ជាតិ
WMF សម្រុកជួសជុលប្រាសាទភ្នំបាខែង និងមានគម្រោងជួសជុលប្រាសាទឥដ្ឋជុំវិញ
29, Jan 2023 , 8:59 am        
រូបភាព
ការដ្ឋានជួសជុលប្រាសាទភ្នំបាខែង
ការដ្ឋានជួសជុលប្រាសាទភ្នំបាខែង
សៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund-WMF) កំពុងមមាញឹក ជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលជាគម្រោងជួសជុលជំហានទី៣។ គម្រោងនេះ អាចប្រើពេល៦ឆ្នាំទៀត។ ក្រៅពីតួពីរ៉ាមីត អង្គការរបស់សហរដ្ឋអាមេរិកមួយនេះ ក៏គ្រោងជួយកម្ពុជា ជួសជុលប្រាសាទឥដ្ឋជុំវិញបន្ថែម។
 
អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF លោកស្រី Ginevra Boatto លើកឡើងថា គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលស្ថិតនៅប៉ែកខាងលិចតួពីរ៉ាមីត បានចាប់ផ្តើមពីឆ្នាំ២០១៩មក។ មកទល់បច្ចុប្បន្ន ការងារនេះ គឺសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រីបន្តថា គម្រោងនេះត្រូវការពេលប្រហែល៦ឆ្នាំទៀត។ 
 


បើតាមអ្នកជំនាញ បញ្ហាប្រឈមសំខាន់ៗនៅប្រាសាទភ្នំមួយនេះ គឺអាយុកាល ការចាស់ទ្រុឌទ្រោម ដែលធ្វើឱ្យថ្មនៅតាមជ្រុងប្រាសាទនេះ រលំ ដោយសារការហូរច្រោះទឹក។ លោកស្រី Ginevra Boatto ពន្យល់ថា៖« យើងត្រូវយកថ្មភ្នំនៅផ្នែកខាងក្នុងចេញ ជាថ្មដែលខ្សោយ ជំនួសថ្មថ្មី និងបន្ថែមថ្មបាយក្រៀមថ្មី និងថ្មភក់»។ 
 
ក្រៅពីនេះ ក្រុមការងារជួសជុល បានព្យាយាមស្វែងរកថ្មចាស់ៗ ដែលជ្រុះធ្លាក់ ឬខ្ទាតនៅ តាមព្រៃជុំវិញប្រាសាទ ឬអាចត្រូវយកទៅប្រាសាទដទៃ។ ប្រសិនបើរកពុំឃើញទេ គេត្រូវប្រើថ្មថ្មីជំនួស តែក្នុងកម្រិតទាប។ នេះជាការបញ្ជាក់ពីលោកស្រី Ginevra Boatto។
 


គួរបញ្ជាក់ថា គម្រោងជួសជុលប្រាសាទភ្នំបាខែង អនុវត្តន៍គម្រោងដោយ​អង្គការមូលនិធិប្រាសាទពិភពលោក បានចាប់ផ្តើមពីឆ្នាំ២០០៨មក ដោយផ្តើមជួសជុល​នៅប៉ែក​ខាងកើត។ តាមការអះអាងរបស់មន្រ្តីអង្គការ WMF ការជួសជុលតួប្រាសាទទាំងមូលសម្រេចបាន​ប្រមាណ៦០ទៅ ៧០ភាគរយហើយ។ ក្រៅពីជួសជុលតួប្រាសាទពីរ៉ាមីត ក្នុងនោះអង្គការនេះ ក៏មានគម្រោងជួយជួសជុលប្រាសាទឥដ្ឋនៅជុំវិញប្រាសាទ ដែលមានចំនួន៤៤ប្រាសាទផងដែរ នាពេលអនាគត។ 
 
គួររំឭកថា ក្រោយមានវត្តមាននៅតំបន់រមណីយដ្ឋានអង្គរជាង៣០ឆ្នាំមកនេះ អង្គការ WMF បានសហការជួសជុលប្រាសាទមួយចំនួន ដូចជាប្រាសាទព្រះខ័ន ប្រាសាទតាសោម និងចម្លាក់កូរសមុទ្រទឹកដោះ នៃប្រាសាទអង្គរវត្ត។ អ្នកគ្រប់គ្រងគម្រោងអភិរក្សរបស់អង្គការនេះ បង្ហើបថា ស្ថាប័នខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយជួសជុល និងអភិរក្សប្រាសាទដទៃទៀត៕


 
 

Tag:
 ប្រាសាទភ្នំបាខែង
  WMF
© រក្សាសិទ្ធិដោយ thmeythmey.com