ជាតិ
រដ្ឋាភិបាល និងNGO នឹងពិភាក្សាលើច្បាប់លំហែមាតុភាពស្ត្រីឱ្យបាន៦ខែ ដើម្បីចូលរួមកាត់បន្ថយកុមារខ្វះអាហារូបត្ថម្ភ
30, Jan 2023 , 9:29 am        
រូបភាព
ដោយ:
ដើម្បីកាត់បន្ថយកុំឱ្យកុមារមានបញ្ហាប្រឈមកង្វះអាហារូបត្ថម្ភ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ កំពុងតស៊ូមតិស្វែងរកគំនិតរួមមួយ ក្នុងការធ្វើច្បាប់លំហែមាតុភាពដល់ស្រ្តីមានផ្ទៃពោះក្នុងរយៈពេល៦ខែ។ នេះបើតាមលោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា។
 
បច្ចុប្បន្នអង្គការ ហេឡែន ខេលល័រ​ សង្កេតឃើញស្រ្តីធ្វើការរោងចក្រជាច្រើននាក់ និងស្រ្តីធ្វើការតាមស្ថាប័នផ្សេងៗទៀត ពុំសូវមានពេលវេលាក្នុងការបំបៅកូនដោយទឹកដោះម្ដាយ តាមគោលការណ៍របស់ក្រសួងសុខាភិបាលកំណត់ឡើយ ព្រោះត្រូវទៅបំពេញការងាររៀងៗខ្លួន។
 
បើតាមលោក ហ៊ូ ក្រើន  នាថ្ងៃទី៣១មករា ឆ្នាំ២០២៣ រដ្ឋាភិបាល នឹងរៀបចំសិក្ខាសិលាថ្នាក់ជាតិមួយ ធ្វើនៅរាជធានីភ្នំពេញដើម្បីពិភាក្សាគ្នា ក្នុងការធ្វើច្បាប់លំហែមាតុភាពសម្រាប់ស្រ្តីមានផ្ទៃពោះដែលសម្រាលកូនរួច បានឈប់សម្រាកក្នុងរយៈពេល៦ខែ។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅសិក្ខាសិលាណែនាំគម្រោង «ព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ» កាលថ្ងៃទី២៧ ខែមករា លោកបានបញ្ជាក់ថា៖« ការធ្វើបែបនេះ គឺដើម្បីឱ្យម្តាយមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែ និងបំបៅកូនដោយទឹកដោះពីអាយុសូន្យទៅដល់ ៦ខែ ក្នុងគោលដៅចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា»។
 
អ្នកជំនាញសុខភាពទារក និងកុមាររូបពីអង្គការ អង្គការ ហេឡែន ខេលល័រ​ បន្តពន្យល់ថា​ ក្នុងករណីម្ដាយមិនបានអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយ និងផ្ដល់អាហារដែលមានជីវជាតិដូចជា សាច់ ត្រី បន្លែ និងអាហារបំប៉នបន្ថែមឱ្យកូនបានគ្រប់គ្រាន់នៅចន្លោះពី ៦ខែ ទៅ ២ឆ្នាំនោះទេ គឺអាចធ្វើឱ្យកុមារមានបញ្ហាប្រឈមក្នុងការខ្វះអាហារូបត្ថម្ភ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ការព្យាបាល និងផ្ដល់អាហារូបត្ថម្ភដល់កុមារនេះ មានសារសំខាន់ណាស់ ព្រោះជួយកាត់បន្ថយចំនួនកុមារខ្វះអាហារូបត្ថម្ភ។ ម្យ៉ាងទៀត ធ្វើឱ្យកុមារមានសុខភាពផ្នែករាងកាយ និងស្មារតីបានល្អ​ ហើយការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក៏មានភាពល្អប្រសើរ ផងដែរ»។
 
កន្លងមក រដ្ឋាភិបាលបានដាក់គោលដៅបង្កើនការបំបៅកូនដោយទឹកដោះម្ដាយចាប់ពីកុមារសូន្យអាយុដល់ ៦ខែ ឱ្យបាន៨០ភាគរយនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែសព្វថ្ងៃការអនុវត្តជាក់ស្ដែង បានតែ ៥១ភាគរយប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក​ ហ៊ូ ក្រើន ដោយបន្តនិយាយថា៖ «ត្រង់ចំណុចំណុចនេះ គឺនៅខ្វះខាតច្រើន ជាពិសេសចំពោះស្រ្តីរោងចក្រដែលពួកគេទៅធ្វើការ និងស្រ្តីដែលកំពុងបំពេញការងារផ្សេងទៀត»។ 
 
យោងតាមរបាយការណ៍បឋមរបស់អង្គការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា កុមារប្រមាណ៥ម៉ឺននាក់ នៅកម្ពុជា បានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ(SAM) មិនបានព្យាបាល ដោយបន្ថែមបន្ទុកនៃជំងឺ និងការស្លាប់នៅក្នុងចំនួនប្រជាជនអាយុក្រោម ៥ឆ្នាំ និងបណ្ដាលឱ្យការលូតលាស់របស់កុមារនៅមានកម្រិតផងដែរ។ ក្នុងឆ្នាំ២០២១-២០២២ កុមារស្គមស្គាំងនៅកម្ពុជាប្រមាណ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានទទួលការព្យាបាល៕
 

Tag:
 NGO
© រក្សាសិទ្ធិដោយ thmeythmey.com