ជាតិ
យុវជនសកម្ម សេវាល្អ
​កោះកុង៖ អាជ្ញាធរឃុំកណ្តោល នៅតែតាមដានយ៉ាងមត់ចត់ ទោះបញ្ហាគ្រឿងញៀន​បានថមថយ​
29, Jan 2023 , 10:59 pm        
រូបភាព
ដោយ៖ ហេ អួញ (យុវជនឃុំកណ្តោល) 
 
ស្រុកបូទុមសាគរ, កោះកុង៖ បញ្ហាគ្រឿងញៀន និងករណីក្មេងទំនើង នៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ត្រូវបានអាជ្ញាធរឃុំកត់សម្គាល់ឃើញថា មានការថមថយចុះ នៅក្នុងអំឡុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ។ ទោះជាយ៉ាងនេះក្តី ប៉ុន្តែអាជ្ញាធរឃុំ មិនព្រងើយកន្តើយនោះឡើយ នៅក្នុងតាមដាន និងការចុះល្បាត ដើម្បីធានាថា បទល្មើសគ្រឿងញៀន និងបញ្ហាក្មេងទំនើង នឹងជ្រៀតចូលមកក្នុងឃុំវិញ។
លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន នៅតែជាកង្វល់របស់អាជ្ញាធរនៅក្នុងការតាមដាន និងទប់ស្កាត់ ហើយក៏ជាបញ្ហាដែលអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងផងដែរ។ លោក សុខ រចនា បន្ថែមថា បញ្ហាគ្រឿងញៀន គឺជារឿងដែលមានស្ថានភាពស្មុគស្មាញ និងទាមទារភាពច្បាស់លាស់លើការកំណត់មុខសញ្ញា  ហើយនេះកត្តាដែល​ធ្វើឱ្យការលុបបំបាត់បទល្មើសគ្រឿងមានការលំបាក សម្រាប់អាជ្ញាធរ។ 
 
«ខ្ញុំគិតទៅបញ្ហាដែលយើងពិបាកគ្រប់គ្រង គឺបទល្មើសគ្រឿងញៀន ដោយសារគឺយើងត្រូវការតាមដានមុខសញ្ញាច្បាស់លាស់ ឬរៀបចំជាបណ្តាញ នោះទើបយើងអាចឈានដល់ការបង្ក្រាបបាន។ អ៊ីចឹងបទល្មើសគ្រឿងញៀនគឺពិបាកក្នុងការបង្ក្រាប។ សម្រាប់ការបង្ក្រាបគឺទាមទារឱ្យច្បាស់លាស់ បើសិនជាយើងបង្ក្រាបទៅ យើងគ្រាន់តែសង្ស័យ យើងបង្ក្រាបទៅ ស្រាប់តែវាមិនមែនជាបទល្មើសគ្រឿងញៀន ឬក៏គាត់មិនបានជួញដូរ ឬក៏ប្រើប្រាស់ ហ្នឹងជាបញ្ហាដល់យើងវិញ»។  នេះជាការពន្យល់បន្ថែមរបស់ លោក សុខ រចនា ។
 
ទោះយ៉ាងនេះក្តី មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល នៅតែខិតខំតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ ព្រមទាំងរៀបចំនូវកម្លាំងក្នុងការយាមល្បាត នៅក្នុងភូមិសាស្ត្រឃុំ ទាំងយប់ទាំងថ្ងៃ ដោយសហការជាមួយកម្លាំងប្រជាការពារភូមិ។ គោលបំណងនៃការល្បាតនេះ គឺដើម្បីសង្កេតពីស្ថានភាពទូទៅនៅក្នុងឃុំ ជាពិសេសតាមដានសកម្មភាពនៃការលួចលាក់លេងល្បែងស៊ីសង បញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ និងក្នុងគោលបំណងទប់ស្កាត់បទល្មើសនានាផង។  នេះបើតាមលោក សុខ រចនា ដោយលោកបាន ឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅ អាជ្ញាធរឃុំកណ្តោលបានបង្ក្រាបបទល្មើលគ្រឿងញៀន តែ១ករណីប៉ុណ្ណោះកាលពីឆ្នាំ២០២២ ដែលចំនួននេះ ថយចុះជាងឆ្នាំ២០២១ដែលមានបទល្មើសគ្រឿងញៀន ៣ករណី ត្រូវបានបង្ក្រាប​។  
 
លោក សុខ រចនា មេប៉ុស្តិ៍នគរបាលឃុំកណ្ដោល ពន្យល់ថាមូលហេតុនៃការថយចុះនៃបទល្មើសគ្រឿងញៀននេះ គឺមកពីអាជ្ញាធរបានបង្រ្កាប​ជាបន្តបន្ទាប់ ស្របពេលដែលប្រជាពលរដ្ឋមានការយល់ដឹង ពីបញ្ហាប្រឈមដែលបង្កដោយគ្រឿងញៀន។ ជាមួយគ្នានេះ អាជ្ញាធរឃុំ ក៏នៅតែបន្ត​ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងក្មេងទំនើង ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេបានយល់ដឹង​និងជួយណែនាំកូនៗ កុំឱ្យពួកគេលង់ខ្លួនតាមការអូសទាញ របស់ជនល្មើសផងដែរ៕
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com