ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ពលរដ្ឋឃុំត្រពាំងធំ សាទរដែលបញ្ហាគ្រឿងញៀនក្នុងឃុំស្ងប់ស្ងាត់ 29, Jan 2023 , 3:59 pm
×
ដោយ៖ ផន ចន្ទ្រា (យុជនឃុំត្រពាំងធំ)
ស្រុកទឹកឈូ, កំពត៖ ករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ មានភាពស្ងប់ស្ងាត់ នៅក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ។ ប្រជាពលរដ្ឋឃុំត្រពាំងធំ បានចូលរួមសាទរ និងត្រេកអរខ្លាំងដំណឹងនេះ និងបានសរសើរដល់ការខំប្រឹងប្រែងចុះតាមដាន និងបង្រ្កាបរបស់អាជ្ញាធរប៉ុស្តិ៍ជាបន្តបន្ទាប់។
អ្នកស្រី អ៊ុង សុខហៀង ជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំ បានអះអាងថា នៅក្នុងភូមិដែលខ្លួនរស់នៅ មិនមានលេចឮដំណឹងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះទេ។ ការណ៍ដែលបញ្ហាគ្រឿងញៀននេះស្ងប់ស្ងាត់ ត្រូវបានពលរដ្ឋរូបនេះ ផ្តល់តម្លៃទៅដល់ការចុះល្បាតរាល់ថ្ងៃរបស់កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ។ អ្នកស្រី អ៊ុង សុខហៀង លើកឡើងដូច្នេះ៖ «ចំណាត់ការរបស់មន្រ្តីប៉ុស្តិ៍ មានប្រសិទ្ធភាពហើយ រាល់ថ្ងៃហ្នឹង។ (ខ្ញុំ) សប្បាយចិត្តខ្លាំង ព្រោះភូមិមានសន្តិសុខប៉ុស្តិ៍ ល្បាតក្នុងភូមិ រៀងរាល់យប់»។
អ្នកស្រី អ៊ុង សុខហៀង ជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំ
ដ្បិតតែបញ្ហាគ្រឿងញៀន មានភាពស្ងប់ស្ងាត់ ប៉ុន្តែពលរដ្ឋរូបនេះ ហាក់នៅមានកង្វល់ចំពោះករណីក្មេងទំនើង ដែលមានសកម្មភាពនៅពេលយប់។ អ្នកស្រី អ៊ុង សុខហៀង សំណូមពរទៅកាន់អាជ្ញាធរ ឱ្យមានវិធានការបន្ថែមទៀត ក្នុងការលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងឃុំ។
ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀននេះ ពលរដ្ឋដែលរស់នៅក្នុងឃុំត្រពាំងធំម្នាក់ទៀត គឺលោក ឆាយ ផលគុណ ក៏សង្កេតឃើញថា មានភាពល្អប្រសើរដែរ។ «ឥឡូវឃើញមានវិធានការបង្រ្កាប! កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យច្រើន ហើយក៏គាត់ល្បាតគ្រប់ពេលវេលា។ អ៊ីចឹងអំពើទាំងអស់ហ្នឹង(គ្រឿងញៀន) វាគ្មានទៀតទេ»។ លោក ឆាយ ផលគុណ រៀបរាប់ដូច្នេះ រួចបន្តថា លោកមិនចង់ឃើញឡើងបញ្ហាគ្រឿងញៀន កើតមានឡើងនៅក្នុងឃុំ ព្រោះវាអាចបង្កឱ្យភូមិ ឃុំ មិនមានសុវត្ថិភាព និងពលរដ្ឋខ្លាចរអា ចំពោះការធ្វើដំណើរពេលយប់ជាដើម។ ពលរដ្ឋរូបនេះ នៅតែបន្តសំណូមពរឱ្យអាជ្ញាធរ បន្តសកម្មភាពល្បាតនៅពេលយប់ ឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងឃុំ កុំឱ្យមានវត្តមានឡើងវិញ។
លោក ឆាយ ផលគុណ ជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំ។
ឆ្លើយតបនឹងសំណូមពរនេះ លោក ពៅ ទូច មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងធំ បានអះអាងថា លោកគឺបានចាត់ចែងកម្លាំងក្នុងល្បាតចល័ត នៅតាមភូមិ ជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើល និងការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។
លោក ពៅ ទូច មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងធំ
ទន្ទឹមនឹងលោកមេប៉ុស្ដិ៍នគរបាលឃុំត្រពាំងធំ ក៏ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ករណីពាក់ព័ន្ធនឹងគ្រឿងញៀន មកកាន់អាជ្ញាធរផងដែរ ដើម្បីឱ្យការចុះបង្ក្រាបបានទាន់ពេល និងមានប្រសិទ្ធភាព៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
គ្រឿងញៀន
សេវាសាធារណៈ
រដ្ឋបាលឃុំ
ប៉ុស្តិ៍នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com