ជាតិ
បក្សកាន់អំណាច ដាក់គោលនយោបាយ «ពង្រាយអ្នកបច្ចេកទេសកសិកម្ម តាមភូមិ-ឃុំ»
30, Jan 2023 , 4:49 pm        
រូបភាព
 រូបពី SPM
រូបពី SPM
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ ពង្រាយអ្នកបច្ចេកទេសកសិកម្ម តាមភូមិ-ឃុំ  ប្រសិនបើ បក្សរបស់ខ្លួន ឈ្នះឆ្នោត បន្តដឹកនាំប្រទេស នៅអាណត្តិទី៧។
 
លោក សុខ ឥសាន បានលើកឡើងថា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដោះស្រាយបញ្ហាកសិកម្ម ដែលប្រឈមខ្លាំងបំផុតនោះគឺ បញ្ហាទីផ្សារ និងកង្វះខាតបច្ចេកទេសចិញ្ចឹម-ដាំដុះ និងការកែច្នៃផលិតកម្ម។
 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបពី យគក / CYCPP
 
ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នឹងដាក់ប្រភពទុនរាប់លានដុល្លារ ដើម្បីប្រមូលទិញកសិផលមួយចំនួនពីកសិករ និងណែនាំឱ្យមានការចងក្រងជាសមាគមកសិកម្ម ដើម្បីគាំពារតម្លៃ ដែលត្រូវឈ្មួញកណ្ដាលបន្ទាប់។ មិនតែប៉ុណ្ណោះ បក្សកាន់អំណាចមួយនេះ មានគោលជំហរ ពង្រាយអ្នកបច្ចេកទេសកសិកម្ម តាមភូមិ-ឃុំ ឬ តំបន់សក្ដានុពលកសិកម្ម មួយចំនួន ដើម្បីផ្ដល់ការណែនាំផ្ទាល់ ដល់កសិករ ក្នុងទិសដៅ ធ្វើយ៉ាងណា ឱ្យផលិតកសិកម្មរបស់កម្ពុជា មានស្ដង់ដារ ដែលអាចនាំចេញទៅបរទេសបាន។ 
 
លោក សុខ ឥសាន ថ្លែងដូច្នេះ៖«យើងផ្ដោតសំខាន់ ទៅលើតួរនាទីរបស់កសិករ ដើម្បីកែច្នែផលិតកម្ម កសិកម្ម របស់យើង កុំឱ្យនៅរបៀបអភិរក្សនិយម ច្រើនឆ្នាំតទៅទៀត។ អ៊ីចឹង យើងខិតខំបណ្ដុះបណ្ដាលអ្នកបច្ចេកទេស ដើម្បីដាក់តាមភូមិឃុំ ទូទាំងប្រទេស ដែលអាចណែនាំដល់បងប្អូន (ពលរដ្ឋ) អំពីបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ។ វាកើតចេញជាស្ដង់ដារបាន យើងអាចនាំកសិផលរបស់យើងទៅក្រៅបាន»។
 
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ម្នាក់ទៀត លោក សួស យ៉ារ៉ា បានបន្ថែមថា គោលនយោបាយថ្មី របស់បក្សប្រជាជននេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់និស្សិត ដែលសិក្សាជំនាញកសិកម្ម ព្រោះ រាល់ការងារកសិកម្ម ត្រូវធ្វើតាមភូមិសាស្រ្ត នៃការរស់នៅរបស់ពលរដ្ឋ។ កម្ពុជា ត្រូវការធន់ធានមនុស្សយ៉ាងច្រើន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម ស្របនិយមន័យ «ពីប្រទេសកសិកម្ម ទៅជាប្រទេស កសិ-ពាណិជ្ជកម្ម»។
 

លោក សួស យ៉ារ៉ា អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ។ រូបពី ក្រសួងព័ត៌មាន
 
លោកថ្លែងដូច្នេះ៖« ពីមុនការផលិត យើងផលិតគ្រាន់តែហូបខ្លួនឯងទេ តែឥឡូវ យើងផលិតដើម្បីនាំចេញ។ ពាក្យថា កសិពាណិជ្ជកម្មនេះ គឺមហិច្ឆតារបស់យើង។ អ៊ីចឹង ធន់ធានទាំងអស់ នឹងត្រូវប្រើទៅតាមជំនាញ និងភូមិសាស្រ្ត របស់ខ្លួន ដើម្បីបម្រើដល់ប្រយោជន៍ប្រជាជន នៅតាមតំបន់នីមួយៗ និងផ្គត់ផ្គង់ទីផ្សារ ដែលមានតម្រូវការពិតប្រាកដ»។ 
 
គោលនយោបាយនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត គាំទ្រនៅពេលនេះ។ លោក អួន ស៊ីឡុត ជឿជាក់ថា ការបញ្ជ្រាបអ្នកជំនាញកសិកម្ម តាមភូមិ-ឃុំ នឹងជួយកសិករឱ្យយល់ដឹងពីបច្ចេកទេស និងរបៀបប្រើប្រាស់ជី ថ្នាំគីមី ឱ្យបានសមស្រប ដែលផ្នែកមួយកាត់បន្ថយថ្លៃចំណាយ។ ម្យ៉ាងទៀត វាបានផ្ដល់ឱកាសការងារដល់និស្សិតដែលសិក្សជំនាញកសិកម្ម។
 
លោក អួន ស៊ីឡុត ចង់ឃើញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមយន្តការស្វែងរកទីផ្សារកសិផលដោយស្ថិរភាព និងលុបបំបាត់របាំងពាណិជ្ជកម្មកសិផល។ លោក អួន ស៊ីឡុត ប្រាប់ដូច្នេះ៖« អ្នកបច្ចេកទេស គាត់ជំនាញជាងកសិករ។ អ៊ីចឹង គាត់នឹងបង្រៀនកសិករ ពីរបៀបប្រើប្រាស់ជី ថ្នាំ ឱ្យបានត្រឹមត្រូវ និងសន្សំសំចៃ។ នេះជាអ្វីដែលសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់សំណូមពរទៅកាន់រដ្ឋមន្រ្តីក្រសួងកសិកម្មកន្លងមក។ មួយវិញទៀត ប្រសិនបើ អនុវត្តបានមែននោះ ខ្ញុំគិតថា និស្សិតកសិកម្ម គាត់មានការងារធ្វើកាន់តែច្រើន»៕ 
 

 លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា 
 
 

Tag:
 គណបក្សប្រជាជនកម្ពុជា
  កសិកម្ម
  កសិពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com