កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ថា Napoli ឈ្នះពាន Serie A បាត់ទៅហើយ
29, Jan 2023 , 9:29 am        
រូបភាព
លោក Jose Mourinho អ្នកចាត់ការក្រុម AS Roma មើលឃើញថាក្រុម Napoli ក្លាយជាជើងឯក Serie A រដូវកាល២០២២-២៣​ ទៅហើយ។ អ្នកចាត់ការរហស្សនាម Special One អះអាងដូច្នេះ​មុនជំនួបរវាង Roma ទល់ក្រុមកំពូលតារាង Napoli ក្នុងការប្រកួតលីគកំពូលអ៊ីតាលីនៅយប់ថ្ងៃទី២៩ ខែមករា។


Napoli ដែលដឹកនាំដោយអ្នកចាត់ការ Luciano Spalletti បង្ហាញទម្រង់ប្រកួតលេចធ្លោរដូវកាលនេះ ដោយឈរនៅកំពូលតារាង Serie A នាំមុខដាច់១០ពិន្ទុ និងសល់មួយប្រកួតក្នុងដៃថែមទៀត។
 
ដោយមើលឃើញពីគុណភាពកីឡាករ និងភាពខ្លាំងរបស់ក្រុមកំពូលតារាងអ៊ីតាលីមួយនេះ លោក Mourinho អ្នកចាត់ការក្រុម Roma ហ៊ាននិយាយថា Napoli លើកពាន Serie A បាត់ទៅហើយ ទោះការប្រកួតរដូវកាលនេះទើបបានពាក់កណ្តាលផ្លូវក្តី។
 
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៨ ខែមករាថា៖«ខ្ញុំនិយាយថា Napoli បានឈ្នះពានលីគកំពូលអ៊ីតាលីរួចទៅហើយ ដូច្នេះខ្ញុំសូមអបអរសាទរពួកគេ។ ពួកគេគឺជាក្រុមដ៏ល្អ និងមានគ្រូបង្វឹកដ៏អស្ចារ្យ។ នាំមុខ១២ពិន្ទុ និង១ប្រកួតក្នុងដៃ គ្នាននរណាអាចបំភ័យ និងដណ្តើមពានពីពួកគេបានទេ»។
 
ការអះអាងរបស់លោក Mourinho នេះ ធ្វើឡើងនៅមុនប្រកួតរវាង Roma និង Napoli សម្រាប់ជំនួបលីគសប្តាហ៍ទី២០របស់ពូកគេ។ អតីតអ្នកចាត់ការ Manchester United, Real Madrid និង Chelsea បន្ថែមថាបើទោះជំនួបនេះក្រុមលោកឈ្នះក្តី ក៏មិនអាចរារាំង Napoli ក្នុងលើកពានលីគកំពូលអ៊ីតាលីរដូវកាលនេះបានដែរ។
 
ក្រោយឆ្លងកាត់១៩ប្រកួត Napoli​ រកបាន៥០ពិន្ទុ នាំមុខក្រុមលេខ២ Inter Milan ដែលប្រកួត២០លើក ចំនួន១០ពិន្ទុ។ ម្ចាស់ការពារតំណែងជើងឯក AC Milan ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៣៨ពិន្ទុ ពីការប្រកួត១៩លើក។
 
ដោយឡែក Roma សព្វថ្ងៃឈរនៅចំណាត់ថ្នាក់ទី៦បណ្តោះអាសន្ន ដោយរកបាន៣៧ពិន្ទុ ពីការប្រកួត១៩លើក៕
 

Tag:
 Serie A
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com