កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup ៖ កីឡាករជប៉ុន Mitoma ស៊ុតចុងម៉ោង ជួយឱ្យ Brighton ទម្លាក់ម្ចាស់ការពារជើងឯក ​Liverpool
30, Jan 2023 , 10:34 am        
រូបភាព
ក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool បានធ្លាក់ចេញពីការប្រកួតនៃពានរង្វាន់​ FA Cup បន្ទាប់ពីត្រូវបានក្រុម ​Brighton & Hove Albion បំបាក់ក្នុងលទ្ធផល ២-១ ដែលជាជំនួបជុំទី៤ រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Kaoru Mitoma បង្ហាញទម្រង់លេងដ៏អស្ចារ្យស៊ុតគ្រាប់បាល់ទី២ ចុងម៉ោង ឱ្យក្រុម ​Brighton  ។


Liverpool រងបរាជ័យយ៉ាងអាម៉ាស់សារជាថ្មីម្តងទៀត សម្រាប់ការប្រកួតក្នុងរដូវកាល ២០២២-២៣ នេះ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីពានរង្វាន់ EFL Cup ហើយពេលនេះត្រូវបានធ្លាក់ចេញពីពានរង្វាន់ FA Cup មួយទៀត ដែលសុទ្ធសឹងតែជាពានរង្វាន់ របស់ក្រុមរហ័សនាមហង្សក្រហមមួយនេះ បានឈ្នះនារដូវកាលមុន។ 
 
នេះជាបរាជ័យលើកទីពីរហើយសម្រាប់ Liverpool ក្រោមថ្វីជើង Brighton ក្នុងខែមករា ឆ្នាំ ២០២៣ នេះ ។ នាជំនួបកាលពីថ្ងៃទី១៤ ខែមករា កន្លងមក ក្រុមការពារតំណែងជើងឯកមួយនេះបាន ចាញ់ក្រុម ​Brighton ក្នុងលទ្ធផល ៣-០ ម្តងរួចមកហើយ។ 
 
រដូវកាល ២០២២-២៣ ហង្សក្រហម ហាក់មិនសូវធ្វើបានល្អឡើយ ខណៈកីឡាករជួបបញ្ហាទម្រង់លេង និងរបួសជាខ្លាំង ។ បច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ៩ នៃ ​​​​​Premier League។
នាការប្រកួតនោះ ក្រុម ​Liverpool អាចស៊ុតគ្រាប់បាល់នាំមុខមុន តាំងពីនាទី៣០ ដោយកីឡាករវ័យក្មេង Harvey Elliott ។ ប៉ុន្តែការប្រកួតបានប្រែក្លាយជាតានតឹងទៅវិញ បន្ទាប់ពីកីឡាករ ​Lewis Dunk អាចស៊ុតតាមស្មើមកវិ​ញឱ្យក្រុម Brighton ត្រឹមនាទី៣៩។ 
 
ការប្រកួតក្នុងវគ្គទីពីរគ្មានការប្រែប្រួលគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា រហូតទាល់តែ Mitoma អាចស្វែងរកគ្រាប់បាល់ទីពីរសម្រាប់ Brighton នៅនាទី៩២ ដោយការទប់បាល់លើអាកាសនិងស៊ុតបញ្ចូលទីដ៏អស្ចារ្យ។ 
 
ដោយឡែកក្រុមផ្សេងទៀតដែលឡើងទៅកាន់ជុំទី៥ បន្តទៀតនេះ ក៏មានក្រុមស្ថិតនៅក្របខណ្ឌ Championship ដូចជាក្រុម Stoke City ក្រោយយកឈ្នះលើក្រុមនៅលីគលំដាប់ទី៤ Stevenage លទ្ធផល ៣-១៕
 

Tag:
 FA Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com