ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបង្ក្រាបករណីលេងល្បែងស៊ីសង៦ករណីក្នុងឆ្នាំ២០២២
30, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ ចាន់ រដ្ឋា និងហេ អួញ (យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖ ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរឃុំកណ្តោល នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានចុះបង្ក្រាប ករណីលេងល្បែងស៊ីសង បានចំនួន៦ ករណី។ ជុំវិញការបង្ក្រាបនេះ អាជ្ញាធរបានអប់រំ ណែនាំ និងឱ្យអ្នកពាក់ព័ន្ធនឹងសកម្មភាពលេងល្បែងស៊ីសងនេះ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងបន្តទៀត។ នេះបើតាមការអះអាងរបស់លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល។
 
«ពាក់ព័ន្ធនឹងល្បែងបៀរ ហើយក៏ដូចជាល្បែងឡូតូស្របច្បាប់។ យើងក៏ធ្លាប់បានចុះទៅណែនាំ ហើយឈប់ឱ្យពួកគាត់បន្តលេងល្បែងអស់ហ្នឹងទៀត។​ ចំណាត់ការរបស់យើង ជំហ៊ានដំបូង គឺយើងណែនាំពួកគាត់ ធ្វើកិច្ចសន្យា អប់រំ។ ជំហ៊ានទី២ ក្នុងករណីប្រសិនពួកគាត់ នៅតែមិនរាងចាល យើងអនុវត្តតាមច្បាប់។ មានការដាក់ទោសទណ្ឌគាត់»។ លោក សុខ រចនា បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថាបច្ចុប្បន្នសកម្មភាពលេងល្បែងស៊ីសង លែងក្លាយជាបញ្ហាសម្រាប់អាជ្ញាធរទៀតហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តល្បាត និងពង្រឹងកិច្ចសហការជាមួយនឹងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងប្រជាការពារភូមិនីមួយៗ ដើម្បីតាមដាន និងធានាថាសកម្មភាពលួចលាក់លេងល្បែងស៊ីសងនៅក្នុងឃុំ ត្រូវបានលុបបំបាត់ទាំងស្រុង​។
 
សម្រាប់លោក សុខ រចនា ការលុបបំបាត់ការលេងល្បែងស៊ីសង ក៏បានចូលរួមចំណែកមួយផ្នែក នៅក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារដែរ ខណៈមូលហេតុនៃហិង្សាក្នុងគ្រួសារកន្លងមក ក៏មានពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ខាងលើដែរ។ «ការលេងល្បែងស៊ីសង ជះឥទ្ធិពលដូចជាអាចកើតមានហិង្សាក្នុងគ្រួសារ ដោយសារតែលេងទៅ មានតែខាតបង់ទ្រព្យសម្បត្តិ។ អ៊ីចឹងវាអាចទៅជម្លោះក្នុងគ្រួសារ អាចបង្កទៅជាហិង្សា»។
 

លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។​
 
ជុំវិញការលុបបំបាត់ករណីលេងល្បែងស៊ីសងនៅក្នុងឃុំនេះ លោក សុខ រចនា បាន​តាំងចិត្តបង្ក្រាបជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងលោក ក៏បន្តទទូចសុំដល់អ្នកដែល​ធ្លាប់លេងកន្លងមក បញ្ឈប់ឱ្យបាននូវសកម្មភាពលេងល្បែងស៊ីសងនេះ​ ដើម្បីចៀសវាងការខាតបង់ថវិកា និងចូលរួម​កាត់បន្ថយហិង្សាក្នុងគ្រួសារផងដែរ​​។  លោក សុខ រចនា បញ្ជាក់ដូច្នេះ៖ «ខំប្រឹងប្រែងបង្ក្រាបជារៀងរាល់ថ្ងៃ ឱ្យតែបទល្មើសល្បែងស៊ីសង មិនថាលក្ខណៈលេងតូចតាច ឬមួយក៏ធំដុំទេ។ ក៏ប៉ុន្តែយើងមានករណីលើកលែង ដែលយើងអនុញ្ញាតឱ្យគាត់លេង ដូចជាការកំដរបុណ្យសព។ (ករណី)ហ្នឹងយើងពិបាកនឹងហាមគាត់ណាស់ បើសិនជាគាត់មិនលេង គាត់ងងុយដេក។ អ៊ីចឹងអត់មានអ្នកកំដរបុណ្យសព ក៏ប៉ុន្តែយើងក៏មិនអាចឱ្យគាត់លេងជាលក្ខណៈធំដុំដែរ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ល្បែងស៊ីសង
  សុខ រចនា
© រក្សាសិទ្ធិដោយ thmeythmey.com