ជាតិ
សង្គមជាតិ
អង្គការរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារកម្ពុជាដែលបាត់បង់ការសិក្សាកម្រិតបឋម ចំនួន៦៣៨សាលា
29, Jan 2023 , 6:59 pm        
រូបភាព
អង្គការ អេដ អេ អាកស្យុង (Action Education) និងអង្គការទស្សនៈពិភពលោក (World Vision) បានសហការគ្នាដើម្បីផ្ដល់ឱកាសអប់រំដល់កុមារកម្ពុជាដែលបាត់បង់ការរៀនសូត្រនៅកម្រិតបឋមសិក្សា។ ការសហការវាងអង្គការទាំង២នេះ នឹងធ្វើឡើងនៅតាមសាលារៀនចំនួន៦៣៨ ដែលស្ថិតក្នុងខេត្តគោលដៅចំនួន១០ទូទាំងប្រទេស។
 
កិច្ចសហការរវាងអង្គការAction Education​ និងអង្គការWorld Vision គឺធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា និងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំ។ 
  


អង្គការទាំង២នេះ នឹងអនុវត្តកិច្ចសហការខ្លួនសាលាបឋមសិក្សាគោលដៅចំនួន៦៣៨ ក្នុងស្រុកចំនួន៣១ នៃខេត្តចំនួន១០។​ ក្នុងនោះមាន កំពង់​ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។ បើតាមអង្គការAction Education កិច្ចព្រមព្រៀងជាមួយWorld Vision ក្នុងការអនុវត្តគម្រោងខាងលើនេះ គឺមានរយៈពេល៣ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣ដល់ ឆ្នាំ២០២៥ ក្រោមទំហំទឹ​កប្រាក់ ៥លានដុល្លារអាម៉េរិក។ 
 
កិច្ចសហការនេះ នឹងគាំទ្រលើសកម្មភាព សាងសង់សាលារៀនស្តង់ដារថ្មីចំនួន៨ ចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសទទួលការអប់រំចំនួន១៥ ៩៥០នាក់។ ក្នុងនោះមាន៥០ភាគរយជាក្មេងស្រី នឹងទទួលបានជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សាចំនួន៩ពាន់កញ្ចប់ទៅដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំ​ជាង៥ពាន់នាក់ ផងដែរ៕
 

Tag:
 អង្គការអេដអេអាកស្យុង
 អង្គការទស្សនៈពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com