ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ឃុំកណ្តោលមានមន្ត្រី​ប៉ុស្តិ៍​៦នាក់ ដើម្បីផ្តល់សេវា និងការពារសុវត្ថិភាព​ពលរដ្ឋ
29, Jan 2023 , 11:59 am        
រូបភាព
ដោយ៖ ចាន់ រដ្ឋា (យុវជនឃុំកណ្តោល) 
 
ស្រុកបូទុមសាគរ, កោះកុង៖ ប៉ុស្តិ៍នគរបាលឃុំកណ្តោល មានមន្ត្រីសរុប ៦នាក់ ដែលកំពុងផ្តល់សេវារដ្ឋបាលជូនពលរដ្ឋ ដែលមានដូចជាការធ្វើអត្តសញ្ញាណបណ្ណ ការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងបញ្ជាក់ការផ្លាស់ប្តូរទីលំនៅជាដើម។ ក្រៅពីផ្តល់សេវារដ្ឋបាល កម្លាំងប៉ុស្តិ៍នគរបាលឃុំ ក៏មានតួនាទីសំខាន់ នៅក្នុងការថែរក្សា និងការពារសុវត្ថិភាពជូនពលរដ្ឋដោយសហការជាមួយប្រជាការពារភូមិប្រមាណ៣០នាក់ទៀតផងដែរ។
 
​លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានឱ្យដឹងថា ទោះកម្លាំង៦នាក់ ដែលកំពុងបម្រើការងារនៅប៉ុស្តិ៍កណ្តោលសព្វថ្ងៃនេះ អាចរ៉ាប់រងនូវទំហំការងារផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋបាន។
 
បើតាមស្តង់ដារប៉ុស្តិ៍ឃុំកណ្តោល ត្រូវមានតម្លាំងចំនួន៩នាក់ ​សម្រាប់បម្រើសេវាជូនពលរដ្ឋ​។ ជុំវិញវិសមភាពកម្លាំងប៉ុស្តិ៍នគរបាល និងទំហំការងារផ្តល់សេវានៅក្នុងឃុំនេះ លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបញ្ជាក់ថា មិនទាន់ចោទជាបញ្ហានៅឡើយ។ សម្រាប់ រចនា មេប៉ុស្តិ៍ស្ដីទីរូបនេះ លោកនៅអាចបែងចែកកម្លាំងទាំង៦នាក់ ក្នុងការយាមល្បាត និងប្រចាំការទាំងយប់ ទាំងថ្ងៃ ដើម្បីផ្តល់សេវាដល់ពលរដ្ឋបានសមល្មម ដោយមិនឱ្យពលរដ្ឋរង់ចាំយូរនោះទេ។ 
 

 លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
 
«សព្វថ្ងៃគឺគាត់សរសើរយើងច្រើន ដោយសារការបម្រើសេវាសាធារណៈជូនពួកគាត់បានល្អជាងមុនឆ្ងាយ។ គាត់មកធ្វើឯកសារណាមួយ គឺយើងធ្វើជូនគាត់ ដោយមិនឱ្យពួកគាត់​រង់ចាំយូរ ឬក៏ចាំពេលនេះ ពេលនោះ គឺអត់ទេ»។ នេះជាការបញ្ជាក់របស់ លោក សុខ រចនា ។
 

 មន្ត្រីទទួលបន្ទុកផ្នែអត្តសញ្ញាណកម្មនៅប៉ុស្តិ៍នគរបាលឃុំកណ្តោល។

ដ្បិតថាមេប៉ុស្តិ៍ស្តីទីរូបនេះ អាចលៃលកចែកកម្លាំងល្បាត និងផ្តល់សេវាជូនពលរដ្ឋពិតមែន ប៉ុន្តែលោក រចនា ក៏ទទួលស្គាល់ដែរការខ្វះខាតកម្លាំងនេះ ក៏ធ្វើឱ្យមន្ត្រីដែលកំពុងបម្រើការងារសព្វថ្ងៃនេះ មានការហត់នឿយច្រើនដែរ។ លោក សុខ រចនា ក៏ចង់បានកម្លាំងមកបន្ថែមទៀត ដើម្បីជួយសម្រួលការងារក្នុងអង្គភាពផងដែរ។ «ប្រសិនបើមានកម្លាំងបន្ថែម ក៏វាល្អ ក៏ប៉ុន្តែកម្លាំងយើងសព្វថ្ងៃប៉ុណ្ណឹង ក៏យើងអាចគ្រប់គ្រងស្ថានការណ៍បាន ព្រោះអីពីមុនប៉ុស្តិ៍របស់យើងមានកម្លាំងតែ ២-៣នាក់។ តែឥឡូវគឺថ្នាក់លើក៏បារម្ភត្រង់កន្លែងហ្នឹង អ៊ីចឹងគាត់ក៏ឱ្យកម្លាំងបន្ថែម នៅពេលខាងមុខ១នាក់ទៀត»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ប៉ុស្តិ៍ឃុំកណ្តោល
  សេវាសាធារណៈ
  សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com