ភ្នំពេញ៖ វិមានរំលឹកដល់ទាហានកម្ពុជា និងបារាំង ដែលបានពលី ក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ ក្រោយពីបានរលាយបាត់រូបរាងជិត៥០ឆ្នាំ។ វិមានដែលមានរចនាបទដើម នឹងសាងសង់នៅលើទីតាំងដដែល គឺនៅមុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីឧទ្ទិសដល់ទាហានកម្ពុជា និងបារាំង ដែលបានពលីដើម្បីប្រទេសបារាំង។
វិមានរំលឹក និងឧទ្ទិសដល់ទាហានកម្ពុជានិងបារាំង ដែលបានពលីក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងដំបូង ក្នុងឆ្នាំ១៩២៥ ហើយវិមាននោះត្រូវបានរបបប៉ុលពត ដាក់គ្រាប់បែកបំផ្ទុះកាលពីឆ្នាំ១៩៧៧។ វិមានដែលខ្មែរក្រហមបានកម្ទេចចោល បានចារឈ្មោះយុទ្ធជនកម្ពុជា និងបារាំងទាំងអស់ ដែលបានពលីជីវិតដើម្បីប្រទេសបារាំង។ ឈ្មោះយុទ្ធជនជាង១៨៤នាក់ ត្រូវបានចារនៅក្នុងថ្មម៉ាបពណ៌ផ្កាឈូក ហើយក្នុងនោះមាន៣៣នាក់ ជាជនជាតិបារាំង និង១៥១នាក់ជាជនជាតិកម្ពុជា។
លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង បានលើកឡើងក្នុងពិធីក្រុងពលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ឡើងវិញ “វិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤-១៩១៨ ថាបើទោះបីវិមានរំលឹកគុណនោះ ត្រូវបានដាក់គ្រាប់បែកកម្ទេចដោយខ្មែរក្រហមក្ដី ក៏ការប្ដេជ្ញាចិត្តរបស់យុទ្ធជនកម្ពុជា មិនដែលត្រូវបានគេបំភ្លេចចោលឡើយ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
លោកថាស្លាករំលឹកដល់យុទ្ធជនទាំងនោះ ត្រូវបានសាងសង់ឡើងថាថ្មី ក្នុងវិទ្យាស្ថានទូតបារាំង ដែលមានឈ្មោះយុទ្ធជនទាំងអស់ខាងលើ។ មកដល់ពេលនេះបំណែកដែលនៅសេសសល់ ពីការបំផ្លាញត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ។
លោកបន្ថែមថា យុវជនកម្ពុជាមួយចំនួន បានបញ្ជូនទៅប្រទេសបារាំង ដើម្បីបម្រើការងារតាមរោងចក្រ និងបំពេញការងារផ្នែករដ្ឋបាល អ្នកខ្លះទៀតចាប់ពីឆ្នាំ១៩១៦ បានចូលរួមក្នុងកងវីរៈសេនាតូចឥណ្ឌូចិន ក្នុងនោះមានគិលានុបថាក និងអ្នកបើកបរផងដែរ។ ពួកគេបានចូលរួមប្រយុទ្ធក្នុងសមរភូមិបូពារ តាំងពីឆ្នាំ១៩១៦ ដោយនៅសឺម៉ាំងដឺដាមក្នុងឆ្នាំ១៩១៧ និងនៅវ៉សក្នុងឆ្នាំ១៩១៨។
«ទីកន្លែងនេះ(វិមានរំលឹកគុណ) ជាទីតាំងរំលឹកប្រវត្តិសាស្ត្ររួម ក៏ដូចជាគូសបញ្ជាក់នូវគុណតម្លៃ ដែលប្រទេសទាំងពីរមានរួមគ្នា។ គិតដល់ពេលនេះ១៦០ហើយ នៃទំនាក់ទំនងរវាងកម្ពុជានិងបារាំង។ ១៩១៨ បារាំងបានឈ្នះសង្គ្រាម ដោយសារតែកម្លាំងតស៊ូ របស់ទាហានកម្ពុជានិងបារាំង។ យុទ្ធជនកម្ពុជាប្រមាណ២ម៉ឺននាក់ បានចូលរួមក្នុងសង្គ្រាម ដែលមួយរយឆ្នាំក្រោយមក គេនៅតែហៅថាមហាសង្គ្រាម ឬសង្គ្រាមលោកលើកទី១»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Olivier Becht។
ក្នុងពិធីក្រុងពលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ឡើងវិញនោះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានថ្លែងថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១នេះ ជាការរំលឹកដល់ជយជំនះ របស់បារាំងលើអាល្លឺម៉ងក្នុងសង្គ្រាមលោកលើកទី១។ និងជាការរំលឹកដល់ ពលីកម្មរបស់យុទ្ធជនស្ម័គ្រចិត្តកម្ពុជា ដើម្បីជួយច្បាំងបារាំងដែរ។
គណៈអធិបតី បាចផ្កាទៅក្នុងរណ្ដៅបឋមសិលា
លោកបន្ថែមថាវិមាននោះ ក៏ជាការអរគុណដល់កម្ពុជា ពិសេសចំពោះព្រះមហាក្សត្រ ព្រះករុណាព្រះបាទ ស៊ី សុវត្ថិ ដែលបានបញ្ជូនកងជីវពលខ្មែរ ទៅជួយធ្វើសង្គ្រាមបារាំង ដល់ទឹកដីបារាំងនៅចន្លោះឆ្នាំ១៩១៦-១៩១៨។ លោកថាកងជីវពលរបស់កម្ពុជា ដែលបានបញ្ជូនចេញទៅច្បាំងនៅបារាំង ក្នុងសម័យកាលនោះ ភាគច្រើនជាយុវជន គ្មានបទពិសោធក្នុងសង្គ្រាម ដោយត្រូវប្រឈមនឹងអាកាសធាតុត្រជាក់យ៉ាងខ្លាំង ជាលើកទីមួយក្នុងជីវិតរបស់ពួកគេ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បន្ថែម៖«ពិធីសម្ពោធវិមានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ត្រូវបានរៀបចំយ៉ាងឱឡារឹក និងឧត្ដង់ឧត្តមបំផុត ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ របស់ព្រះរាជាកម្ពុជា ព្រះបាទ ស៊ី សុវត្ថិ និងលោក ម៉ាក់ហ្សាល់ ម៉ាក់ឡាំង ទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិន និងលោក ហ្វ្រង់ស្វ័រ ប៊ូដុង ទេសាភិបាលបារាំងប្រចាំកម្ពុជា។ និងមានវត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ព្រះរាជទាយាទផងដែរ»។
ក្នុងពីធីក្រុងពលីកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក Olivier Becht ក៏បានរំលឹកអំពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សីផងដែរ ដែលលោកហៅថា រុស្សីបានកំពុងបន្តឈ្លានពានប្រទេសអ៊ុយក្រែន ប្រកបដោយភាពព្រៃផ្សៃនិងហឹង្សាមិនធ្លាប់មាន។ លោកថា បើទោះបីជាសង្គ្រាមលោកលើកទី១ មានការបំផ្លេចបំផ្លាញ និងការឈឺចាប់យ៉ាងធំធេង និងចំនួនអ្នកដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាមនេះ មានច្រើនហួសពីការស្មានក្ដី ក៏សង្គ្រាមនោះនៅតែកើតឡើងជាបន្តបន្ទាប់ នៅពេលខាងក្រោយទៀត។
រណ្ដៅបឋមសិលា នៃវិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស បានអះអាងថា បារាំងនឹងបន្តស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីគាំទ្រកម្ពុជាក្នុងការចូលរួមរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោកថាបារាំង បានចូលរួមចំណែកតាំងពីយូរណាស់មកហើយ ដើម្បីពង្រឹងសមត្ថភាពកងយោធាកម្ពុជា។ ហើយបារាំងមានមោទកភាព ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលទាហានកម្ពុជា ដែលត្រូវបានដាក់ពង្រាយ ក្នុងប្រតិបត្តិការរក្សាសន្តិភាព។ ទាហានមួយខៀវកម្ពុជាប្រមាណ៨០០នាក់ ក្នុងនោះមានទាហានជាស្ត្រីភាគច្រើន កំពុងបំពេញការងារ ជាពិសេសក្នុងប្រទេសប្រើប្រាស់ភាសាបារាំង ដូចជាម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងលីបង់។
វិមានជាច្រើនត្រូវបានសាងសង់ឡើង ក្នុងទសវត្សរ៍ក្រោយសង្គ្រាម។ នៅប្រទេសបារាំងមានវិមានចំនួន ៣៥,០០០ ដែលត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់យុទ្ធជន។
លោក ជា សុផារ៉ា លើកឡើងថា ការសាងសង់នេះជាការបង្ហាញ ការរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំថែមទៀត។ វិមានថ្មីនេះក៏នឹងធ្វើឱ្យរាជធានីភ្នំពេញ ដែលជាបេះដូងនៃមជ្ឈមណ្ឌលសន្តិសុខនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍និងកាទូត ដែលមានវ័យចំណាស់ជិត៦០០ឆ្នាំកន្លងមកហើយនោះ ទទួលបានមកវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រ ដែលបានបាត់បង់ជិត៥០ឆ្នាំកន្លងផុតទៅ។
គម្រោងសាងសង់ឡើងវិញ វិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ នឹងត្រូវអនុវត្តិក្នុងរយៈពេល៨ខែ ដោយប្លង់ស្ថាប័ត្យកម្ម យកតាមប្លង់ដើម គូរដោយលោក ប៉ូល ឌូសគ័ងទាំងស្រុង។ ឃឿនរបស់វិមានមានទម្រង់៨ជ្រង់ មាន៤ថ្នាក់ ធ្វើអំពីបេតង់ ក្រាលថ្មក្រានីត ដោយមានទំហំខឿនសរុប១៤.២២ម៉ែត្រ គុណនឹង១៤.២២ម៉ែត្រ។ កម្ពស់សរុប ១២.៧៤ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់០,៦៧ម៉ែត្រ លម្អដោយសួនច្បារ។ ថ្នាក់ទី២ កម្ពស់១.១៧ម៉ែត្រ។ ថ្នាក់ទី៣ កម្ពស់ ១.៣៨ និងថ្នាក់ទី៤ កម្ពស់១.៦៧ម៉ែត្រ។
មានរូបសំណាកសត្វតោ ធ្វើអំពីលង់ហិនចំនួន៤ ក្នុងទម្រង់រចនាបថខ្មែរ ដោយល្បាក់ទម្រធ្វើអំពីបេតុង ដោយស្ថិតនៅតាមជ្រុងទាំង៤ នៅលើខឿនថ្នាក់ទី១។ ល្បាក់ទម្រកន្តឹង មានទម្ររាងសញ្ញាលេខបូកបួនជ្រុង ធ្វើអំពីបេតុង មានកម្ពស់២.៩៦ម៉ែត្រ បញ្ចប់ដោយបិទថ្មក្រានីត។ ចន្លោះជ្រុងទាំង៤ មានលម្អដោយក្បាលដំរីខាងក្រោម និងនាគក្បាល៧ខាងលើ ភ្ជាប់ទៅនឹងផ្នែកខាងក្រោម នៃតួកន្ដឹង។ តួកណ្ដឹងមានរាងមូល មានលំនាំតាមតួចេតិយព្រះបាទពញាយ៉ាត ធ្វើអំពីលង់ហិនមានកម្ពស់ ៤.៧៤ម៉ែត្រ រំលេចដោយចម្លាក់លាន មានរូបភាពប្រជាជនខ្មែរ ក្នុងកាយវិកាអបអរសាទរដល់ទាហានខ្មែរបានរាំង ព័ទ្ធជុំវិញតួកន្ដឹង។
នៅផ្នែកលើបង្អស់មានរូបទាហាន២នាក់ ដោយម្នាក់ជាទាហានខ្មែរ និងម្នាក់ទៀតជាទាហានបារាំង ធ្វើពីលង់ហិន មានកម្ពស់ ៣.៣៩ម៉ែត្រ។ នៅក្នុងដៃមានកាន់ស្លឹកកន្ទួត ឬស្លឹកអូលីវ តំណាងឱ្យសន្តិភាព។ មានសន្លឹកសីម៉ា ផ្នែកមុខវិមាននៃរូបសំណាក។ មានស្លាកឈ្មោះជាប់ជាមួយចម្លាក់ទម្រតួកន្ដឹង ដោយឆ្លាក់ឈ្មោះយុទ្ធជនដែលបានពលីជីវិតចំនួន១៨៤នាក់៕