេរិកនោះទេ។
ទោះជាយ៉ាងណា ជំហររបស់ហូឡង់ និងជប៉ុនលើការត្រួតពិនិត្យការនាំចេញកាន់តែតឹងរ៉ឹងលើចិន ជា ការឈ្នះផ្នែកការទូតដ៏សំខាន់មួយសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ កាលពីខែតុលា ឆ្នាំ២០២២ លោក បៃឌិន បានប្រកាសពីការរឹតបន្តឹងលើការចូលប្រើប្រាស់របស់ទីក្រុង ប៉េកាំងចំពោះបច្ចេកវិទ្យាផលិតបន្ទះសៀគ្វីរបស់អាមេរិកដើម្បីពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ក្រុងប៉េកាំងដែលកំពុងទៅមុខយ៉ាងរហ័ស។
ជុំវិញរឿងនេះ សាស្ត្រាចារ្យសាកលវិទ្យាល័យ Meisei លោក Masahiko Hosokawa និងជាអតីត អគ្គនាយកនៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបាននិយាយថា ខណៈពេល ដែលក្រុមហ៊ុន Nikon អាចរងផលប៉ះពាល់ ក្រុមហ៊ុនជប៉ុនដែលទំនងត្រូវប៉ះពាល់ ដោយការរឹតបន្តឹងថ្មី គឺក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន Tokyo Electron ដែលពឹងផ្អែកលើទីផ្សារចិនប្រហែលមួយភាគបួននៃការលក់របស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com