អាស៊ាន
អ៊ុយក្រែន ពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ
29, Jan 2023 , 6:29 pm        
រូបភាព
ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៨ ខែមករា លើកឡើងថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានពិភាក្សាគ្នាពន្លឿនដំណើរការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលចាំបាច់ដើម្បីការពារអ៊ុយក្រែនពីការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី។


ថ្មីៗនេះ អ៊ុយក្រែនទទួលបានជោគជ័យលើការស្នើសុំរថក្រោះប្រយុទ្ធរបស់លោកខាងលិច ហើយកំពុងស្វែងរកការផ្គត់ផ្គង់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងបន្តទៀតដើម្បីប្រឆាំងនឹងរុស្ស៊ីពីការឈ្លានពានជាបន្តបន្ទាប់មិនញញើតដៃ។ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃឌិន នៅថ្ងៃទី២៥ ខែមករា បានប្រកាសថានឹង​បញ្ជូន​រថក្រោះ M1 Abrams ៣១គ្រឿងទៅ​ឱ្យ​អ៊ុយក្រែន​ បន្ទាប់ពីការប្រកាសរបស់អាល្លឺម៉ង់ដែលថានឹងផ្ដល់រថក្រោះ Leopard ១៤គ្រឿង។ 
 
ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak នៅថ្ងៃទី២៨ ខែមករា បាននិយាយថា អ៊ុយក្រែន និងប្រទេសសម្ពន្ធមិត្តលោកខាងលិចកំពុងដំណើរការការពិភាក្សាពន្លឿនលទ្ធភាពផ្គត់ផ្គង់សព្វាវុធបន្ថែមទៅទីក្រុងកៀវ ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង។
 
«ដើម្បីកាត់បន្ថយអាវុធសំខាន់របស់កងទ័ពរុស្ស៊ី ដូចជាកាំភ្លើងធំដែលពួកគេប្រើសព្វថ្ងៃនេះនៅជួរមុខ យើងត្រូវការមីស៊ីលបំផ្លាញឃ្លាំងអាវុធរបស់ពួកគេ»។ ទីប្រឹក្សាប្រធានាធិបតី លោក Podolyak ប្រាប់បណ្ដាញទូរទស្សន៍ Freedom របស់អ៊ុយក្រែនបែបនេះ មុនបន្ថែមថានៅលើឧបទ្វីប Crimea ដែលកាន់កាប់ដោយរុស្ស៊ីមានឃ្លាំងកាំភ្លើងធំជាង១០០ ឯណោះ។ លើសពីនេះ លោកអះអាងថាការចរចាអំពីការផ្គត់ផ្គង់សព្វាវុធកំពុងដំណើរការទៅមុខយ៉ាងលឿន។ 
 
ដោយឡែក លោក ហ្សេលេនស្គី អះអាងក្នុងវីដេអូមួយផ្សេងមួយទៀតថា អ៊ុយក្រែនចង់ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុងជាទីប្រជុំជន។ អ៊ុយក្រែនត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបង្អាក់ឱកាសវាយប្រហាររបស់រុស្ស៊ី។ មេដឹកនាំអ៊ុយក្រែនលើកឡើងដូច្នេះដោយបញ្ជាក់ទៀតថាទីក្រុងកៀវត្រូវការមីស៊ីល ATACMS ដែលផលិតដោយអាម៉េរិក បាញ់បានចម្ងាយ ២៩៧គីឡូម៉ែត្រ។
 
លើសពីមីស៊ីលរយៈចម្ងាយឆ្ងាយ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuri Ihnat បញ្ជាក់ថា អ៊ុយក្រែន​ទើបតែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ចរចា​​ប៉ុណ្ណោះ ហើយទាក់ទិននឹងប្រភេទយន្តហោះ និងចំនួនក៏មិនទាន់ដឹងច្បាស់នៅឡើយ។ ម៉្យាងវិញទៀត អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រទេសសម្ពន្ធមិត្តមិនចូលចិត្តបង្ហាញការរំពឹងទុកជាសាធារណៈអំពីជំនួយយន្តហោះចម្បាំងឡើយ។ 
 
បើតាមទីប្រឹក្សារងសន្តិសុខជាតិអាម៉េរិក​ លោក Jon Finer អាម៉េរិកនឹងពិភាក្សាអំពីការផ្គត់ផ្គង់យន្តហោះចម្បាំងដោយប្រុងប្រយ័ត្នបំផុត ខណៈភាគីអាល្លឺម៉ង់បានច្រានចោលគំនិតនៃការបញ្ជូនយន្តហោះទៅអ៊ុយក្រែនរួចទៅហើយ។
 
រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនជាម្ចាស់ជំនួយដ៏ធំរបស់អ៊ុយក្រែនដែលបានផ្ដល់ទាំងជំនួយយោធា និងកញ្ចប់ថវិការមនុស្សធម៌។ ទោះយ៉ាងណា ប្រធានាធិបតីអាម៉េរិកបានសង្កត់ធ្ងន់ថា ការចាក់ស្រោចជំនួយបន្ថែមទៅអ៊ុយក្រែនមិនមែនមានន័យថាចង់ឱ្យសង្គ្រាមជាមួយរុស្ស៊ីកាន់តែរីកធំឡើងឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com