ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ជិតបោះឆ្នោត ការធ្វើអត្តសញ្ញាណបណ្ណនៅក្នុងឃុំកណ្តោល មានភាពមមាញឹក 29, Jan 2023 , 9:59 pm
លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
×
ដោយ៖ ចាន់ រដ្ឋា (យុវជនឃុំកណ្តោល)
ស្រុកបូទុមសាគរ, កោះកុង៖ ការធ្វើអត្តសញ្ញាណបណ្ណ នៅក្នុងឃុំកណ្តោល សុ្រកបូទុមសាគរ មានភាពមមាញឹកជាងមុន ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់។ បើតាមលោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ពលរដ្ឋដែលមកធ្វើអត្តសញ្ញាណភាគច្រើនជាអ្នកទើបគ្រប់អាយុ និងអត្តសញ្ញាណបណ្ណហួសសុពលភាព។ ករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ មិនសូវមាននោះទេ។
លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល អត្តសញ្ញាណបណ្ណ ជាបណ្ណសម្គាល់ខ្លួនដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋម្នាក់ៗ ទាំងតម្រូវការសម្រាប់ធ្វើដំណើរ ការធ្វើការងារ និងប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ។ ដើម្បីធ្វើអត្តសញ្ញាណបណ្ណបាន ពលរដ្ឋដែលទើបគ្រប់អាយុ ត្រូវយកសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ទៅកាន់ប៉ុស្តិ៍នគរបាលឃុំ។ ចំពោះការដូរអត្តសញ្ញាណបណ្ណហួសសុពលភាព ពលរដ្ឋត្រូវយកអត្តសញ្ញាណបណ្ណដែលហួសសុពលភាពនោះ សំបុត្រកំណើត និងសៀវភៅស្នាក់នៅ ទៅធ្វើនៅប៉ុស្តិ៍នគរបាលឃុំ។
មន្ត្រីទទួលបន្ទុកអត្តសញ្ញាណកម្ម ប្រចាំប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
សម្រាប់ការធ្វើអត្តសញ្ញាណបណ្ណនេះ គឺមិនមានការបង់ថ្លៃសេវានោះទេ។ នេះបើតាមលោក មេប៉ុស្តិ៍ស្ដីទី នៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ដែលបានបញ្ជាក់ទៀតថា ពលរដ្ឋនឹងទទួលបានអត្តសញ្ញាណបណ្ណយកមកប្រើប្រាស់វិញ នៅរយៈពេល៣ខែបន្ទាប់ពីការថតរូបធ្វើអត្តសញ្ញាណបណ្ណតាមការកំណត់របស់ក្រសួងមហាផ្ទៃ។
ក្នុងនាមជាអាជ្ញាធរឃុំ លោក សុខ រចនា បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកណ្តោល ដែលដល់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណ ឬមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងបើបាត់ ឬខូចអត្តសញ្ញាណបណ្ណ ឱ្យរួសរាន់មកធ្វើឯកសារសម្គាល់ខ្លួនដ៏មានភាពចាំបាច់នេះ នៅប៉ុស្តិ៍នគរបាលឃុំ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ប៉ុស្តិ៍ឃុំកណ្តោល
អត្តសញ្ញាណបណ្ណ
សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com