អន្តរជាតិ
កូរ៉េខាងជើង ថា ការប្ដេជ្ញាចិត្តបញ្ជូនរថក្រោះទៅអ៊ុយក្រែនរបស់អាម៉េរិក ជាឧក្រិដ្ឋកម្មអសីលធម៌
30, Jan 2023 , 9:59 am        
រូបភាព
កូរ៉េ​ខាងជើង​នៅថ្ងៃទី២៩ ខែមករា ​បាន​រិះគន់​ជាលើកទី២ ក្រោយអាម៉េរិកប្រកាសផ្ដល់ជំនួយរថក្រោះទៅ​ឱ្យ​អ៊ុយក្រែន មិនទាន់បានមួយសប្ដាហ៍ផង។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​បែបនេះរបស់អាម៉េរិក ​ហើយ​បានហៅ​ថា​ជា​​ឧក្រិដ្ឋកម្ម​អ​សីលធម៌​ ក្នុង​គោលបំណង​ធ្វើឱ្យកើនឡើងអស្ថេរភាពក្នុងពិភពលោក។
 
អាម៉េរិកដែលបានចាក់ស្រោចជំនួយយោធាជាហូរហែទៅឱ្យអ៊ុយក្រែន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានប្រកាសពីការអនុម័តបញ្ជូនជំនួយថ្មីជារថក្រោះប្រយុទ្ធ M1 Abrams ៣១គ្រឿងទៅ​ឱ្យ​អ៊ុយក្រែន។ ជាការឆ្លើយតប ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន គឺលោកស្រី គីម យ៉ូចុង នៅថ្ងៃទី២៨មករា បានចោទទីក្រុងវ៉ាស៊ីនតោនថា ឆ្លងកាត់ខ្សែបន្ទាត់ក្រហមកាន់តែខ្លាំងដោយប្រើប្រាស់អ៊ុយក្រែនធ្វើសង្រ្គាមជាមួយរុស្ស៊ី។
 
ស្របគ្នានេះ សេចក្ដីថ្លែងការណ៍របស់មន្ត្រីទទួលបន្ទុកកិច្ចការអាម៉េរិកនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Kwon Chung-keun បានរិះគន់ការសម្រេចចិត្តបញ្ជូនរថក្រោះរបស់អាម៉េរិក ថាជាឧក្រិដ្ឋកម្មអសីលធម៌ថែមទៀត។ នេះបើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ KCNA។
 
«អាម៉េរិកកំពុងខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់អាវុធដូចជា រថក្រោះប្រយុទ្ធ ដល់អ៊ុយក្រែនដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភ និងការរិះគន់របស់សហគមន៍អន្តរជាតិ។ នេះ​ជា​ឧក្រិដ្ឋកម្ម​អសីលធម៌​ដែល​មាន​បំណង​ធ្វើឱ្យស្ថានការណ៍​អន្តរជាតិ​មិន​ស្ថិតស្ថេរ»។ លោក Kwon លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ដដែល។
 
ប្រធានមន្ត្រីទទួលបន្ទុកកិច្ចការអាម៉េរិកនៃក្រសួងការបរទេសកូរ៉េខាងជើងរូបនេះ ក៏បានឆ្លើយតបការចោទរបស់ទីក្រុងវ៉ាស៊ីនតោន ដែលថាកូរ៉េខាងជើងបានផ្តល់អាវុធឱ្យរុស្ស៊ី ថាជាជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពផ្ដល់ជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែន ប៉ុណ្ណោះ។
 
កាលពីខែធ្នូ ឆ្នាំ២០២២ សេតវិមានបានអះអាងថា កូរ៉េខាងជើងបានបញ្ជូនអាវុធលើកដំបូងបង្អស់ទៅរុស្ស៊ីរួចហើយ ដែលជាគ្រាប់កាំភ្លើងធំ និងគ្រាប់រំសេវជាច្រើនប្រភេទតាមក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី Wagner Group ដើម្បីគាំទ្រកងទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន។ 
 
នេះមិនមែនជាលើកដំបូងឡើយដែលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនរិះគន់គ្នាទៅវិញទៅមកចំពោះជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
 
គួរបញ្ជាក់ថា កូរ៉េ​ខាង​ជើង​ដែលប្ដេជ្ញាឈរលើជំហរដូចគ្នាជាមួយរុស្ស៊ីប្រឆាំងនឹងអាម៉េរិកបានសម្ញែងឥទ្ធិពលយោធាយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ កន្លងទៅ។ ​ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលសាកល្បងជាច្រើនគ្រាប់ក្នុង​ចំនួន​មិន​ធ្លាប់​មាន​ រួម​ទាំងសាកល្បង​បាញ់មីស៊ីល​អន្តរទ្វីប (ICBMs) ដែល​មានសមត្ថភាពអាច​បាញ់​ដល់​ដីគោក​អាម៉េរិកទៀតផង។ អាម៉េរិក និងកូរ៉េខាងត្បូងក៏បារម្ភផងដែរ ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់កូរ៉េខាងជើងដែលអាចនឹងរៀបចំជាថ្មីនាពេលណាមួយ ខណៈប្រទេសកុម្មុនីស្តមួយនេះមិនបានធ្វើតាំងពីឆ្នាំ ២០១៧មក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com