ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ជម្រាលនៅអគារសង្កាត់សំរោង ​ ជាការគិតគូរដល់ជនមានពិការភាព ​កុមារ និងចាស់ជរា
28, Jan 2023 , 10:59 pm        
រូបភាព
ដោយ៖ សំ រស្មី(យុវជនសង្កាត់សំរោង)

ក្រុងសំរោង, ឧត្តរមានជ័យ៖ ជម្រាលសម្រាប់ជនមានពិការភាពដែលត្រូវបានសាងសង់នៅនឹងអគាររដ្ឋបាលសង្កាត់សំរោង នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋដែលមានពិការភាព ក្មេងតូច និងមនុស្សចាស់ដែលកំពុងរស់នៅក្នុងសង្កាត់។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង ដោយលោកបានបន្តថា ថវិកាសម្រាប់សាងសង់ជម្រាលនេះ គឺអាជ្ញាធរសង្កាត់បានរៃអង្គាសពីសប្បុរសជននានា សម្រាប់ត្រៀមទុកឱ្យជនមានពិការភាព និងមនុស្សចាស់ ងាយស្រួលដើរ ឬរុញរទេះឡើង នៅពេលមកទទួលសេវាក្នុងសង្កាត់។
 
ការសង់ជម្រាលជនពិការនេះ ជាគោលការណ៍មួយរបស់អាជ្ញាធរសង្កាត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែល​មានអ្នកពិការភាពជាពិសេស។ ​ ក្រៅពីសង់ជម្រាល មន្ត្រីរដ្ឋបាលសង្កាត់ ក៏យកចិត្តទុកដាក់ខ្លាំង នៅពេលដែលពលរដ្ឋដែលមានពិការភាពមកទទួលសេវានៅសង្កាត់ដែរ ដោយការរៀបចំឱ្យពួកគាត់ទទួលបានសេវាមុនគេ និងមិនមានការរើសអើង​នោះទេ។ ជនមានពិការភាពដែលមានស្ថានភាពក្រីក្រ អាជ្ញាធរសង្កាត់ ក៏ផ្តល់​បណ្ណសមធម៌ជូនផងដែរ។
 

លោក ចៀប តុប ចៅសង្កាត់សំរោង

នេះបើតាមលោកចៅសង្កាត់ ចៀប តុប ដោយលោកបានបញ្ជាក់បន្ថែមថា៖ «ពីដើមមកអត់មានជម្រាល តែខ្ញុំខំប្រឹងរកជំនួយ ដើម្បីធ្វើវាទុកឱ្យអ្នកជំនាន់ក្រោយទៀតបានប្រើប្រាស់ទៅថ្ងៃអនាគត មិនមែនមានប្រយោជន៍តែខ្លួនឯងទេ។ អ្នក(មាន)ពិការ(ភាព) ក្នុងសង្កាត់ខ្ញុំ ក្ដោបទិន្នន័យអត់បានអស់។ អ៊ឹចឹងពិបាកប្រាប់ ព្រោះខាងប៉ុស្ដិ៍គេអ្នករៀបចំ»។


 
លោក ខៀវ ភក្រ័ ជាពលរដ្ឋដែលមានពិការភាពម្នាក់រស់នៅភូមិកណ្ដែក សង្កាត់សំរោង ។ បុរសវ័យ​៥៦ឆ្នាំរូបនេះ រៀបរាប់ថា រូបគាត់ពេញចិត្តចំពោះការផ្ដល់សេវារបស់រដ្ឋបាល​សង្កាត់ ព្រោះអាជ្ញាធររួសរាយរាក់ទាក់ មិនរើសអើង និងយកចិត្តទុកដាក់ខ្លាំងនៅពេល​ដែលគាត់ទៅរកសេវានៅសង្កាត់។ លោក ខៀវ ភ័ក្រ បានបញ្ជាក់ថា៖« ការទទួលសេវានៅសង្កាត់សំរោង មិនតម្រូវបង់ថ្លៃនោះទេសម្រាប់អ្នកពិការ តែខ្ញុំឱ្យទឹកតែពួកគាត់តិចតួច បើថាទារពួកគាត់មិនទាមទារអីទេ! ចំពោះខ្ញុំ»។
  

លោក ខៀវ ភក្រ័ ជាពលរដ្ឋដែលមានពិការភាពម្នាក់រស់នៅភូមិកណ្ដែក សង្កាត់សំរោង

ក្រៅពីការស្វាគមន៍ពីអាជ្ញាធរ លោក ខៀវ ភ័ក្រ ក៏ត្រេកអរ ចំពោះការសង់ជម្រាលសម្រាប់ជនមានពិការភាពនៅឯរដ្ឋបាលសង្កាត់ផងដែរ ព្រោះវាបានជួយសម្រួលដល់ការឡើងចុះអគារសង្កាត់ នៅពេលគាត់ទៅទទួលសេវា៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ឧត្ដរមានជ័យ
  សង្កាត់សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com