ជាតិ
រកឃើញកុមារកង្វះអាហារូបត្ថម្ភចំនួន១៦០នាក់ នៅស្រុកក្រឡាញ់ ក្នុងឆ្នាំ២០២២
29, Jan 2023 , 3:29 pm        
រូបភាព
 រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
ក្រុមទ្រទ្រង់សុខភាពភូមិ ដែលទទួលបានការបណ្តុះបណ្តាលផ្នែកសមត្ថភាព និងសុខភាពសហគមន៍ ពីមន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារ១៦០នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប មានកង្វះអាហារូបត្ថម្ភ។
 
ឆ្នាំ២០២២កន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានបណ្តុះបណ្តាលផ្នែកសមត្ថភាព និងសុខភាពសហគមន៍ ដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន១៧៨៩នាក់ និងចែករំលែកបន្តដល់អ្នកភូមិបានជាង៣៦ ០០០នាក់បន្ថែម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ វគ្គបំប៉នសុខភាពមូលដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពសហគមន៍ ​ព្រមទាំងកាត់បន្ថយអត្រាឈឺធ្ងន់ និងស្លាប់។ 
 

ក្រុមទ្រទ្រង់សុខភាពភូមិ ចុះបង្រៀនពីការថែទាំសុខភាពអនាម័យ ដល់់កុមារ។ រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ

ក្រុមទ្រទ្រង់សុខភាពដែលបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់ហើយ ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំនួនពីរគឺ   កុមារមានជំងឺកង្វះអាហារូបត្ថម្ភ និងការស្វែងយល់អំពីសារៈប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។​ ជាមួយគ្នានេះ ក្រុមទ្រទ្រង់សុខភាពភូមិបានពិនិត្យ កម្រិតអាហារូបត្ថម្ភលើកុមារចំនួន ២៨០០នាក់ ដោយក្នុងនោះរកឃើញកុមារដែលមានកង្វះអាហារូបត្ថម្ភចំនួន១៦០នាក់។​  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមន្ទីរពេទ្យកុមារអង្គរ ដោយបានបញ្ជាក់ថាក្រោយពីររបានកឃើញកុមារមានជំងឺកង្វះអាហារូបត្ថម្ភហើយក្រុមការងារសុខភាពសហគមន៍បានផ្តល់ការព្យាបាលលើកុមារទាំងនោះភ្លាមៗតែម្តង។
 
​មន្ទីរពេទ្យកុមារអង្គរ​តែងយកចិត្តទុកដាក់ទៅលើ មណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់ ព្រោះមណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់មានកម្រិតនៅឡើយ និងមានមន្ទីរពេទ្យបង្អែកតែមួយប៉ុណ្ណោះ។បញ្ហានេះមានន័យថា កុមារដែលមានជំងឺភាគច្រើនត្រូវធ្វើដំណើរមកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ ៥០គីឡូម៉ែត្រ ដើម្បីស្វែងរកសេវាពិនិត្យព្យាបាលឯកទេស។ ការស្ទាបស្ទង់មតិលើស្ថានភាពគ្រួសារបង្ហាញចំនួនពិន្ទុត្រឹមតែ ១៩.៩ភាគរយ។ ទិន្នន័យនេះបង្ហាញពីតម្រូវការបន្ថែម លើចំណេះដឹងសុខភាព អនាម័យថ្នាក់មូលដ្ឋាន និងជាពិសេស គឺទម្លាប់ការថែទាំសុខភាព។
 
បញ្ហាខាងលើនេះត្រូវបានមន្ទីរពេទ្យកុមារអង្គរដែលជាអង្គការក្រៅរដ្ឋាភិបាលជួយគាំទ្រ ​និងផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំប្រកបដោយគុណភាពខ្ពស់ ចាប់តាំងពីឆ្នាំ១៩៩៣មក។ មកទល់បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ ព្យាបាល និងថែទាំកុមារដោយឥតកម្រៃបានចំនួន២,៥លានករណីនៅទូទាំងប្រទេស។ ក្នុងនោះមាន៦ម៉ឺនករណី ស្ថិតនៅក្រោមគម្រោងកសាងសមត្ថភាពនិងសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com