ជាតិ
ទិន្នផល និងតម្លៃខ្ទឹម នៅត្បូងឃ្មុំ ធ្លាក់ចុះខ្លាំង
28, Jan 2023 , 8:59 pm        
រូបភាព
សកម្មភាពប្រមូលផលស្លឹកខ្ទឹម របស់កសិករ នៅសហគមន៍កសិកម្ម បៃតងគោកស្រុក ខេត្តត្បូងឃ្មុំ។ រូបពី មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ
សកម្មភាពប្រមូលផលស្លឹកខ្ទឹម របស់កសិករ នៅសហគមន៍កសិកម្ម បៃតងគោកស្រុក ខេត្តត្បូងឃ្មុំ។ រូបពី មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ កសិករដាំខ្ទឹម យកស្លឹកលក់ជាង ៦០គ្រួសារ នៅ សហគមន៍កសិកម្ម បៃតងគោកស្រុក បានត្អូញត្អែរពីការបាត់បង់ប្រាក់ចំណេញច្រើនជាងពាក់កណ្ដាល ដោយសារទិន្នផល និងតម្លៃ ធ្លាក់ចុះ។ ស្លឹកខ្ទឹម បានចុះថោកចាប់ពីខែធ្នូ រហូតដល់ពាក់កណ្ដាលខែមករានេះ។ ស្លឹកខ្ទឹម មានតម្លៃត្រឹមតែ ១ពាន់រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ធៀបនឹងពេលកន្លងទៅ បានតម្លៃ ៧ទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាម។
 
សហមាជិក សហគមន៍កសិកម្ម បៃតងគោកស្រុក ស្ថិតក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពេញនិយមដាំខ្ទឹម ជាងបន្លែដ៏ទៃ។ បច្ចុប្បន្ន សហគមន៍ មានផ្ទៃដីដាំដុះខ្ទឹមកើនឡើងដល់ ៦៧ហិកតា ដែលអាចប្រមូលផលបាន ប្រមាណ ១០តោន ក្នុងមួយថ្ងៃ។ 
 

 លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងក្រុមការងារ ចុះសួរសុខទុក្ខ កសិករដាំខ្ទឹម នៅសហគមន៍កសិកម្ម បៃតងគោកស្រុក។ រូបពី មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

លោក សុខ រស់ សមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក បានឱ្យដឹងថា ចន្លោះខែធ្នូ និងមករានេះ ជាពេលវេលាដែលកសិករប្រមូលផលស្លឹកខ្ទឹម។ ក្នុងរដូវនេះ ទិន្នផលស្លឹកខ្ទឹមបានធ្លាក់ចុះ ដោយសារការបំផ្លាញពីដង្កូវ និងសត្វល្អិតចង្រៃ ខណៈតម្លៃចុះថោក ច្រើនជាងពាក់កណ្ដាល ព្រោះតែការប្រមូលផលរបស់កសិករព្រមគ្នា ធ្វើឲ្យឈ្នួញកណ្ដាលពិបាកទិញ។ 
 
ផ្អែកតាមតម្លៃនៅពេលនេះ លោក សុខ រស់ មិនទទួលបានប្រាក់ចំណេញនោះទេ ដោយសារថ្លៃផលិតកសិកម្ម មួយចំនួនឡើងថ្លៃខ្ពស់។ លោក សុខ រស់  បន្ថែមថា ផ្ទៃដីកន្លះហិកតា អាចប្រមូលផលស្លឹកខ្ទឹមបានប្រមាណ ១០តោន ក្នុងនោះ ដែលត្រូវចំណាយលើថ្លៃជី ថ្នាំ និងប្រេងសាំង អស់ប្រហែល ២លានរៀល។ ដូច្នេះ បើដូចសព្វថ្ងៃ ស្លឹកខ្ទឹមលក់បានតម្លៃ ១ពាន់រៀល។ លោកទទួលបានប្រាក់ចំណេញ ក្នុងរង្វង់ ៤០ម៉ឺនរៀល ប៉ុណ្ណោះ ដោយមិនគិតថ្លៃពលកម្ម។
 

 សកម្មភាពប្រមូលផលស្លឹកខ្ទឹម របស់កសិករ នៅសហគមន៍កសិកម្ម បៃតងគោកស្រុក ខេត្តត្បូងឃ្មុំ។ រូបពី មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ 
 
លោក សុខ រស់ ប្រាប់ដូច្នេះថា៖« ដំណាំខ្ទឹម ពោញនិយមណាស់ ប៉ុន្តែ ឥឡូវ វាដល់ពេលប្រមូលផលព្រមៗគ្នា។អ៊ីចឹង ឈ្មួញគេទម្លាក់តម្លៃយើងតែម្ដង។ និយាយទៅ ដំណាំនេះ បើយើងគិតដល់ជី ថ្នាំ ហើយនិងប្រេង គឺមិនចំណេញនោះទេ ព្រោះ សព្វថ្ងៃ វា(ស្លឹកខ្ទឹម) កំពុងប្រឈមមុខ នឹងដង្កូវស៊ី។ អ៊ីចឹង យើងត្រូវការបាញ់ថ្នាំទាំងព្រឹក និងល្ងាច»។ 
 
ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក លោក តេន ទុំ បានដំណាំដាំខ្ទឹម ១,៥ហិកតា ដែលប្រមូលផលស្លឹកខ្ទឹម លក់ខ្លះហើយនោះ បានលើកឡើងថា បច្ចុប្បន្ន ស្លឹកខ្ទឹមមានតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម។ស្លឹកខ្ទឹម បានធ្លាក់ចុះ គុណ៥ដង ធៀបតម្លៃមធ្យម។ លោក រំលឹកថា ស្លឹកខ្ទឹម ធ្លាប់លក់បានតម្លៃខ្ពស់បំផុត ៧ពាន់រៀល ក្នុងមួយគីឡូក្រាម។ 
 
មិនខុសពីកសិករដ៏ទៃទេ លោក តេន ទុំ រអ៊ូថា ការធ្លាក់ចុះតម្លៃស្លឹកខ្ទឹម យ៉ាងគំហុកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញ ព្រោះ សព្វថ្ងៃ ធាតុចូលកសិកម្ម ដូចជា ជី ថ្នាំ និងប្រេងសាំង សុទ្ធសឹងឡើងថ្លៃ។ ទោះជាយ៉ាង ប្រធានសហគមន៍រូបនេះ រំពឹង តម្លៃស្លឹកខ្ទឹម នឹងងើបឡើងវិញ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ព្រោះ ទិន្នផលខ្ទឹម ចាប់ផ្ដើមថយចុះ ដោយសារដង្កូវ និងសត្វចង្រៃ ស៊ី។ 
 
ជាមួយគ្នានេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានណែនាំដល់កសិករ ត្រូវរៀបចំផែនការដាំដុះឱ្យមានលក្ខណៈប្រដេញគ្នា ជៀសវាងការកកស្ទះ។ កសិករ គួរដាំដំណាំឱ្យបានច្រើនមុខ ក្នុងពេលតែមួយ ហើយត្រូវសិក្សា ពីលទ្ធភាពទឹកស្រោចស្រព។ 
 
កសិករ ត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំ ជីគីមី មកប្រើប្រាស់ជីឡ ជីឧស្ម័ន និងជីលាមកសត្វឱ្យបានច្រើនវិញ ព្រោះក្រៅពីសារធាតុចិញ្ចឹម ជីទាំងនេះមានតម្លៃថោក និងធ្វើឱ្យដីល្អប្រសើ។ ជាមួយគ្នានេះ សហគមន៍គួរតែ ពង្រឹងទីផ្សារធំៗបន្ថែមទៀត ដើម្បីងាយស្រួលដល់ការលក់ចេញរបស់កសិករ៕ 
 
 
 
 

Tag:
 ស្លឹកខ្ទឹម
  មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
  ទីផ្សារកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com