ជាតិ
ទន្សោងញីមួយក្បាលនៅព្រៃសង្ឃសហគមន៍រុក្ខាវ័នបានងាប់ 29, Jan 2023 , 5:15 pm
រូបភាពពីហ្វេសប៊ុកព្រៃសង្ឃសហគមន៍រុក្ខាវ័ន
× សត្វទន្សោងញីមួយក្បាល ដែលត្រូវបានជួយសង្រ្គោះនៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានងាប់ហើយនៅម៉ោង៣យប់ ថ្ងៃទី២៩ ខែមករានេះ។
សត្វទន្សោងញីមួយក្បាលនេះ ត្រូវបានពលរដ្ឋប្រទះឃើញមានរបួសផ្នែកជើងខាងមុខទាំងសងខាងដោយសារជាប់អន្ទាក់ កាលពីថ្ងៃទី២២ ខែមករា ហើយបានបញ្ជូនមកព្យាបាលជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរខ្លាំង មិនអាចសង្រ្គោះ ទន្សោងដ៏កំសត់នោះក៏បានងាប់នៅយប់ថ្ងៃទី២៩ ខែមករា។
បើតាមការចុះផ្សាយរបស់លើហ្វេសប៊ុកព្រៃសង្ឃសហគមន៍រុក្ខាវ័ន សត្វទន្សោងញីដែលបានងាប់នោះ មានទម្ងន់១៥០គីឡូក្រាម មានអាយុ២ឆ្នាំ ត្រូវបានជាប់អន្ទាក់ចំនួន២ គឺអន្ទាក់ខ្សែគោ និងអន្ទាក់ខ្សែកាប នៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី ៣០២៥៤ហិកតានេះ បានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នកាលឆ្នាំ២០១៨ ដោយសារមានការតស៊ូការពារតាំងពីឆ្នាំ២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ។ ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
Tag:
សត្វទន្សោង
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com